រាធានីភ្នំពេញ៖ នារសៀលថ្ងៃ ពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ាអុន ម៉ាអូណាត ប្រធានគ្រប់គ្រងគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ឌីជីថល និងនាវានុវត្តន៍ដើម្បីសេវាសាធារណៈកាន់តែប្រសើរឡើង» តាមរយៈការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម នៅសណ្ឋាគារសាន់វេ ភ្នំពេញ ដែលបានសហការរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការទស្សនៈពិភពលោក (WVI) ដោយមានសមាសភាពអញ្ជើញចូលរួមមកពី តំណាងសហគមន៍អឺរ៉ុប (EU) តំណាងស្ថានទូតអូស្រ្តាលី ផ្នែកការបរទេស និងពាណិជ្ជកម្ម (DFAT) ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) តំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNICEF) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ-កម្ពុជា (UNDP) តំណាងអង្គការអន្តរជាតិរួមមាន៖ CARE, Save the Children, GIZ, PACT, BBC Media Action, iDE តំណាងអង្គការដៃគូអនុវត្ត FHI360, API, RACHA, Star Kampuchea និងអ្នកពាក់ព័ន្ធនានាប្រមាណជា ៧០រូប។
សិក្ខាសាលានេះ មានគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយ ការចូលរួម តាមដានត្រួតពិនិត្យ ពីប្រជាពលរដ្ឋឱ្យបានទូលំទូលាយ មានលក្ខណៈងាយស្រួល ចំណេញពេលវេលា ថវិកា តាមរយៈការបង្កើនការផ្សព្វផ្សាយទាំងបែបប្រពៃណី និងបែបទំនើប ដោយការបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)។
ដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម ដោយប្រើប្រាស់នូវបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) លោក ម៉ាអុន ម៉ាអូណាត បានស្នើដល់ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូអនុវត្ត ដូចខាងក្រោម៖
១–គាំទ្រក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យដើម្បីបន្ថែមលក្ខណៈពិសេសថ្មីៗ (Features) មួយចំនួនទៀតដែលស្របទៅនឹងដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមឲ្យកាន់តែប្រសើរឡើង។
២–គួរអនុវត្តតាមយន្តការរួមមួយដែលផ្នែកតម្រូវការបាន និងកំពុងអនុវត្ត។ អង្គការដៃគូអនុវត្ត ត្រូវអនុវត្តតាមសៀវភៅប្រតិបត្តិការ និងឯកសារណែនាំ នៃការត្រួតពិនិត្យ និងវាយតម្លៃ របស់ផ្នែកតម្រូវការ រួមមួយ និងអនុស្សារណៈនៃការយោគយល់គ្នា ព្រមទាំងឯកសារគតិយុត្តជាធរមាននានា។
៣–អង្គការសង្គមស៊ីវិល គួរយកចិត្តទុកដាក់ទៅលើនិរន្តរភាពនៃប្រព័ន្ធទិន្នន័យ នៅពេលដែលគម្រោង ឬស្ថាប័នរបស់ខ្លួន ចប់ឬពុំមានការគាំទ្រពីដៃគូអភិវឌ្ឍន៍បន្តទៀត។
៤–ការសម្របសម្រួល ការចែករំលែកព័ត៌មាន និងការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងចំណោមអ្នកពាក់ព័ន្ធ ជាកត្តាសំខាន់ដើម្បីយើងបង្កើតបាននូវប្រព័ន្ធទិន្នន័យគណនេយ្យភាពសង្គមប្រកបដោយសុខដុមនីយកម្ម។
៥–លើកទឹកចិត្តដល់អង្គការដៃគូរ ផ្នែកតម្រូវការសិក្សាស្វែងយល់ពីប្រព័ន្ធគណនេយ្យភាពសង្គមដែលមានស្រាប់ ដើម្បីបន្សីគ្នានៅពេលរៀបចំធ្វើប្រព័ន្ធទិន្នន័យដែលមានពាក់ព័ន្ធការងារគណនេយ្យភាពសង្គម៕