អគារ​រដ្ឋបាល​ និង​អគារ​សាល​ប្រជុំ​សាលាក្រុង ស្រុក​ចំនួន​៣៤​ត្រូវ​បាន​បញ្ចុះ​បឋម​សិលា​

បន្ទាយមានជ័យ ២០ មេសា ២០១៥៖ អគាររដ្ឋបាល និងអគារសាលាប្រជុំសាលាក្រុង ស្រុក ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ជាតំណាងអោយសាលាក្រុង ស្រុក ចំនួន៣៤ក្នុងខេត្តចំនួន១៨ផ្សេងទៀត កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ នៅខេត្តបន្ទាយមានជ័យ…

បន្ទាយមានជ័យ ២០ មេសា ២០១៥៖ អគាររដ្ឋបាល និងអគារសាលាប្រជុំសាលាក្រុង ស្រុក ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ជាតំណាងអោយសាលាក្រុង ស្រុក ចំនួន៣៤ក្នុងខេត្តចំនួន១៨ផ្សេងទៀត កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ នៅខេត្តបន្ទាយមានជ័យ។  

 

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាននេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងមានការចូលរួមពីសមាសភាពសមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិករដ្ឋាភិបាល ក្រសួងមហាផ្ទៃ សមាសភាពខេត្តពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដែលសរុបប្រមាណ៧៩រូប។

 

ក្នុងបញ្ចុះបឋមសិលានេះ ឯកឧត្តម ស ខេង ក៏បានមានប្រសាសន៍ថា ដោយសារផែនការអនុវត្តរយៈពេល៣ឆ្នាំ(ផអ៣) ដំណាក់កាលទី២ របស់កម្មវិធីជាតិរបស់រាជរដ្ឋាភិបាលផ្តោតលើក្រុង ស្រុក ការសាងសង់អគាររដ្ឋបាល និងសាលប្រជុំក្រុង ស្រុកនេះ គឺមានសារសំខាន់ក្នុងការជួយជំរុញអោយផអ៣ទី២អាចសម្រេចបាន។ 

 

ឯកឧត្តមបន្តថា អគាររដ្ឋបាល និងសាលប្រជុំក្រុង ស្រុកនេះមិនត្រឹមតែបំរើអោយការងាររដ្ឋបាលប៉ុណ្ណោះទេ អគារនេះអាចចាត់ចែងប្រើប្រាស់ក្នុងគោលដៅជាច្រើនដូចជា ការរៀនសូត្រ ការប្រជុំផ្សព្វផ្សាយពីបញ្ហាសុខភាព អនាម័យ កសិកម្ម និងការជួបជុំសហគមន៍ដើម្បីពិភាក្សាដោះស្រាយពីផលប្រយោជន៍នានាក្នុងមូលដ្ឋានផងដែរ។

 

លោក  Eric Sidgwick នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ផងដែរក្នុងពិធីនោះថា ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្ដល់ជំនួយជាថវិកាក្នុងការសាងសង់អគារនេះ ក្នុងគោលបំណងជួយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក អោយមានទីកន្លែងល្អសម្រាប់បំពេញការងារអោយប្រសិទ្ធផល ទីកន្លែងប្រជុំ និងកន្លែងសម្រាប់ផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋអោយមានប្រសិទ្ធភាព។

 

គម្រោងសាងសង់សាលាក្រុង ស្រុក គឹជាសមាសភាពមួយនៃគម្រោងអភិវឌ្ឍសេវាកម្មសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុតាមបែបវិមជ្ឈការ (DPSFM) ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី មានថវិកាសរុបចំនួន ១៣,៥ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន១លានដុល្លារអាមេរិក។ ដោយឡែក ថវិកាសម្រាប់ការសាងសង់អគាររដ្ឋបាល និងសាលប្រជុំក្រុង ស្រុក ការបំពាក់ឧបករណ៍ សម្ភារត្រូវចំណាយថវិកាចំនួន១១លានដុល្លារអាមេរិក។

 

គួរបញ្ជាក់ផងដែរថា ផ្អែកលើលក្ខណៈវិនិច្ឆ័យ និងរូបមន្តដែលធានានូវតម្លាភាពពិតប្រាកដ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបង្កើតបញ្ជីឈ្មោះក្រុង ស្រុកអាទិភាពតាមលំដាប់លំដោយ ដែលទទួលគាំទ្រដល់ការសាងសង់អគាររដ្ឋបាល និងសាលប្រជុំក្រុង ស្រុកចំនួន៣៤ ក្នុងខេត្តចំនួន១៨ដែលរួមមាន ខេត្តបន្ទាយមានជ័យចំនួន២ស្រុក បាត់ដំបងចំនួន៤ស្រុក កំពង់ចាមចំនួន១ស្រុក កំពង់ឆ្នាំងចំនួន៣ស្រុក កំពង់ធំចំនួន១ស្រុក កំពតចំនួន១ស្រុក កោះកុងចំនួន២ស្រុក ព្រៃវែងចំនួន២ស្រុក ពោធិ៍សាត់ចំនួន១ស្រុក ព្រះវិហារចំនួន៣ក្រុង ស្រុក ក្រចេះចំនួន១ស្រុក មណ្ឌលគិរីចំនួន៣ស្រុក រតនគិរីចំនួន២ស្រុក សៀមរាបចំនួន១ស្រុក ស្ទឹងត្រែងចំនួន២ស្រុក តាកែវចំនួន៣ស្រុក ឧត្តរមានជ័យចំនួន១ស្រុក និងខេត្តប៉ៃលិនចំនួន១ស្រុក។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់