ប្រមុខ​រាជរដ្ឋាភិបាល ក្រើនរំលឹក​ឲ្យ​គ្រប់​ស្ថាប័ន​ជាតិ​ទាំងអស់ ពិនិត្យមើល​នីតិវិធី នៃ​ការកែទម្រង់​ស៊ីជម្រៅ

ភ្នំពេញ ២១ កក្កដា ២០១៤៖ នៅក្នងឱកាសខួបមួយឆ្នាំនៃការបង្កើតរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ និងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រីអាណត្តិទី៥ នៃរដ្ឋសភា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹក…

ដោយ៖ គេហទំព័រ Everyday ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង ១៧:៣៨

http://www.everyday.com.kh/mobile/article/27412.html

ភ្នំពេញ ២១ កក្កដា ២០១៤៖ នៅក្នងឱកាសខួបមួយឆ្នាំនៃការបង្កើតរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ និងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រីអាណត្តិទី៥ នៃរដ្ឋសភា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកឡើងវិញនូវនីតិវិធីនៃការកែទម្រង់ស៊ីជម្រៅ តាមរយៈឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល ដោយតម្រូវឲ្យថ្នាក់ដឹកនាំស្ថាប័នរបស់រាជរដ្ឋាភិបាលទាំងអស់ ដឹកនាំ ការប្រជុំផ្ទៃក្នុង ដើម្បីធ្វើការបូកសរុបវាយតម្លៃ រកឲ្យឃើញនូវចំណុចខ្វះខាត ដើម្បីកែលម្អរ ឆ្ពោះទៅរកវឌ្ឍនភាព និងប្រសិទ្ធភាព ការងារសម្រាប់ឆ្នាំខាងមុខ។
   
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។ សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា កិច្ចប្រជុំ បានធ្វើការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

នៅក្នុងអាណត្តិទី៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ស្របតាមយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ក្នុងនោះ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបានចែកចេញជាពីរក្រសួង គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងរ៉ែ និងថាមពល។

ដោយពិនិត្យឃើញថាច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ដែលត្រូវបានដាក់ឲ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០០៦ នេះមានការពាក់ព័ន្ធនឹងឈ្មោះក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលជាក្រសួងចាស់ និងដើម្បីបន្តដំណើរការនៃការអនុវត្តច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម ស្របទៅតាមឈ្មោះ និងសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មនោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានស្នើសុំធ្វើវិសោធនកម្ម លើគ្រប់មាត្រាទាំងអស់ ដែលពាក់ព័ន្ធនឹងពាក្យ “ឧស្សាហកម្ម រ៉ែ និងថាមពល” ប្តូរទៅជា “ឧស្សាហកម្ម និងសិប្បកម្ម” វិញ ដែលមានចំនួន ៥៥ ចំណុច ដោយខ្លឹមសារនៃបទបញ្ញត្តិ ក្រៅពីនេះ នៅរក្សាទុកជាធរមានដដែល។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក៏បានពិភាក្សា និងឆ្លងសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី កំណត់ស្តង់ដាគោលជាតិគីឡូក្រាម។

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានធ្វើកិច្ចសហប្រតិ្តបត្តិការជាមួយអង្គការសហប្រជា ជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងគោរពតាមលំដាប់ឋានានុក្រមផ្នែកទម្ងន់នៃអង្គការនីត្យានុកូលមាត្រាសាស្ត្រអន្តរជាតិ (OIML) និងការិយាល័យអន្តរជាតិផ្នែក ទមន្ងន់ និងរង្វាស់រង្វាល់ (BIPM)។

ក្រោយពីមានកិច្ចសហប្រតិបត្តិការដូចខាងលើក្នុងគម្រោងដំណាក់កាលទី១ ពីឆ្នាំ២០០៣-២០០៥ អង្គការសហ ប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានផ្តល់នូវកូនទម្ងន់ ១គីឡូក្រាម ផលិតនៅប្រទេសអាល្លឺម៉ង់ ដែលជា  វត្ថុធាតុផ្សំសំលោធាតុ ពិសេសដែលមិនច្រែះចំនួន ២គ្រាប់ និងមានចំណាត់ថ្នាក់ខ្ពស់បំផុត គឺ អឺសូន្យ (E0)។

ដោយការពិនិត្យផ្អែកលើតាមលក្ខណៈបច្ចេកទេស ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រេចជ្រើសរើសយកកូនទម្ងន់១ គ្រាប់ មានលេខសម្គាល់ ២៣៤០២០៤ ជាស្តង់ដាគោលជាតិគីឡូក្រាម។

ផលប្រយោយន៍សំខាន់ៗ នៃស្តង់ដាគោលជាតិគីឡូក្រាម គឺវិស័យមាត្រាសាស្ត្រជាធាតុចូលមួយដ៏សំខាន់ ក្នុងសកម្មភាពអភិវឌ្ឍន៍ ឧស្សាហកម្ម សេវាកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងជាមូលដ្ឋានគ្រឹះនៃការពន្លឿនភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក៏បានពិភាក្សាអនុម័តលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី វិស័យវប្បធម៌។ គោល នយោបាយជាតិ ស្តីពី វិស័យវប្បធម៌នេះ ត្រូវបានរៀបចំឡើង ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយអង្គការយូណេស្កូ អនុលោម តាមអនុសញ្ញា ស្តីពីការការពារ និងការលើកស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០០៧ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៣ ដោយបន្ស៊ីទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។

គោលបាយជាតិ ស្តីពីវិស័យវប្បធម៌នេះគឺជាមូលដ្ឋានគ្រឹះ និងជាផែនទីចង្អុលផ្លូវក្នុងការនាំឆ្ពោះទៅសម្រេចនូវគោល ដៅជាអាទិភាព ដូចជា៖ បេតិកភណ្ឌជាតិនឹងទទួលបានការថែរក្សា ការពារ និងអភិវឌ្ឍន៍ឲ្យស្ថិតស្ថេរគង់វង្សជានិរន្តន៍។

បេតិកភណ្ឌវប្បធម៌នឹងក្លាយជាចលករក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយប្រសិទ្ធភាព។ អត្ត សញ្ញាណ សីលធម៌ និងកិត្យានុភាពជាតិ ត្រូវបានលើកតម្កើងប្រកបដោយមោទនភាពជាតិថែមទៀត។ វប្បធម៌ខ្មែរ កាន់តែទទួលបាននូវចំណាប់ អារម្មណ៍ពីប្រជាជាតិគ្រប់ស្រទាប់វណ្ណៈ។ ថែរក្សា និងការពារបាននូវចំណេះដឹងប្រពៃណី និងភាពផ្សេងៗគ្នានៃវប្បធម៌។

សិល្បៈប្រឌិតញាណ និងកកើតឡើងប្រកបដោយភាពសម្បូរបែប។ ប្រជាជនកម្ពុជា នឹងទទួលបាននូវផលប្រយោជន៍ពីសម្បត្តិវប្បធម៌ ប្រកបដោយសមធម៌។ សហគមន៍អន្តរជាតិកាន់តែទទួលស្គាល់ពីសក្តានុពលវប្បធម៌ និងឧស្សាហកម្មវប្បធម៌របស់ខ្មែរថែមទៀត។

នៅក្នុងបញ្ហាផ្សេងៗ អង្គប្រជុំគណៈរដ្ឋមន្ត្រី បានអនុម័តបញ្ជូនទៅសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញតិលើ៖ ពិធីសារណាហ្គូយ៉ា ស្តីពី សិទ្ធិទទួលផលពីធនធាននសេនេទិក និងការបែងចែកផលប្រយោជន៍ការប្រើប្រាស់ធនធានសេនេទិក ដោយស្មើភាព និងសមធម៌ នៃអនុសញ្ញាសហប្រជាជាតិ ស្តីពី ជីវចម្រុះ។ កិច្ចព្រមព្រៀង ស្តីពី សហប្រតិបត្តិការវប្បធម៌ រវាងរដ្ឋាភិបាលនៃរដ្ឋជាសមាជិក នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសជំហរបញ្ជាក់ជាថ្មីម្តងទៀត អំពីនយោបាយចិនតែមួយ នៃគោលនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក្ខតៃវ៉ាន់ ជាខេត្តមួយរបស់ចិនតែមួយប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យលើកទង់ជាតិតៃវ៉ាន់ ឬមិនឲ្យមានតំណាងរបស់តៃវ៉ាន់ នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ទោះក្នុងរូបភាពណាក៏ដោយ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់