តាកែវ៖ នៅថ្ងៃទីអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមការងារអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការងារគណនេយ្យសង្គមដល់គ្រូបង្គោលថ្នាក់ខេត្ត និងគ្រូបង្គោលថ្នាក់ស្រុក នៅក្នុងសាលប្រជុំសាលាខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស។
សមាសភាពអ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលមានចំនួនសរុប ៧៨រូប រួមមាន តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប អភិបាលខេត្តទទួលបន្ទុក លោក លោកស្រីប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យជំនាញពាក់ព័ន្ធ និងតំណាងអង្គការសង្គមស៊ីវិល។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ចំណេះដឹងជាមូលដ្ឋាន អំពី “ផែនការយុទ្ធសាស្រ្តស្តីពី ការងារគណនេយ្យភាពសង្គមសម្រាប់ការអភិឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោមជាតិ” ដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងគ្រូឧទ្ទេស ថ្នាក់ស្រុក ដើម្បីមានលទ្ធភាពបណ្តុះបណ្តាលបន្តទៅដល់អង្គភាពផ្តល់សេវាអំពី “ផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ” ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព និងការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។
សិក្ខាកាមទាំងអស់បានស្វែងយល់ពីមេរៀនមួយចំនួន រួមមាន ផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផែនការអនុវត្តគណនេយ្យភាពសង្គម តួនាទី និងភារកិច្ចផែ្នកផ្គត់ផ្គង់ កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ប្រព័ន្ធទិន្នន័យគណនេយ្យភាពសង្គម ដំណើរការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការគាំទ្រ និងការតាមដានការអនុវត្តផែនការសកម្មភាពរួម ស្តីពី ការងារគណនេយ្យភាពសង្គម ជាដើម។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០១៩៕