ឯកឧត្តម ស ខេង ស្នើឱ្យក្រសួង ស្ថាប័ន ជំរុញការរៀបចំផ្ទេរមុខងារ និងធនធាន ឱ្យបានឆាប់​រហ័ស ឱ្យ​ទៅ​រដ្ឋបាលថ្នាក់​ក្រោមជាតិ

ភ្នំពេញ ១៩ ធ្នូ ២០១៤៖ ថ្លែងនៅក្នុង កិច្ចប្រជុំលើកទី១០ របស់គណៈកម្មាធិការជាតិ សម្រាប់ ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅ ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជា ប្រធាន គ.ជ.អ.ប បានស្នើឱ្យ ក្រសួង ស្ថាប័ននានា ជំរុញ ការរៀបចំការ ផ្ទេរមុខងារ និងធនធាន ជាក់លាក់ នានា ឱ្យបានឆាប់ នៅក្នុង ដំណាក់កាល២ នៃផែនការអនុវត្តបី ឆ្នាំ (ផអ៣ទី២ ២០១៥-២០១៧)…

ភ្នំពេញ ១៩ ធ្នូ ២០១៤៖ ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី១០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធាន គ.ជ.អ.ប បានស្នើឱ្យក្រសួងស្ថាប័ននានាជំរុញនូវការរៀបចំការផ្ទេរមុខងារ និងធនធានជាក់លាក់នានាឱ្យបានឆាប់នៅក្នុងដំណាក់កាល២នៃផែនការអនុវត្តបីឆ្នាំ (ផអ៣ទី២ ២០១៥-២០១៧) នៃកម្មវិធីជាតិ នេះ ពីព្រោះបើក្នុងដំណាក់កាលនេះ យើងនៅតែពុំអាចមានលទ្ធភាពផ្ទេរមុខងារ និងធនធានជាក់លាក់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបានទេនោះ មានន័យថា កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការពុំអាច វិវត្តទៅមុខបានឡើយ។

ឯកឧត្តម ស ខេង មានប្រសាសន៍ថា គោលបំណងចុងក្រោយនៃកំណែទម្រង់គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន តាមរយៈការផ្តល់នូវសិទ្ធិអំណាច និងការទទួលខុសត្រូវយ៉ាងច្បាស់លាស់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវដើរតួនាទីជាអ្នកចាត់ចែង និងអនុវត្តដោយផ្ទាល់នូវមុខងារ និងធនធាននានា ហើយជាមួយគ្នានេះដែរ ក្រសួង ស្ថាប័ននឹងត្រូវផ្លាស់ប្តូរតួនាទីពីអ្នកចាត់ចែង និងអនុវត្តផ្ទាល់ទៅជាអ្នករៀបចំគោលនយោបាយ ជាអ្នកកំណត់ស្តង់ដារនៃសេវា ព្រមទាំងជាអ្នកគាំទ្របច្ចេកទេស និងត្រួតពិនិត្យមើលលើការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួង ស្ថាប័ននានាចាំបាច់ត្រូវរៀបចំផែនការដែលមានការកំណត់នូវក្របខណ្ឌពេលវេលាយ៉ាងច្បាស់លាស់មួយនៃការផ្ទេរមុខងារ និងធនធានសមស្របនានា ដើម្បីធានាថា រហូតដល់ដំណាក់កាលទី៣នៃកម្មវិធីជាតិដែលនឹងចាប់ផ្តើមពីឆ្នាំ២០១៨តទៅ រដ្ឋបាលថ្នាក់ក្រោមជាតិអាចបំពេញតួនាទីយ៉ាងពេញលេញក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានា ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម ស ខេង បានស្នើឲ្យ ប្រធានស្ថាប័នពិចារណាបន្ថែមទៅលើមុខងារ   សំខាន់ៗដែលអាចមានលទ្ធភាពផ្ទេរយ៉ាងឆាប់រហ័សទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឧទាហរណ៍ដូចជា តើអាចអនុញ្ញាតឲ្យរដ្ឋបាលថ្នាក់ក្រុង ស្រុក ទទួលខុសត្រូវក្នុងការគ្រប់គ្រងសាលាបឋមសិក្សាចាប់ពីឆ្នាំ២០១៦ទៅបានដែរឬទេ?  តើអាចអនុញ្ញាតឲ្យរដ្ឋបាលថ្នាក់ក្រុង ស្រុក ចាប់ផ្តើមមានការទទួលខុសត្រូវនៅក្នុងមុខងារជាក់លាក់ណាមួយនៃវិស័យសុខាភិបាល កសិកម្ម អភិវឌ្ឍន៍ជនបទ និង   វិស័យអាទិភាពផ្សេងៗទៀតដែលមុខងារទាំងនោះបម្រើ និងផ្តល់ផលប្រយោជន៍ជាចម្បងដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែរឬទេ?

កាលពីខែឧសភា ឆ្នាំ២០១២ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ៦៨ ស្តីពីកិច្ចដំណើរការទូទៅនៃការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតម្រូវឲ្យក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំកិច្ចការដំណើរការនានាដើម្បីផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ពាក់ព័ន្ធនឹងកិច្ចការនេះ មានមុខងារបីត្រូវបានផ្ទេរអនុវត្តសាកល្បងឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ ១-ការគ្រប់គ្រងមណ្ឌលសុខភាព (មាន៥ស្រុក ក្នុងខេត្ត២ គឺខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់) ២-អនាម័យជនបទ (មាន១០ ស្រុក ក្នុងខេត្ត២គឺ ខេត្តកំពង់ស្ពឺ និងខេត្ត ត្បូងឃ្មុំ) ៣-ការជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត (មាន៧ស្រុកក្នុងខេត្ត២ គឺខេត្តកំពត និងខេត្តត្បូងឃ្មុំ)៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់