ពិនិត្យ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​

ព្រៃវែង ២៦ មិថុនា ២០១៥៖ ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៣-២៦ ខែមិថុនា ឆ្នាំ២០១៥ បានចុះពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅតាមបណ្ដាស្រុកគោលដៅក្នុងខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។

 

ព្រៃវែង ២៦ មិថុនា ២០១៥៖ ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៣-២៦ ខែមិថុនា ឆ្នាំ២០១៥ បានចុះពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅតាមបណ្ដាស្រុកគោលដៅក្នុងខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។

 

គោលបំណងនៃដំណើរបេសកកម្មដើម្បី៖ ១). ធ្វើការវាយតម្លៃនូវចំណេះដឹងរបស់អ្នកផ្ដល់សេវាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការងារ គណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២). ពិនិត្យមើលដំណើរការនៃការប្រមូលទិន្នន័យរបស់ផ្នែក ផ្គត់ផ្គង់ និងការផលិតទិន្នន័យ ៣). ពិនិត្យមើលការបិទផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

 

លោក ជេដ្ឋ គឹមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប នៅក្នុងជំនួបជាមួយក្រុមប្រឹក្សាឃុំ តំណាងសាលាបឋមសិក្សា និងមណ្ឌលសុខភាពក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បានលើកឡើងពីគោលបំណងនែការចុះពិនិត្យ និងមានប្រសាសន៍ថា ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមជាការងារថ្មី និងមានភាពស្មុគស្មាញ ហើយលោកបានសំណូមពរដល់អ្នកពាក់ព័ន្ធត្រូវផ្ដល់ព័ត៌មានពិតជាក់ស្តែងពីការលំបាក បញ្ហាប្រឈម និងបទពិសោធន៍ល្អៗដែលទទួលបានដើម្បីប្រមូលចងក្រងរៀបចំជាគោលការណ៍រួមដាក់ឱ្យអនុវត្តនៅពេលខាងមុខ។

 

ដោយឡែក លោក អឿ លុច្ស ប្រធានក្រុមប្រឹក្សាឃុំពាមរក៍បានលើកឡើងអំពីការសហការអនុវត្តជាមួយអង្គការដៃគូលើការអនុវត្តការគណនេយ្យភាពសង្គមថា កន្លងមកឃុំបានជ្រើសរើសអ្នកសម្របសម្រួលគណនេយ្យភាពសង្គមសហគមន៍៥ភូមិ មាន៥នាក់ (ស្រី១នាក់) បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម និងបំពេញប័ណ្ណដាក់ពិន្ទុចំពោះការផ្ដល់សេវាកម្មរបស់សាលាឃុំ ហើយយកលទ្ធផលនៃប័ណ្ណដាក់ពិន្ទុទៅបញ្ចូលទៅក្នុងផែនការសកម្មភាពគណនេយ្យភាពសង្គមរួម (JAAP) និងបានបិតផ្សាយជាសាធារណៈនូវកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) ។ល។

 

លោកស្រី ម៉ៅ សារ៉ាវុត អភិបាលរងស្រុករមាសហែក ខេត្តស្វាយរៀង បានមានប្រសាសន៍ថា បន្ទាប់ពីបានបិទផ្សាយជាសាធារណៈនូវកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) ប្រជាពលរដ្ឋទទួលបានព័ត៌មានកាន់តែច្រើនពីសេវាកម្មរបស់សាលាឃុំ សាលារៀន និង មណ្ឌលសុខភាព។ ក្រោយពេលដែលប្រជាពលរដ្ឋដាក់ពិន្ទុទាបលើបញ្ហាបរិស្ថានក្នុងមណ្ឌលសុខភាព និងការប្រើប្រាស់ពាក្យសំដី ប្រធានមណ្ឌលសុខភាពបានទទួលយកនិងធ្វើការកែលំអ។ ជារួមប្រជាពលរដ្ឋសប្បាយចិត្ត និងបានសំណូមពរឱ្យឃុំចុះទៅជួបពួកគាត់ឱ្យបានញឹកញាប់។

 

ក្នុងការអនុវត្តកន្លងមក ឃើញថាមានបញ្ហាប្រឈមផងដែរ ដែល១). ស្រុកមួយចំនួនមានការយឺតយ៉ាវទទួលបានថវិកាសម្រាប់អនុវត្តសកម្មភាព ២). ចំណោះដឹងរបស់អ្នកអនុវត្តនៅមានកម្រិតដែលសំណូមពរឱ្យមានវគ្គបណ្ដុះបណ្ដាលបន្ថែម ៣). ប្រជាពលរដ្ឋមិនសូវយកចិត្តទុកដាក់ និងមិនសូវយល់ដឹង ៤). សំណូមពរឱ្យបោះផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) បានច្រើនដើម្បីផ្សព្វផ្សាយនៅតាមភូមិ និងសាលាបុណ្យ។

 

គួរបញ្ជាក់ថា យន្តការគណនេយ្យភាពសង្គម បានផ្ដល់ឱកាសឲ្យអ្នកផ្ដល់សេវា និងអ្នកទទួលសេវាមានឱកាសជួបជជែកពិភាក្សាគ្នាអំពីចំណុចខ្វះខាត និងចាត់អាទិភាព ចំពោះសកម្មភាពជាគន្លឹះនានា ដែលអាចជួយកែលំអការផ្ដល់សេវាសាធារណៈទាំងឡាយ។ លើសពីនេះ ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវា អាចតាមដានមើលការបំពេញការងាររបស់អ្នកផ្ដល់សេវាសាធារណៈបានច្រើនជាងមុន ដោយផ្ទៀងផ្ទាត់ទៅតាមកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C)។

 

រហូតមកដល់ពេលបច្ចុប្បន្ននេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយវិភាជន៍ថវិកាមួយចំនួនដល់ស្រុកគោលដៅចំនួន២២ នៃខេត្តចំនួន១២។ ក្នុងនោះផងដែរ លេខាធិការដ្ឋាន គ.ជ.អ.ប ក៏បានសហការគាំទ្រជាមួយអង្គការដៃគូក្នុងការអនុវត្តផងដែរដែលរួមមាន អង្គការទស្សនៈពិភពលោក អង្គការផេកកម្ពុជា អង្គការរ៉ាឆា អង្គការស្តាកម្ពុជា និងអង្គការសង្គ្រោះកុមារ៕ NCDDS

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់