កិច្ចប្រជុំប្រចាំឆមាសទី១ស្តីពី វឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម និងការពិនិត្យទិន្នន័យលទ្ធផលការងារ (Post-on)

ខេត្តតាកែវ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលស្រុកត្រាំកក់បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ស្តីពី វឌ្ឍនភាព​នៃការអនុវត្តការងារគណនេយ្យភាពសង្គម និងការពិនិត្យទិន្នន័យលទ្ធផលការងារ (Post-on) កន្លងមក។

ពិធីបើកកិច្ចប្រជុំនេះប្រព្រឹត្តឡើងនៅក្នុង​សាលប្រជុំសាលា​ស្រុកត្រាំកក់ ក្រោមអធិបតីភាពលោក ម៉ឹង វុធី អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរង សមាជិកក្រុមប្រឹក្សាស្រុក លោកនាយករដ្ឋបាល លោក លោកស្រីមន្រ្តីរាជការសាលាស្រុក ក្រុមការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ខេត្ត រដ្ឋបាលស្រុក លោកមេឃុំ ស្មៀនឃុំ នាយក នាយិកាសាលាបឋមសិក្សា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកលោកស្រីប្រធានមណ្ឌលសុខភាព តំណាងអង្គការទស្សនពិភពលោកប្រចាំ​ខេត្តតាកែវ តំណាងអង្គការសុវណ្ណាភូមិ តំណាងអង្គការ CADDP និងអ្នកសម្របសម្រួលការងារគណនេយ្យភាព​សង្គមសហគមន៍​(CAF)សរុបចំនួន១៥៦នាក់។

ក្នុងនាមឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក ម៉ឹង វុធី អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានថ្លែង​អំណរគុណ និង​​ស្វាគមន៍​យ៉ាង​កក់​ក្ដៅចំពោះលោក លោកស្រី ដែលបានអញ្ជើញ ចូលរួមកិច្ចប្រជុំប្រចាំឆមាសទី១​ របស់រដ្ឋបាលស្រុកត្រាំកក់ ស្តីពីការអនុវត្តការងារ​គណនេយ្យភាព សង្គម ​និងផ្ទៀងផ្ទាត់ទិន្នន័យ Post-On ( ការបំពេញការងារ ព័ត៌មានថវិកា ចំណូល-ចំណាយ) របស់ អង្គភាពផ្តល់សេវានៅថ្នាក់មូលដ្ឋានទាំង០៣វិស័យ មានរដ្ឋបាលឃុំ មណ្ឌល​សុខភាព និងសាលាបឋម សិក្សា ។​

លោក ម៉ឹង វុធី បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំ និងអនុម័តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ដែលមានផែនការយុទ្ធសាស្រ្តគន្លឹះចំនួន៥គឺ (១)ព័ត៌មាន៖ ការលើកកម្ពស់ តម្លាភាព និងភាពងាយ ទទួលបាននូវព័ត៌មានអំពីស្តង់ដារ ថវិកា និងការបំពេញការងារ (២)ការត្រួតពិនិត្យតាមដាន៖ ការសម្រប សម្រួលឱ្យមានការត្រួតពិនិត្យតាមដានរបស់ប្រជាពលរដ្ឋទៅលើសកម្មភាព និងការផ្តល់សេវាកម្ម     មូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (៣)ការងារថវិកា៖ ការ​លើក​កម្ពស់សមត្ថភាព​​យល់ដឹង​​​របស់​​​ប្រជាពលរដ្ឋ​​​អំពី​ថវិកា​ (៤)ការសម្របសម្រួលការចូលរួម៖ ការគាំទ្រដល់តួអង្គនានា និង​ការ​កសាង​​សមត្ថភាពដល់តួអង្គ​ទាំងនោះដើម្បី​សម្របសម្រួលការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​កិច្ច​ដំណើរ​ការ​នា​នា​​ នៃ​គណនេយ្យ​ភាព​សង្គម និង(៥)ការសិក្សារៀនសូត្រស្វែងយល់៖ការ​ប្រមូលមេរៀន​​បទពិសោធន៍​ដែល​បាន​មក​ពី​អន្តរាគមន៍​នានា​នៅ​មូលដ្ឋាន ដើម្បី​​ប្រែក្លាយបទពិសោធន៍​ទាំង​នោះ​ដាក់បញ្ចូល​ទៅ​ក្នុង​គោល​នយោ​បាយ​របស់រាជរដ្ឋាភិបាល និង​​ពង្រឹង​ការបំពេញ​ការងារ​​អង្គការ​សង្គម​ស៊ីវិល​នានា។

លើសពីនេះ លោកបានមានប្រសាសន៍បន្ថែមថា នៅឆ្នាំ២០១៩នេះគឺជាឆ្នាំដំបូងនៃការអនុវត្តគណនេយ្យភាព​សង្គម​ដំណាក់កាលទី២ដែលមានរយៈពេល៥ឆ្នាំ (​២០១៩-២០២៣) ដែលលេខាធិការដ្ឋានគ.ជ.អ.ប បានចាប់យកខេត្តតាកែវ អនុវត្តលើស្រុកចំនួន០៩​ ក្នុងនោះមានឃុំ៩៧,មណ្ឌលសុខភាពចំនួន៧៥ និងសាលាបឋមសិក្សាចំនួន ៣៦៨មកអនុវត្ត ដែលសម្របសម្រួលអនុវត្តសកម្មភាពគ្រោង​ដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ  អង្គការដៃគូក្នុងស្រុកចំនួន០៦ក្រោមការផ្តល់ជំនួយពី​សហភាពអឺរ៉ុប(EU) និងសម្របសម្រួលគាំទ្រការ ងារបច្ចេកទេសដោយលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ជាមួយនេះ លោក ម៉ឹង វុធី បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ គណៈអភិបាលស្រុក លោក លោកស្រី នឹងទទួលបាននូវការយល់ដឹងស្តីពីលទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០១៩, បញ្ហាប្រឈម​ដំណោះស្រាយ,​ ផែនការ ដែលត្រូវអនុវត្ត បន្តរវាងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ព្រមទាំងផ្ទៀងផ្ទាត់ទិន្នន័យ Post-On ឲ្យបាន ច្បាស់លាស់មុន​នឹងធ្វើការបិតផ្សាយ និងផ្សព្វផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋ។

​លោក ម៉ឹង វុធី បានស្នើសុំលោកលោកស្រី មេត្តាយកចិត្តទុកដាក់តាមដានស្តាប់​នូវបទបង្ហាញនូវប្រធានបទ​នីមួយៗ និងចូលរួម ផ្តល់យោបល់ឱ្យបានផុលផុសទៅតាមប្រធានបទនៅក្នុង​ក្រុមពិភាក្សា​ព្រោះថាគំនិត​យោបល់អនុសាសន៍របស់ លោក លោកស្រី គឺជាធាតុចូលដ៏សំខាន់សម្រាប់ការអនុវត្តការងារគណនេយ្យភាព សង្គមប្រកបដោយជោគជ័យនៅរដ្ឋបាលស្រុក ក៏ដូចជាខេត្តតាកែវទាំងមូលផងដែរ៕

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់