ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៩ និង​ស្ពាន​មិត្តភាព​កម្ពុជា ចិន ស្ទឹងត្រែង​

"/
ស្ទឹងត្រែង ០១ មេសា ២០១៥៖ ផ្លូវជាតិលេខ៩ ប្រវែងជាង១៤៣គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ទៅដល់ខេត្តព្រះវិហារ និងស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រែង ប្រវែង១.៧៣១ម៉ែត្រ ត្រូវបានប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ក្រោមអធិបតីភាព សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា និងឯកអគ្គរដ្ឋទូតចិន លោកជំទាវ ពូ ជៀនគ័រ …

ស្ទឹងត្រែង ០១ មេសា ២០១៥ ៖ ផ្លូវជាតិលេខ៩ ប្រវែងជាង១៤៣គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ទៅដល់ខេត្តព្រះវិហារ និងស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រែង ប្រវែង១.៧៣១ម៉ែត្រ ត្រូវបានប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ក្រោមអធិបតីភាព សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា និងឯកអគ្គរដ្ឋទូតចិន លោកជំទាវ ពូ ជៀនគ័រ ។

 

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើសេចក្ដីរាយការណ៍ថា ៖ ផ្លូវជាតិលេខ៩ មានប្រវែងសរុប ១៤៣,៣៣គីឡូម៉ែត្រ គិតបញ្ចូលទាំងផ្លូវភ្ជាប់មកក្រុងស្ទឹងត្រែងប្រវែង០,៥៧គីឡូម៉ែត្រនិងស្ពានស្ទឹងត្រែង បំបែកចាប់ពីគីឡូម៉ែត្រលេខ ៤៥៨ ផ្លូវជាតិលេខ៧ ត្រង់ភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែងនៃខេត្តស្ទឹងត្រែង ដល់គីឡូម៉ែត្រលេខ ១៣០ ផ្លូវជាតិ លេខ៦២ ស្ថិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។ ផ្លូវនេះមានទទឹង ៩ម៉ែត្រ ផ្ទៃនៃទ្រូងផ្លូវជាប្រភេទកំរាលថ្មស្រោចកៅស៊ូស្ដើងពីរស្រទាប់DBST មានទទឹង៧ម៉ែត្រ មានសាងសង់ស្ពាន២៥កន្លែង  ទទឹង១០ម៉ែត្រ ប្រវែងសរុប៩៤៦ម៉ែត្រ និងសាងសង់លូ គ្រប់ប្រភេទ ចំនួន  ១៤៣កន្លែង និងស្ពានស្ទឹងត្រែង មានប្រវែង១៧៣១ម៉ែត្រ តួស្ពានមានទទឹង ១៣,៥០ម៉ែត្រ មាន គន្លងផ្លូវ២សម្រាប់រថយន្ត គន្លងនីមួយៗមានទទឺង៣,៥០ម៉ែត្រ, គន្លងពីរសម្រាប់ទោចក្រយានយន្ត គន្លងនីមួយៗមានទទឹង១,១០ម៉ែត្រ និងរបាបង្កាន់ដៃស្ពានទទឹង ០,២៥ម៉ែត្រសងខាង។

 

គម្រោងនេះ ចំណាយថវិកាសរុបប្រមាណ ១១៦លាន៥សែនដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់អនុវត្តការសាងសង់ដោយ ក្រុមហ៊ុនសំណង់សៀងហៃគ្រូប និងត្រួតពិនិត្យ ដោយ ក្រុមហ៊ុនសំណង់ក្វាងចូវវ៉ានអាន ដោយបានចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី២០ ខែសីហាឆ្នាំ ២០១១ រយៈពេលសាងសង់៤៥ ខែ ។

 

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៩ ជាអតីតផ្លូវលេខ២១៤ ដែលជាផ្លូវខេត្ត តភ្ជាប់ត្បែងមានជ័យ ខេត្តព្រះវិហារ មកស្រុក ថាឡាបរិវ័ត្ត ខេត្តស្ទឹងត្រែង កាត់តាមស្រុកឆែប ដែលពីមុនជាផ្លូវដី ទទឹងតូច ស្ទើរស្មើផ្ទៃដីធម្មជាតិ។

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ជាមួយនឹងស្ពានដែលសម្ពោធនៅថ្ងៃនេះ នៅមានស្ពាន៣ទៀតដែលមិនទាន់សម្ពោធ ក្នុងនោះគឺស្ពាននៅតាមទន្លេបាសាក់ចំនួន២គឺស្ពានតាខ្មៅ និងនៅកោះធំ និងនៅតាមទន្លេសាបចំនួន១។

 

ជាមួយនឹងសេចក្តីសោមនស្សដែលសម្រេចបានសមិទ្ធផលថ្មីនេះដែរ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជាថ្មីម្តងទៀតតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានគាំទ្រដល់គោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្តេច រម្លឹកថា ជំនួយរបស់មិត្តចិនចំពោះកម្ពុជា មិនមានលក្ខខ័ណ្ឌអ្វីទេ  អ្វីដែលមិត្តចិនត្រូវការក៏ដូចជាសេចក្តីត្រូវការរបស់យើងដែរ គឺប្រសិទ្ធភាពសេដ្ឋកិច្ច។

 

ក្នុងន័យនេះ សម្តេចបានបញ្ជាក់ថា មានផ្លូវ គឺមានសង្ឃឹម  ដូច្នេះនយោបាយហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នៅតែបន្ត ។  ជំនួយឥតសំណងរបស់ចិនមកកាន់ កម្ពុជា បានបង្កើនពីឆ្នាំទៅមួយឆ្នាំ ដែលកាលពីឆ្នាំទៅមាន៧០០លានយ័ន ប្រហែល១១៥លានដុល្លារ ហើយនៅឆ្នាំ២០១៥នេះ ចិនបានបង្កើនជំនួយឥតសំណងនេះរហូតដល់១ពាន់លានយ័ន ប្រហែល១៦៥លានដុល្លារ ដែលយើងយកមកប្រើប្រាស់ ក្នុងវិស័យអាទិភាព មានដូចជាវិស័យអប់រំ សុខាភិបាល និងបញ្ហាសង្គមកិច្ច។

អានព័ត៌មានលម្អិតបន្ថែម (គេហទំព័រទូរទស្សន៍បាយ័ន)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់