កង្វះអនាម័យ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អ្នកជំងឺអុតស្វាយ

ភ្នំពេញ ៧ មេសា ២០១៤: អ្នកជំងឺអុតស្វាយ អាចជួបនូវគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព ប្រសិនបើអ្នកជំងឺ គ្មានអនាម័យ និងការថែទាំខ្លួន អោយបានត្រឹមត្រូវទេនោះ…

ភ្នំពេញ ៧ មេសា ២០១៤: អ្នកជំងឺអុតស្វាយ អាចជួបនូវគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព ប្រសិនបើអ្នកជំងឺ គ្មានអនាម័យ និងការថែទាំខ្លួន អោយបានត្រឹមត្រូវទេនោះ។

លោក សោម មេសា អនុប្រធានការិយាល័យបច្ចេកទេស និងជាប្រធានផ្នែកគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់ CEN អោយដឹងថា ជំងឺអុតស្វាយ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពអ្នកជំងឺបាន ប្រសិនបើគេគ្មានការថែទាំ និងអនាម័យខ្លួនប្រាណ ក្នុងការរស់នៅអោយបានល្អត្រឹមត្រូវទេនោះ ព្រោះថា ជម្ងឺនេះ អាចធ្វើឱ្យអ្នកជម្ងឺ ចុះទ្រុឌទ្រោមខាងរូបរាងកាយ ហេវហត់ និងអស់កម្លាំង។

ម្យ៉ាងទៀត កាលណា ប្រព័ន្ធសារពាង្គកាយ ខ្សោយ ពុំមានលទ្ធភាពទប់ទល់នឹងជម្ងឺ វាអាចធ្វើឱ្យអ្នកជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរមួយ ដែលទាមទារការព្យាបាលទៀតផង។ ជំងឺនេះ ជាជម្ងឺឆ្លង ដែលកើតនៅលើស្បែក ទាំងមនុស្សប្រុស និងមនុស្សស្រី ភាគច្រើន កើតនៅលើកុមារ ដែលមានអាយុក្រោម ១០ ឆ្នាំ ជួនកាលវាអាចកើតមាន ចំពោះមនុស្សពេញវ័យផងដែរ។ ជម្ងឺអុតស្វាយ ជាជំងឺមួយដែលបង្កឡើង ដោយមេរោគ Herpes Virus ហើយមេរោគនេះ មិនត្រឹមតែបង្កើត ឱ្យក្លាយជាជំងឺ អុតស្វាយប៉ុណ្ណោះទេ នៅដំណាក់បន្ទាប់ វាអាចនឹងបង្កជាជម្ងឺម្យ៉ាងទៀត ហៅថា រើម ។

លោកបានបន្តថា ជម្ងឺអុតស្វាយ ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមផ្លូវដង្ហើម ដូចជា ក្អក និងកណ្ដាស់ជាដើម។ រោគសញ្ញានៃជម្ងឺនេះ គឺចាប់បង្ហាញក្រោយពេលពី ២ ទៅ ៣ សបា្ដហ៍។

ចំពោះជម្ងឺនេះ កុមារមិនសូវជាមានរោគសញ្ញាពិសេសណាមួយនោះទេ ប៉ុន្ដែសម្រាប់មនុស្សធំពេញវ័យ ចេញជារោគសញ្ញាមួយចំនួន ដូចជា គ្រុនក្ដៅ ហៀរសម្បោរ ឬ មានអាការប្រហាក់ប្រហែល នឹងជម្ងឺផ្ដាសាយដែរ។ ក្រៅពីនេះ មានរោគសញ្ញាមួយចំនួនទៀតដែរ ដូចជា ឈឺខ្លួនប្រាណ ឈឺក្បាលជាដើម។ លុះ ២ ឬ ៣ ថ្ងៃ ក្រោយមក ទើបមានចេញកន្ទួលក្រហមៗ នៅលើស្បែក បន្ទាប់មកចេញជាពងទឹកថ្លាៗ នៅលើកន្ទួលនោះ ហើយវាក៏វិវត្ដន៍ ទៅតាមដំណាក់កាលបន្ដបន្ទាប់ ដូចជា ពងទឹកថ្លាៗ ទៅជាខាប់ល្អក់ និងក្រៀម ទៅជាក្រមរ រហូត អាចបង្កជាស្លាកស្នាមផងដែរ។

លោកបានបន្តទៀតថា វិធីព្យាបាល និងថែទាំនោះ វាមិនមានអ្វីពិបាកនោះទេ គឺមិនត្រូវអោយអ្នកជំងឺ ដើរចេញ អោយត្រូវកំដៅថៃ្ង ខ្លាចវាវិវត្តន៍ទៅជាធ្ងន់ធ្ងរ អោយអ្នកជំងឺ ធ្វើអនាម័យខ្លួនប្រាណ អោយបានល្អជាប្រចាំ ហើយប្រសិនបើអ្នកជំងឺក្ដៅខ្លួនគឺ យើងត្រូវប្រើឱសថបញ្ចុះកំដៅ និងអោយអ្នកជម្ងឺ បរិភោគអាហារ អោយបានគ្រប់គ្រាន់។

គួរបញ្ជាក់ថា នៅកម្ពុជា គឺមិនទាន់មានវ៉ាក់សាំង ការពារជម្ងឺះអុតស្វាយនេះទេ ព្រោះមិនទាន់បានបញ្ចូលវា ទៅក្នុងកម្មវិធីគំរោងផ្ដល់ថ្នាំបង្ការ៕V

ដកស្រង់ចេញពីគេហទំព័រ CEN ចេញផ្សាយ ៧ មេសា ២០១៤
http://www.cen.com.kh/localnews/show_detail/135?token=NTBkZGM0YW

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់