រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមការងារអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ផ.អ.គ.ស)នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សិក្ខាសាលាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គមត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងជាមូលដ្ឋានគ្រឹះ អំពីផែនការយុទ្ធសាស្រ្ត ស្តីពី ការងារគណនេយ្យភាពសង្គម និងផែនការអនុវត្ត គណនេយ្យភាពសង្គមដំណាក់កាលទី២ (២០១៩-២០២៣) សម្រាប់ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដល់មន្ទីរ អង្គភាព ការិយាល័យដែលពាក់ពន្ធ និងអង្គភាពផ្តល់សេវា ព្រមទាំងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាជួយផ្សព្វផ្សាយបន្ត អនុវត្ត និងគាំទ្រការអនុវត្តការងារគណនេយ្យភាពសង្គម ឱ្យទទួលបានជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។
សិក្ខាសាលានេះមានសមាភាពចូលរួមសរុបចំនួនប្រមាណ ៦០រូប ដែលជាគ្រូឧទ្ទេស អ្នកសម្របសម្រួលការងារគណនេយ្យភាពសង្គម និងមន្ត្រីពាក់ព័ន្ធមកពីលេខាធិការដ្ឋាន គ.ជ.អ.ប មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ។
សិក្ខាកាមទាំងអស់បានស្វែងយល់ពីបទបង្ហាញមួយចំនួន រួមមាន៖ ផែនការយុទ្ធសាស្រ្ត ស្តីពីការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ, ផែនការអនុវត្តគណនេយ្យ ភាពសង្គមដំណាក់កាលទី២ (២០១៩-២០២៣), កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs), មុខងារ និងតួនាទី របស់ផ្នែកផ្គត់ផ្គង់ និងមុខងារ និងតួនាទីរបស់ផ្នែកតម្រូវការ។
លើសពីនេះទៀត ក្រៅពីស្តាប់បទបង្ហាញ សិក្ខាកាមបានរៀបចំក្រុមពិភាក្សា និងធ្វើបទបង្ហាញតាមក្រុមចំនួន ៥។ ក្រុមនីមួយៗពិភាក្សាអំពី៖ ក្រុមទី១៖ តើព័ត៌មានសំខាន់ៗអ្វីខ្លះរបស់រដ្ឋបាល សង្កាត់ដែល ត្រូវផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ? ក្រុមទី២៖ តើព័ត៌មានសំខាន់ៗអ្វីខ្លះរបស់សាលាបឋមសិក្សាដែលត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ? ក្រុមទី៣៖ តើព័ត៌មានសំខាន់ៗអ្វីខ្លះរបស់មណ្ឌលសុខភាពដែលត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ? ក្រុមទី៤៖ តើព័ត៌មានសំខាន់ៗអ្វីខ្លះរបស់រដ្ឋបាលខណ្ឌដែលត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ? និងក្រុមទី៥៖ មុខងារ និងតួនាទី របស់រដ្ឋបាល ខណ្ឌ សង្កាត់សាលាបឋមសិក្សា និងមណ្ឌលសុខភាព ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម?
សូមជម្រាបជូនថា គណនេយ្យភាពសង្គម គឺជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិតេយ្យនៅថ្នាក់មូលដ្ឋាន។ រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស) មានចក្ខុវិស័យផ្តោតលើទៅលើការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ ការលើកកម្ពស់នូវសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសំដៅអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាកើក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព៕