វិធាន​ការ​សម្រាប់​គ្រប់គ្រង​មន្ត្រី​រាជការ​ស៊ីវិល​ យោធិន នគរ​បាលជាតិ មន្ត្រី​ជាប់​កិច្ច​សន្យា​ និង​បុគ្គលិក​អណ្ដែត​ក្នុង​ឆ្នាំ​២០១៥

ភ្នំពេញ ១០ មីនា ២០១៥៖ ក្នុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្ត បន្ទាប់នូវគោលការណ៍ និងវិធានការនៃការកែទម្រង់ ដើម្បីលើកកម្ពស់អភិបាលកិច្ច ពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ…

ភ្នំពេញ ១០ មីនា ២០១៥៖ ក្នុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្ត បន្ទាប់នូវគោលការណ៍ និងវិធានការនៃការកែទម្រង់ ដើម្បីលើកកម្ពស់អភិបាលកិច្ច ពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ។

ក្នុងសារាចរស្ដីពីវិធានការសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្ដែត ក្នុងឆ្នាំ២០១៥  បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌ នៃការងារកែទម្រង់ប្រព័ន្ធបៀវត្សមន្ត្រីរាជការឱ្យមានសង្គតិភាព សមធម៌ ផលិតភាព ផ្អែកលើលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ រាជរដ្ឋាភិបាលបានធ្វើការកែលម្អគោលការណ៍ នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋដើម្បីធានាឱ្យកាន់តែប្រសើរការវិវត្តអាជីពរបស់មន្ត្រីរាជការស៊ីវិល បានធ្វើសមាហរណកម្មមន្ត្រីរាជការរួចរាល់ទៅក្នុងរចនាសម្ព័ន្ធមុខងារសាធារណៈថ្មីបានធ្វើនិយ័តកម្មថ្នាក់ និងឋានន្តរស័ក្ដិជូនមន្ត្រីរាជការធានាបើកផ្ដល់ប្រាក់បៀវត្សប្រចាំខែជូន មន្ត្រីរាជការបានទាន់ពេលវេលា រៀបចំការបើកបៀវត្សតាមប្រព័ន្ធធនាគារ ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល បង្កើនប្រាក់ហូបប្រចាំថ្ងៃជូនយោធិន និងនគរបាលជាតិ កែសម្រួលប្រាក់បំណាច់មុខងាររបស់មន្ត្រីរាជការស៊ីវិល កែសម្រួលបៀវត្សមូលដ្ឋាន និងការបើកបៀវត្សជូនយោធិន នៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ព្រមជាមួយការរៀបចំ និងដាក់ឱ្យអនុវត្តន៍ វិធានការគាំទ្រដទៃទៀតជាច្រើន។

 

ដើម្បីធានាការអនុវត្តកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ពិសេសដើម្បីគាំទ្រការរៀបចំប្រព័ន្ធបៀវត្សថ្មីសម្រាប់ឆ្នាំ២០១៥ និងវិធានការសម្រាប់បង្កើនបៀវត្សជូនមន្ត្រីរាជការ រាជរដ្ឋាភិបាលក៏បានធ្វើការ ណែនាំដល់ក្រសួង-ស្ថាប័ន ដូចជា៖ 

១-ក្នុងឆ្នាំ២០១៥ការជ្រើសរើសក្របខ័ណ្ឌថ្មីមន្ត្រីរាជការស៊ីវិលនៃគ្រប់ក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យោធិន នគរ បាលជាតិត្រូវបានអនុញ្ញាតជ្រើសរើសស្មើនឹងចំនួនមន្ត្រីរាជការ ដែលបាត់បង់ពីក្របខ័ណ្ឌដោយមូលហេតុចូលនិវត្តន៍ លាឈប់ បញ្ឈប់ពីការងារ បាត់បង់សម្បទាវិជ្ជាជីវៈ ឬមរណភាព ។

 ២-ក្រសួង-ស្ថាប័ន និងអង្គភាពដែលបង្កើតថ្មី ត្រូវប្រើប្រាស់មន្ត្រីរាជការដែលមានស្រាប់ឱ្យអស់លទ្ធភាព ហើយការជ្រើសរើសក្របខ័ណ្ឌថ្មី ត្រូវមានលក្ខណៈរឹតត្បឹតបំផុត និងស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ។

៣-ចៀសវាងការរៀបចំការបង្កើត ឬ រៀបចំរចនាសម្ព័ន្ធថ្មីនៅតាមក្រសួង-ស្ថាប័ន ឬនៅតាមមន្ទីរជុំវិញរាជធានី ខេត្តដែលជាហេតុនាំឱ្យមានតម្រូវការជ្រើសរើសមន្ត្រីថ្មី ។ ក្នុងករណីចាំបាច់រចនា សម្ព័ន្ធថ្មីអាចត្រូវបានកែសម្រួល ឬរៀបចំថ្មី ប៉ុន្តែមិនត្រូវមានការជ្រើសរើសក្រប ខ័ណ្ឌថ្មីបន្ថែមទៀតឡើយ ។ 

៤-ដើម្បីផ្ដល់លក្ខណៈងាយស្រួលដល់ការដាក់ឱ្យដំណើរការសន្ទស្សន៍បៀវត្ស និងប្រាក់បំណាច់មុខងារថ្មី ការប្រឡងផ្ទៃក្នុងផ្លាស់ប្ដូរប្រភេទក្របខ័ណ្ឌ និងការដំឡើងឋានន្តរស័ក្ដិឬថ្នាក់របស់មន្ត្រីរាជការស៊ីវិល នៃក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យោធិន និងនគរបាលជាតិ មិនត្រូវអនុវត្តឡើយក្នុងឆ្នាំ២០១៥ ។ 

៥-ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និង បុគ្គលិកអណ្ដែត ត្រូវបានអនុញ្ញាតជ្រើសរើសស្របតាមចំនួនដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ។ ក្នុងករណីចាំបាច់ ការជ្រើសរើសថ្មីបន្ថែម ត្រូវ ស្ថិតក្រោមការត្រួតពិនិត្យហ្មត់ចត់ពីក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋ កិច្ចហិរញ្ញវត្ថុ ។ 

៦-គ្រប់ក្រសួង ស្ថាប័ន ត្រូវសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យឡើងវិញស្ថានភាព នៃការប្រើប្រាស់មន្ត្រីរាជការស៊ីវិល នៅតាមក្រសួង-ស្ថាប័ន ក្នុងគោលដៅធានាការជ្រើសរើស ការពង្រាយមន្ត្រីរាជការ ការផ្លាស់ប្ដូរការងារ និងការប្រើប្រាស់ធនធានមនុស្សក្នុងមុខងារសាធារណៈឱ្យស្របតាមសេចក្ដីត្រូវការពិតប្រាកដនៃការងារ៕ ដោយ៖ ជឹម ណារី

ដកស្រង់ចេញពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់