លោក ថោង ខុន ដឹកនាំកិច្ចប្រជុំ ក្រុមការងារ នៅខេត្តកំពង់ធំ

កំពង់ធំ ១០ កុម្ភៈ ២០១៤៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយមូល ដ្ឋានខេត្តកំពង់ធំ បានដឹកនាំប្រជុំក្រុមការងារលើកទីមួយ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ នៅសាលា ខេត្តកំពង់ធំ ដោយមាន…

កំពង់ធំ ១០ កុម្ភៈ ២០១៤៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយមូល ដ្ឋានខេត្តកំពង់ធំ បានដឹកនាំប្រជុំក្រុមការងារលើកទីមួយ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ នៅសាលា ខេត្តកំពង់ធំ ដោយមានសមាសភាព មកពីគ្រប់បណ្តាក្រសួង ជាតំណាងក្រសួង និងមានការចូលរួមពី អាជ្ញាធរ មូលដ្ឋាន គ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្តកំពង់ធំ។

លោក ថោង ខុន ប្រធានក្រុមការងារ បានអានសេចក្តីសម្រេចលេខ ២៤សសរ ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៤ ស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

 

ក្នុងសេចក្តីសម្រេចនោះ មានឈ្មោះ លោក លោកស្រី ជាតំណាងក្រសួង ជាសមាជិកក្រុមការងារ មកជា មួយដែរ ។ លោកប្រធានបានជំរាបជូនអំពីផែនការការងារ ដែលត្រូវអនុវត្តក្រោយមានការប្រកាស   និង ប្រគល់ភារកិច្ចដល់លោកអភិបាលខេត្ត ក្នុងនាមអនុប្រធានអចិន្រ្តៃយ៍ រៀបចំក្រុមការងារថ្នាក់ក្រោមជាតិ ដើម្បីសហការ អនុវត្ត ឲ្យមានប្រសិទ្ធភាព ។ ក្រុមការងារត្រូវមានរបៀបរបបប្រជុំ យ៉ាងតិច ១ត្រីមាស ១ ដង ។ ការរៀបចំក្រុមការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចុះមកដល់ មូលដ្ឋាននេះ ដើម្បីប្រយោជន៍ ជួយដោះស្រាយបញ្ហានានា ដែលកើតមានចំពោះប្រជាពលរដ្ឋកន្លងមក ធ្វើយ៉ាងណាផ្តល់សេវាជូនប្រជា ពលរដ្ឋឲ្យបានសមស្រប និងអាចទទួលយកបាន។

 

លោក អ៊ុត សំអន អភិបាលខេត្ត បានធ្វើរបាយការណ៍សង្ខេបជូនអង្គប្រជុំ ពីស្ថានភាពរបស់ខេត្ត និង បញ្ហាប្រឈមនានា ដែលសម្រាប់ប្រជាពលរដ្ឋ និងការអនុវត្ត ច្បាប់មិនបានសមស្រប និងត្រូវប្រឈមមុខ ជាមួយសមត្ថកិច្ចជំនាញ និងអាជា្ញធរមូលដ្ឋាន ក្នុងនោះ ១- បញ្ហាដី ស្ថិតក្នុងតំបន់៣ វាលក្រោម ដែល ប្រជាពលរដ្ឋ ធ្លាប់ធ្វើស្រែ តាំងពីសម័យសង្គមរាស្រ្តនិយម ដីដែលបែងចែកតាំងពីសម័យសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ដីដែលបានធ្វើមុនការបែងចែកតំបន់ បញ្ហាកំណើន ប្រជាជន កក្តាជីវភាពប្រជាពលរដ្ឋ ។ ទី២-បញ្ហានេសាទត្រី ខេត្តកំពង់ធំ មានប្រជាពលរដ្ឋរស់នៅលើទឹក តំបន់បណ្តែតទឹកមាន ៣ឃុំ គឺ ឃុំ ផាត់សណ្តាយ ឃុំពាមបាង និងឃុំកំពង់គោ សរុប ៣៣២០គ្រួសារ ដែលមានមុខរបរនេសាទត្រីភាគច្រើន  និងធ្វើស្រែតិចតួច ដែលករណីនេះ មានបញ្ហាប្រឈម ដូចជា ប្រជាពលរដ្ឋមានមុខ របរតែមួយមុខ គឺ នេសាទត្រី បរិមាណផលត្រីថយចុះ កំណើនប្រជាពលរដ្ឋបំបែកគ្រួសារ ការកំណត់ឧបករណ៍នេសាទ មិន ឆ្លើយតបនឹងជីវភាពប្រចាំថ្ងៃ របស់ ប្រជាពលរដ្ឋ ការធ្វើស្រែនៅជុំវិញបឹងអភិរក្ស សេចក្តីត្រូវការមានដូចគ្នា ចំពោះប្រជាពលរដ្ឋ ។ ទី៣-បញ្ហាព្រៃឈើ ប្រជាពលរដ្ឋក្រៅស្រុក ចូលមកកាប់រុករាន ទន្រ្ទានដីព្រៃ ក្នុង តំបន់ព្រៃឡង់ ព្រៃអង់តែន និងព្រៃការពារផ្សេងៗទៀត ប្រជាពលរដ្ឋភាគច្រើន មកពីខេត្តកំពង់ចាម ខេត្ត ក្រចេះ ខេត្តព្រៃវែង ។ ការកំណត់ព្រំ ប្រទល់ព្រៃឡង់មិនទាន់ច្បាស់លាស់ មន្ត្រីរដ្ឋបាលព្រៃឈើ មិនតុល្យ ភាព និងទំហំដីក្នុងដែនសមត្ថកិច្ច ខ្វះមធ្យោបាយ សម្ភារៈ ប្រេងឥន្ទនៈ ថវិកា និងស្នាក់ការ ឃ្លាំមើលបទ ល្មើសក្នុងតំបន់ព្រៃការពារ ។ ទី៤-បញ្ហាប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ដែលកន្លងមកមានការដាក់ប៉ុស្តិ៍ ត្រួតពិនិត្យបង្រ្កាបបទល្មើស របស់សមត្ថកិច្ច ជំនាញ អង្គភាពកងកម្លាំងប្រដាប់អាវុធមួយចំនួន ការដើរយក លុយកាក់ពីប្រជាពលរដ្ឋ ពីការដឹកជញ្ជូនផលអានុផលព្រៃឈើតិចតួច ការចាប់ប្រជាពលរដ្ឋកាប់ព្រៃ ធ្វើ ចំការតាមប្រពៃណីតិចតួច ដែលធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ។ កម្លាំងសមត្ថកិច្ចដាក់តាមផ្លូវ នៅតែជាគោលដៅកុងត្រូលជជុះ អង្គការ និងអ្នកសារព័ត៌ មាន មួយចំនួន នៅតែឆ្លៀតឱកាសធ្វើខ្លួនជា សមត្ថកិច្ចជំនាញ យកលុយពីប្រជាពលរដ្ឋ បើទោះមិនច្រើន ក៏មានការថ្នាំងថ្នាក់ ។
បេសកកម្មមន្រ្តីថ្នាក់ជាតិមួយចំនួន នៅតែឆ្លៀតឱកាសទារលុយ ពីប្រជាពលរដ្ឋ តាមមធ្យោបាយដឹកជញ្ជូន របស់ប្រជាពលរដ្ឋ ។ ទី៥-បញ្ហាការយកសេវា : មន្ត្រីនៅ ថ្នាក់មូលដ្ឋានខ្លះ និងមន្ត្រីអង្គភាពជំនាញមួយ ចំនួន នៅតែឆ្លៀតឱកាសយកលុយពីប្រជាពលរដ្ឋលើសសេវា ដែលកំណត់ដោយច្បាប់ ។ ឆ្លើយតបទៅ នឹងបញ្ហាខាង លើនេះ ខេត្តបានដាក់វិធានការដោះស្រាយតាមមុខសញ្ញានីមួយៗច្រើនមកហើយ តាម របៀបរដ្ឋបាល តាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្ត ស្រុក ក្រុង និងតាមច្បាប់ និងយន្តការនានា ហើយជាលទ្ធផល យើងទទួលបានប្រសិទ្ធភាពច្រើន ។ ប៉ុន្តែអ្វីដែលនៅសេសសល់ធំៗ ត្រូវប្រឈម និង សំណូមពរទៅថ្នាក់ជាតិ ជួយសហការដោះស្រាយបន្តទៀតនោះគឺ ដីស្រែក្នុងតំបន់វាលក្រោម ស្នើសុំឲ្យ សម្តេចតេជោ នាយករដ្ឋមន្រ្តី ចេញ ស ជ ណ កាត់ដីក្នុងតំបន់ឆ្វៀល ទាំង៤ឃុំ ដែលសម្តេច បានប្រកាស កាត់ឲ្យនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ជូនដល់ប្រជាពលរដ្ឋ កន្លងមក  ការស្នើសុំពិនិត្យ តំបន់ឆ្វៀល និងពិនិត្យ ការ កំណត់ដីតំបន់៣ ឡើងវិញ  ដោយសារដីខ្លះប្រជាពលរដ្ឋ ធ្លាប់បានធ្វើតជំនាន់ មកហើយ តាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ និងស្នើសុំសម្តេច ចេញ ស ជ ណ កាត់ចេញដីរបស់ ក្រុមហ៊ុន រីមមើ កូរ៉េ នៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង ដែលសម្តេចធ្លាប់បានប្រកាសលក់កន្លងមក ហើយ តែមិនទាន់មាន ស ជ ណ ។

បទល្មើសនេសាទ : ប្រជាពលរដ្ឋកាន់តែកើន រស់នៅលើទឹកក្នុងបឹងទន្លេសាប មាន៣ឃុំ  មានមុខរបរ នេសាទសុទ្ធសាធ ការកំណត់ពីឧបករណ៍ នេសាទ មិនឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ មន្រ្តីជលផលតិច មើលមិនអស់លើផ្ទៃទឹកបឹងទន្លេសាប ការធ្វើស្រែរបស់ប្រជាពលរដ្ឋ នៅជុំវិញបឹងអភិរក្ស ធ្វើឲ្យខ្វះទឹកក្នុង បឹង បង្កឲ្យមានទំនាស់ រវាងប្រជាពលរដ្ឋធ្វើស្រែ និងសហគមន៍នេសាទ  ។ បញ្ហាដីក្នុងតំបន់អភិរក្ស សត្វ ខ្សឹប ប៉ះពាល់ដីស្រែប្រជាពលរដ្ឋ ក៏ប្រជាពលរដ្ឋស្នើសុំឲ្យ មានការកែសម្រួលឡើងវិញ  ដោយកន្លែងខ្លះ នៅជាប់នឹងភូមិពួកគាត់ ឯសត្វខ្សឹប មិនសូវឃើញមាន ។

បទល្មើសព្រៃឈើ : ដោយបច្ចុប្បន្ននេះ ភូមិសាស្រ្តមានការប្រែប្រួលច្រើន តាមកំណើនប្រជាពលរដ្ឋ ច្បាប់ ស្តីពីព្រៃឈើឆ្នាំ២០០២ គ្របដណ្តប់តាំងពីកំរិត តូចតាច ដល់កំរិតធំ   ប្រជាពលរដ្ឋកាប់ព្រៃធ្វើចំការជា លក្ខណៈតូចតាចខ្លះ ក៏ប្រឈមមុខនឹងផ្លូវច្បាប់ និងមានប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ មកកាប់រុករាន ទន្ទ្រានយកដី ក្នុងព្រៃហាមឃាត់ ព្រៃបំរុងទុករបស់រដ្ឋដោយខុសច្បាប់  ដែលមន្រ្តីជំនាញតិចពេក មិនតុល្យ ភាព នឹងទំហំដីព្រៃការពារ ស្នើសុំឲ្យថ្នាក់លើជួយផ្តល់ការណែនាំ និងដោះស្រាយ ។

 

ការរុករានអាជីវកម្មរ៉ែមាស អនាធិបតេយ្យ នៅក្នុងតំបន់ភ្នំជី ដោយខុសច្បាប់ពីបណ្តាប្រជាពលរដ្ឋ ធ្វើ ចំណាកស្រុក មានផលប៉ះពាល់បរិស្ថាន ប៉ះពាល់សុខភា មនុស្ស សត្វ និងរុក្ខជាតិ និងការកាប់បំផ្លាញ ព្រៃឈើក្នុងតំបន់នោះ កន្លងមករដ្ឋបាលខេត្ត ធ្លាប់បានបង្កើតក្រុមការងារចុះពិនិត្យ និងធ្វើការទប់ស្កាត់ ភាពអនាធិបតេយ្យទាំង នោះដែរ ប៉ុន្តែហាក់ដូចវែកចកក្នុងបឹង អាជ្ញាធរ ស្នើសុំឲ្យថ្នាក់ជាតិជួយមានវិធាន ការ និងមធ្យោបាយផ្សេងៗក្នុងការទប់ស្កាត់ ។ បញ្ហាអគ្គិសនី រដ្ឋបាលខេត្តបានធ្វើការ ដោះស្រាយ ជាមួយ តំណាងអាជ្ញាធរអគ្គិសនី សេវាករ និងប្រជាពលរដ្ឋ បានលទ្ធផលល្អ បានបញ្ចុះតម្លៃជាបណ្តើរៗ តាម គោលដៅមួយចំនួន ដែលមានខ្សែបណ្តាញ បញ្ជូនតភ្ជាប់ពីខេត្តកំពង់ចាម និងគីរីរម្យ ។ ប៉ុន្តែនៅតាមស្រុក មួយចំនួន  ដែលនៅឆ្ងាយនៅប្រើភ្លើងឯកជនខ្នាតតូច មានតម្លៃថ្លៃពេក និងមានការថ្នាំងថ្នាក់ដល់ប្រជា ពលរដ្ឋ ស្នើសុំឲ្យអាជ្ញាធរអគ្គិសនី និងក្រសួង រ៉ែ និងថាមពលពិនិត្យ និងកែសម្រួលនូវចំណុចមួយចំនួន ដើម្បីប្រជាពលរដ្ឋគាត់ទទួលយកបាន ។

 

លោក ណាំ ទុំ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងបន្ថែមពីផលវិបាករបស់អាជ្ញាធរខេត្ត និងមន្រ្តីជំនាញ ចំពោះប្រជាពលរដ្ឋ ដោយតំបន់ដីខ្លះនៅមានការ ថ្នាំង ថ្នាក់ច្រើន និងស្នើសុំរួមគ្នាដោះស្រាយ និងទទួល ខុសត្រូវ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តចតេជោនាយករដ្ឋមន្រ្តី ។

 

លោក សុក ផេង រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តកំពង់ធំ បានស្តាប់របាយការណ៍ ហើយក៏បានផ្តល់ជា យោបល់ថា យើងបានដឹងទាំងអស់គ្នា អំពីបញ្ហា ហើយយើងត្រូវតែដោះស្រាយ និងឲ្យតំណាងក្រសួងនីមួយៗ ត្រៀមលក្ខណៈរួមគ្នាដោះស្រាយនូវចំណុច រសើបដែលមាន ។ ក្រោយពីបានស្តាប់របាយការណ៍រួចមក លោក ថោង ខុន ប្រធានក្រុមការងារ បាន ឯកភាពពីការលើកឡើងរបស់អង្គប្រជុំ និងបានផ្តល់ អនុសាសន៍ដូចតទៅ :  ឲ្យតំណាងក្រសួងនីមួយៗ យកបញ្ហាដែលមានតាមរបាយការណ៍ តាមជំនាញរៀងៗខ្លួន ដើម្បីត្រៀមចុះដោះស្រាយរួមគ្នា ។   រដ្ឋ បាលខេត្ត ត្រូវរៀបចំក្រុមការងាររបស់ខ្លួន នៅថ្នាក់ក្រោមជាតិ ដើម្បីចុះជាមួយគ្នា។  យកគោលដៅឃុំ និង ស្រុកណាមួយដែលមានបញ្ហាដើម្បីដកពិសោធន៍ ។ ក្នុងមួយខែ ត្រូវធ្វើឲ្យបានច្រើនកន្លែង ។  តំណាង ក្រសួងនីមួយៗ ត្រូវស្រាវជ្រាវច្បាប់បទដ្ឋាននានា និងត្រៀមធ្វើរបាយការណ៍ពីលទ្ធផលដោះស្រាយនានា។  តាមស្ថាប័ន នីមួយៗ ក្តាប់បន្ថែមទៀតពីបញ្ហា ហើយរាយការណ៍ ។ ការងារខ្លះដែលបានធ្វើ តែនៅមិនទាន់ ឯកភាពគ្នា ត្រូវរួមគ្នាពិនិត្យ និងកែសម្រួលឡើងវិញ ។ ចំពោះដី តំបន់វាលក្រោមត្រូវរួមគ្នាពិនិត្យឡើងវិញ ព្រោះនេះជាចំណុចរសើបធំជាងគេ ត្រូវដោះស្រាយ ជូនប្រជាពលរដ្ឋ   ឯបញ្ហាសេសសល់ ត្រូវបន្តក្តាប់ បន្ថែម និងដោះស្រាយ៕

ដកស្រង់ចេញពីគេហទំព័រដើមអំពិល ចេញផ្សាយថ្ងៃទី៨ កុម្ភៈ ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់