អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​អោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ក្នុង​ការ​ស្ថាបនា​ប្រព័ន្ធ​លូ​និង​ផ្លូវ បន្ថយ​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ

ភ្នំពេញ ៩ ធ្នូ ២០១៥៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ប៉ា សុជាតិវង្សបានជំរុញអោយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាក្នុងការស្ថាបនាប្រព័ន្ធលូនិងផ្លូវនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់ បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដោយហេតុថាកន្លងមកនេះដោយសារតែខ្វះការសហការ បានធ្វើអោយការដ្ឋានមួយចំនួនត្រូវបានទុកចោលអោយនៅមេម៉ាយជាច្រើនខែ។

 

ភ្នំពេញ ៩ ធ្នូ ២០១៥៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ប៉ា សុជាតិវង្សបានជំរុញអោយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ក្នុងការស្ថាបនាប្រព័ន្ធលូនិងផ្លូវនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់ បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដោយហេតុថាកន្លងមកនេះដោយសារតែខ្វះការសហការ បានធ្វើអោយការដ្ឋានមួយចំនួនត្រូវបានទុកចោលអោយនៅមេម៉ាយជាច្រើនខែ។

 

ឯកឧត្ដម ប៉ា សុជាតិវង្សបានជំរុញបែបនេះកាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ ដោះស្រាយផលប៉ះពាល់នៃការស្ថាបនាប្រព័ន្ធលូនិងផ្លូវ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មន្ត្រីជំនាញនិងក្រុមហ៊ុន ដែលទទួលការស្ថាបនាពីសាលារាជធានីភ្នំពេញផងដែរ។

 

ឯកឧត្ដម ប៉ា សុជាតិវង្សបានមានប្រសាសន៍លើកឡើងថា ដោយសារតែខ្វះការសហការរវាងស្ថាប័នពាក់ព័ន្ធនេះហើយ វាបានធ្វើអោយខូចដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលបានទម្លាក់ថវិការាប់លានដុល្លាដើម្បីកសាងផ្លូវ លូ ប្រឡាយជូនប្រជាពលរដ្ឋ ប៉ុន្តែបែរជាប្រជាពលរដ្ឋជេរទៅវិញ។ ការជេរពីសំណាក់ប្រជាពលរដ្ឋនោះគឺផ្តើមចេញពីមន្ត្រីនិងស្ថាប័នពាក់ព័ន្ធរបស់យើងមិនបានរួមគ្នាធ្វើ ធ្វើអោយការដ្ឋានមួយចំនួនត្រូវបានទុកចោល ហើយការទុកចោលនេះហើយជាការថ្នាំងថ្នាក់យ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រជាពលរដ្ឋ។ លោកបន្តថា នេះជាបទពិសោធន៍របស់យើង ដោយចាប់ពីពេលនេះតទៅ ត្រូវតែរួមគ្នាធ្វើមានបញ្ហាអ្វី ដូចជាប៉ះបណ្ដាញទឹកស្អាត ប៉ះខ្សែភ្លើង បង្គោលភ្លើង ខ្សែកាបត្រូវតែរួមគ្នាដោះស្រាយភ្លាមៗដើម្បីអោយការដ្ឋាននោះដំណើរទៅរហូត នោះការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយហើយ។ លោកសុំអោយមន្ត្រីយើងក៏ដូចជាក្រុមហ៊ុនត្រូវសិក្សារៀនសូត្រពីអង្គការចៃកា គេអនុវត្តគម្រោងនីមួយៗបានល្អណាស់ ពោលគឺបើគេដាក់លូប្រវែង១០០ម៉ែត្រក្នុងរយៈពេលមួយខែ មួយខែក្រោយដាច់ខាតគេត្រូវតែធ្វើបាន មិនបង្កការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋឡើយ។

 

ឯកឧត្ដម ប៉ា សុជាតិវង្ស ក្នុងឱកាសនោះក៏បានណែនាំអោយមន្ត្រីជំនាញក៏ដូចជាក្រុមហ៊ុនដែលទទួលម៉ៅការពីសាលារាជធានីភ្នំពេញត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់ ចំពោះការដ្ឋានរបស់ខ្លួន ពិសេសការដ្ឋាននីមួយៗ ត្រូវតែគិតពីសុវត្ថិភាពជាចម្បងមិនអាចបើកការដ្ឋានបង្កការគ្រោះដល់ប្រជាពលរដ្ឋផ្ដើមពីការធ្វេសប្រហែសរបស់យើងនោះទេ៕

 

អត្ថបទដកស្រងចេញពីគេហទំព័របាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់