នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះ នៅក្នុងសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពី “វឌ្ឍនភាពនៃការបង្ការ និងទប់ស្កាត់ផលប៉ះពាល់នៃការប៉ះពាល់នៃការប្រេីប្រាស់គ្រឿងស្រវឹង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ង៉ាន់ ចំរេីន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមតំណាងពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម អគ្គលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការសង្គមស៊ីវិល និងអង្គការដៃគូមួយចំនួនសរុប ៤៥រូប ( ស្ដ្រី ០៧រូប )។
កិច្ចប្រជុំនេះមានគោលបំណង ដេីម្បីពន្លឿន និងជម្នះឧបសគ្គរបស់រាជរដ្ឋាភិបាលចំពោះកង្វល់អំពី គ្រោះថ្នាក់នានាដែលបង្កឡេីងដោយការសេពគ្រឿងស្រវឹង ដោយធ្វេីយ៉ាងណាឱ្យមានវិធានការនានានូវការលេីកកម្ពស់សុខុមាលភាព សុខដុមនីយកម្ម សន្តិសុខសង្គម គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងជីវភាពរស់នៅប្រចាំរបស់ប្រជាពលដ្ឋកាន់តែប្រសេីរ៕