ក្រសួងសុខាភិបាលគ្រោងដាក់ថ្នាំអាបេត៤០០តោនការពារជំងឺគ្រុនឈាមនៅឆ្នាំនេះ

ភ្នំពេញ ៧ ឧសភា ២០១៤៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាលគ្រោងនឹងដាក់ថ្នាំអាបេត…

ភ្នំពេញ ៧ ឧសភា ២០១៤៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាលគ្រោងនឹងដាក់ថ្នាំអាបេតចំនួន ៤០០តោននៅឆ្នាំ២០១៤នេះដើម្បីត្រៀមការពារទប់ស្កាត់ជំងឺគ្រុនឈាម នៅក្នុងរដូវវស្សានាពេលដ៏ខ្លីខាងមុខនេះ។

លោក វេជ្ជបណ្ឌិត ច ម៉េងចួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤នេះថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានត្រៀមថ្នាំអាបេតសំរាប់ ដាក់នៅតាមអាងពាងទឹកកុំឲ្យមានកើតដង្កូវទឹកដែលជាភ្នាក់ងារចំលង ជំងឺគ្រុនឈាមចំនួន៤០០តោន។ ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៣កន្លងទៅឃើញថាមានការកើនឡើងដែល ឆ្នាំមុនមានតែ៣៥០តោនប៉ុណ្ណោះ។

លោក បានបន្តថា សម្រាប់នៅឆ្នាំនេះការចុះដាក់ថ្នាំអាបេតមានលក្ខណៈខុសពីឆ្នាំមុន គឺនៅពេលដែលមានតំបន់ណាមួយមានបញ្ហារាតត្បាតជំងឺគ្រុនឈាម ទើបដាក់ ពីព្រោះបើយើងចេះតែដាក់នោះវានឹងធ្វើឲ្យមានភាពស៊ាំ។ កាលពីមុនឲ្យតែជិតដល់រដូវវស្សាមន្ត្រីយើងតែងតែចុះដាក់ថ្នាំអាបេតដើម្បីកុំឲ្យមានកកើតដង្កូវទឹក។

កាលពី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤នៅសាលាបឋមសិក្សាភ្នំពេញថ្មីក្រសួងសុខាភិបាលបានប្រារព្ធ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ រំលឹកសាធារណជនអំពីស្វ័យការពារចំពោះជំងឺគ្រុនឈាម និងធានានិរន្តរភាពនៃយុទ្ធនាការយល់ដឹងអំពីជំងឺគ្រុនឈាម និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យជិតស្និទ្ធរវាងស្ថាប័ន ពាក់ព័ន្ធ។ ក្នុងនោះមានក្រសួងសុខាភិបាលក្រសួងអប់រំយុវជន និងកីឡាក្រសួងព័ត៌មានក្រសួងបរិស្ថានរដ្ឋបាលមូលដ្ឋានមន្ទីរជំនាញ នានាដៃគូអភិវឌ្ឍន៍ក្នុងការប្រយុទ្ធនឹងជំងឺគ្រុនឈាម។

លោក វេជ្ជបណ្ឌិតម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ជំងឺគ្រុនឈាមជាជំងឺមួយដែលយើងអាចការពារបានដោយគ្រាន់តែសហគមន៍ និងស្ថាប័នពាក់ព័ន្ធនានាត្រូវសហការ និងរួមគ្នាក្នុងការសំអាតបរិស្ថានឲ្យបានស្អាត ពិសេសនៅតាមលំនៅដ្ឋាននីមួយៗ។ លោករដ្ឋមន្ត្រីបានបន្តថា ការសំអាតលំនៅដ្ឋានឲ្យបានស្អាតវានឹងមិនធ្វើឲ្យមានមួសខ្លា ដែលជាភ្នាក់ងារចំលងនៃជំងឺគ្រុនឈាមព្រោះជំងឺគ្រុនឈាមវាឆ្លងតាមរយៈ មូសខ្លាដែលវារស់នៅទីកន្លែងណាដែលកង្វក់ឬមិនស្អាតដោយវាកកើត មកពីដង្កូវទឹកដែលនៅក្នុងទឹកថ្លុកដក់នៅក្នុងវត្ថុដែលអាចដល់ទឹក បានដូចជាសំបកដូង សំបកកង់កង់ឬឡាន ចាស់ៗជាដើម។

លោករដ្ឋមន្ត្រីបានបន្ថែមថា «ការលុបបំបាត់ជំរកដង្កូវទឹកតាមផ្ទះ និងការបញ្ជួនការកុមារគ្រុនឈាមទៅកាន់មន្ទីរពេទ្យជាកាតព្វកិច្ច របស់គ្រួសារនីមួយៗ ព្រោះថាជំងឺគ្រុនឈាមមិនអាចព្យាបាលនៅតាមផ្ទះបានទេ ត្រូវតែបញ្ជួនទៅមន្ទីរពេទ្យរដ្ឋ»។  លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសូងសុខាភិបាលមានភារកិច្ចផលិតសារអប់រំសុខភាពផ្គត់ផ្គង់ថ្នាំអាបែត រៀបចំមន្ទីរពេទ្យទទួលអ្នកជំងឺព្យាបាលឲ្យទាន់ពេលព្រមទាំង អង្កេតតាមដានសភាពការណ៍ជំងឺដើម្បីចាត់វិធានការណ៍ឲ្យបានទាន់ពេល។ ជាងនេះទៅទៀតការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀន ពិសេសនៅកំរិតបឋមសិក្សាមានសារសំខាន់ណាស់និងមានប្រសិទ្ធភាព ជាទីបំផុតក្នុងការអន្តរាគមន៍ប្រយុទ្ធនឹងជំងឺនេះ។

ក្នុង រយៈ៤ខែដើមឆ្នាំ២០១៤នេះមានករណីជំងឺគ្រុនឈាមចំនួន២៦៩ករណី ក្នុងនោះមានម្នាក់ស្លាប់។ ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៣កន្លងទៅឃើញថាមានការថយចុះចំនួន៨៥%ដែលឆ្នាំមុនមានចំនួន១.៧៧៩ ករណី ក្នុងនោះស្លាប់១៣នាក់៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី ចេញផ្សាយៈ ៦ ឧសភា ២០១៤
http://www.kampucheathmey.com/local-news/general-news/8187-2014-05-06-08-05-50.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់