បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលា​ខណ្ឌ​ជ្រោយ​ចង្វារ (AKP)

ភ្នំពេញ ២៥ កញ្ញា ២០១៥៖ អាជ្ញាធររាជធានីភ្នំពេញបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខណ្ឌជ្រោយចង្វារថ្មី ស្ថិតនៅលើផ្ទៃដី៣០០០ម៉ែត្រការ៉េ ដែលមានទំហំ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ កម្ពស់៣ជាន់ ជាដីសម្បទានរបស់ក្រុមហ៊ុនOCIC ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ភ្នំពេញ ២៥ កញ្ញា ២០១៥៖ អាជ្ញាធររាជធានីភ្នំពេញបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលា ខណ្ឌជ្រោយចង្វារថ្មី ស្ថិតនៅលើផ្ទៃដី៣០០០ម៉ែត្រការ៉េ ដែលមានទំហំ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ កម្ពស់៣ជាន់ ជាដីសម្បទានរបស់ក្រុមហ៊ុនOCIC ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

 

ការសាងសង់អាគារសាលាខណ្ឌថ្មីនេះ គ្រោងនឹងចំណាយថវិកាអស់ប្រមាណជាង១០ ម៉ឺនដុល្លារអាម៉េរិក ដែលជាថវិការបស់សាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។

 

ថ្លែងក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នំា២០១៥ ឯកឧត្ដម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ផ្ទៃដីប្រមាណជាង៣០០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដែលជាដីសម្បទានរបស់ក្រុមហ៊ុនOICC ដែលបានជួលដីពីរដ្ឋចំនួន៩៩ឆ្នំា ដើម្បីធ្វើជាស្នាក់ការរដ្ឋបាលសាលាខណ្ឌជ្រោយចង្វារថ្មី ដើម្បីឱ្យមន្ត្រីនៅសាលាខណ្ឌជ្រោយចង្វារមានកន្លែង ធ្វើការសមរម្យដើម្បីងាយស្រួលក្នុងការផ្ដល់សេវាដល់ប្រជាពលរដ្ឋ។

 

ឯកឧត្ដម ប៉ា សុជាតិវង្ស បានបន្តទៀតថា ក្រោយការបំបែកខណ្ឌជាពីរ គឺខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារមក ខណ្ឌជ្រោយចង្វារមិនទាន់មានទីតាំងច្បាស់លាស់នៅឡើយ កន្លងមកត្រូវបានជួយអាគារផ្ទះចំនួន៤ល្វែងរបស់ក្រុមហ៊ុនOCIC ដើម្បីធ្វើការបណ្ដោះអាសន្ន។ ចំណែកទីតាំងចាស់ គឺយកធ្វើជាសាលាខណ្ឌឫស្សីកែវ។ ប៉ុន្តែថ្ងៃនេះអាជ្ញាធររាជធានីភ្នំពេញបាន សម្រេចធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការការិយាល័យរដ្ឋបាលខណ្ឌជ្រោយចង្វារថ្មី។

 

ឯកឧត្ដមអភិបាលរាជធានីបានបញ្ជាក់ថាបំណងប្រាថ្នារបស់សាលារាជធានីចង់ឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋនៅជិតគ្នា ហើយបើដាក់ទីស្នាក់ការមួយដែលមិនមានប្រជាជនទៅដល់គឺដើរមិនទាន់ត្រូវមិនទាន់ស្របជាមួយនឹងគោលការណ៍ប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាលនៅឡើយទេ ព្រោះអាជ្ញាធរកំពុងអនុវត្តន៍នូវច្រកចេញចូលតែមួយ ដើម្បីបង្ខិតសេវាសាធារណៈឱ្យនៅជិតប្រជាពលរដ្ឋ។ នេះជាគោលបំណងនៃការធ្វើវិមជ្ឈការ និងសហវិមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់