​ការ​តម្រង់​ទិស​ដល់​ក្រសួង​ក្នុង​ការ​រៀប​ចំ​ផ្ទេរ​មុខងារ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

"

ភ្នំពេញ ៣១ មីនា ២០១៥៖ ដើម្បីផ្សព្វផ្សាយអនុក្រឹត្យ និងសេចក្ដីណែនាំបច្ចេកទេសស្តីពីកិច្ចដំណើរការផ្ទេរមុខងារ និងធនធានអោយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំជាមួយក្រសួងចំនួន៨ ដើម្បីពន្យល់ណែនាំដល់ដំណើរការ ផែនការក្នុងការរៀបចំផ្ទេរមុខងារអោយរលូនដល់ដំណើរការផ្ទេរមុខងារនោះ…

ភ្នំពេញ ៣១ មីនា ២០១៥៖ ដើម្បីផ្សព្វផ្សាយអនុក្រឹត្យ និងសេចក្ដីណែនាំបច្ចេកទេសស្តីពីកិច្ចដំណើរការផ្ទេរមុខងារ និងធនធានអោយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំជាមួយក្រសួងចំនួន៨ ដើម្បីពន្យល់ណែនាំដល់ដំណើរការ ផែនការក្នុងការរៀបចំផ្ទេរមុខងារអោយរលូនដល់ដំណើរការផ្ទេរមុខងារនោះ។

 

ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋានគ.ជ.អ.ប បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា ការផ្ទេរមុខងារជាការចម្បងក្នុងកម្មវិធីកំណែទម្រង់ ដូច្នេះក្រសួងនីមួយៗត្រូវរៀបចំផែនការច្បាស់លាស់ក្នុងការផ្ទេរមុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងនោះដែរ ការផ្ទេរមុខងារ ត្រូវមានការផ្ទេរទាំងធនធានមនុស្ស និងធនធានថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

 

ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥មានក្រសួងជាអាទិភាពចំនួន៥ បានរៀបចំបញ្ជីផ្ទេរមុខងាររបស់ខ្លួន ហើយក្រសួងខ្លះក៏បានផ្ទេរមុខងាររួចមកហើយដែល ក្នុងនោះមានក្រសួងបរិស្ថាន ក្រសួងយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងសុខាភិបាល។

 

 

វិស័យចម្បងដែលត្រូវរៀបចំផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិមានដូចជា វិស័យកសិកម្ម អប់រំ ជលផល ព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន សុខាភិបាល អាហារូបត្ថម្ភតម្រូវការផ្សេងៗរបស់ស្រ្តី បុរស យុវវ័យ កុមារ ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច សង្គមកិច្ច ឧស្សាហកម្ម និងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច ការប្រើប្រាស់ដីធ្លី ការងារសុរិយោដី និងការងារសំណង់ ការផលិត និងចែកចាយអគ្គិសនី ការគ្រប់គ្រងទឹក ការអភិវឌ្ឍជនបទ តម្រូវការពិសេស ឬតម្រូវការដែលបានកំណត់ជាក់លាក់សម្រាប់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គិតទាំងវិស័យទេសចរណ៍ តំបន់ប្រវត្តិសាស្ត្រ និងកេរដំណែលវប្បធម៌ផងដែរ។

 

ដើម្បីផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិបានក្រសួងត្រូវមានដំណាក់កាលជាបន្តបន្ទាប់ដូចជា៖ 

ផែនការការងារនៃការរៀបចំបញ្ជីវិភាគមុខងាររបស់ក្រសួង

បញ្ជីលម្អិតនៃមុខងាររបស់ក្រសួងត្រូវបានរៀបចំឡើង

ស្វែងរកភាពខុសគ្នារវាងមុខងារដែលក្រសួងកំពុងអនុវត្តជាក់ស្តែង និងមុខងារដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ

បញ្ជីមុខងារដែលត្រូវបានរៀបចំឡើងត្រូវផ្ទៀងផ្ទាត់ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ

តារាងបញ្ជីមុខងាររួមត្រូវបានសម្រេច

ការរៀបចំបញ្ជីបុគ្គលិកលម្អិតរបស់ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ

បញ្ជីធនធានហិរញ្ញវត្ថុលម្អិតរបស់ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំឡើង

 

កិច្ចប្រជុំដើម្បីផ្សព្វផ្សាយពីកិច្ចដំណើរការរៀបចំផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានការចូលរួមពីក្រសួងចំនួន១០ គឺ៖ 

១. ក្រសួងសាធារណការ និងដឹកជញ្ជូន

២. ក្រសួងបរិស្ថាន

៣. ក្រសួងអប់រំ យុវជន និងកីឡា

៤.  ក្រសួងពាណិជ្ជកម្ម

៥. ក្រសួងធនធានទឹក និងឧតុនិយម

៦. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

៧. ក្រសួងរ៉ែ និងថាមពល

៨. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

៩. ក្រសួងទេសចរណ៍

១០. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់