រាជរដ្ឋាភិបាលនឹងចាត់វិធានការបន្ទាន់ចំពោះប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ដែលឆ្លៀតកេងចំណេញលើប្រជាពលរដ្ឋ

ភ្នំពេញ ៤ កុម្ភៈ ២០១៥៖ ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអនុប្រធាន គ.ជ.អ.ប មានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ការផ្តល់ឥណទាន មិនទាន់ឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ ធ្វើឱ្យប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ មួយចំនួន ឆ្លៀតកេងចំណេញ ដោយផ្តល់ឥណទានក្នុងអត្រាការប្រាក់ខ្ពស់។ ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ក្នុងរូបភាពជាសមាគម ឬ អង្គការមិនមែនរដ្ឋាភិបាល មានការកើនឡើង កាន់តែច្រើន ដែលមិនបានចុះបញ្ជី នៅធនាគារជាតិ នៃកម្ពុជា ហើយប្រតិបត្តិករទាំងនេះ រកប្រាក់ចំណេញ…

ភ្នំពេញ ៤ កុម្ភៈ ២០១៥៖ ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអនុប្រធាន គ.ជ.អ.ប មានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ការផ្តល់ឥណទាន មិនទាន់ឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ ធ្វើឱ្យប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ មួយចំនួន ឆ្លៀតកេងចំណេញ ដោយផ្តល់ឥណទានក្នុងអត្រាការប្រាក់ខ្ពស់។ ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ក្នុងរូបភាពជាសមាគម ឬ អង្គការមិនមែនរដ្ឋាភិបាល មានការកើនឡើង កាន់តែច្រើន ដែលមិនបានចុះបញ្ជី នៅធនាគារជាតិ នៃកម្ពុជា ហើយប្រតិបត្តិករទាំងនេះ រកប្រាក់ចំណេញ មិនគោរពក្រមសីលធ៌មវិជ្ជាជីវៈ ធ្វើឱ្យប៉ះពាល់ ដល់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល។ ម៉្យាងទៀត ប្រជាជនគិតថា ការផ្តល់ឥណទាន របស់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ខាងលើជារបស់រដ្ឋ។

ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម គាត ឈន់ ថ្លែងថា ដើម្បីដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងទៅអនាគតនៃឥណទាន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងដើម្បីពង្រឹងវិស័យនេះ ដែលជាវិស័យមួយក្នុងការចូលរួមចំណែកអភិវវឌ្ឍសេដ្ឋកិច្ច សង្គមជនបទ ជាពិសស ការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ឲ្យមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព  រាជរដ្ឋាភិបាលនឹងចាត់វិធានការបន្ទាន់មួយចំនួន រួមមានៈ

  1. តាមដាននិងពង្រឹងការគ្រប់គ្រងការចុះបញ្ជីប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ និងចាត់វិធានការចំពោះប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ដែលធ្វើការខ្ចីប្រាក់ពីគេក្នុងអត្រាការប្រាក់ទាប ហើយផ្តល់ឥណទានបន្តឱ្យទៅអតិថិជនក្នុងអត្រាការប្រាក់ខ្ពស់
  2. ជំរុញការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ ដោយរួមសហការជាមួយសមាគមន៍មីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា អំពីប្រព័ន្ធនៃការខ្ចីប្រាក់ផ្លូវការតាមរយៈ សារព័ត៌មាន (កាសែត ស្ពតទូរទស្សន៍) ឬ សិក្ខាសាលាជាដើម ដោយធ្វើការពន្យល់បង្ហាញថា ប្រព័ន្ធប្រតិបត្តិការនៃការខ្ចីប្រាក់ខាងលើនេះ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ឬអង្គការមិនមែនរដ្ឋាភិបាល ដែលជាប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ហើយគ្រឹះស្ថានទាំងនោះ មិនមែនជារបស់រដ្ឋទេ
  3. រួមចាត់វិធានការតឹងរឹងដល់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុធ្វើអាជីវកម្មខុសច្បាប់ ដែលបានផ្តល់បា្រក់កម្ចីមិនគោរពក្រមសីលធ៌មវិជ្ជាជីវៈធ្វើឱ្យប៉ះពាល់ និង ខូចខាតធ្ងន់ធ្ងរដល់វិស័យទាំងមូល។ ជាមួយនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងធ្វើការសិក្សាអំពីលទ្ធភាព ដើម្បីបន្ថយអត្រាការប្រាក់ និងរៀបចំច្បាប់ បទប្បញ្ញត្តិចាំបាច់សម្រាប់ការពារអតិថិជនដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់ឥណទានដល់ប្រជាពលរដ្ឋងាយរងគ្រោះ។ ដោយឡែក សម្រាប់រយៈពេលមធ្យម គឺជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តអនុវត្តការងារតាមការកំណត់នៃយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០។ 

ឯកឧត្តម គាត ឈន់ សង្កត់ធ្ងន់ថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាគ្រឹះស្ថានដែលគ្រប់គ្រងដោយឯកជន មិនមែនជារបស់រដ្ឋឡើយ។ គ្រឹះស្ថានទាំងនោះជាស្ថាប័នស្វែងរកប្រាក់ចំណេញដើម្បីនិរន្តរភាពហិរញ្ញវត្ថុរបស់ខ្លួន ក្នុងការបន្តផ្តល់ប្រាក់ខ្ចីជូនដល់ប្រជាពលរដ្ឋ ពោលគឺមិនមែនជាអង្គការមនុស្សធម៌ដែលផ្តល់ប្រាក់ជំនួយឡើយ។ ប្រជាពលរដ្ឋដែលខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណនិងចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ត្រូវតែមានកាតព្វកិច្ចសងប្រាក់នៃការខ្ចីឱ្យគ្រឹះស្ថានវិញ។

ឯកឧត្តម បន្តថា៖ «ដូច្នេះ ដើម្បីចៀសវាងកុំអោយប្រជាជនមានការយល់ច្រឡំថាគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការនានាដែលផ្តល់ឥណទានជារបស់រដ្ឋ អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវធ្វើការអប់រំ ណែនាំ ដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរឃុំ សង្កាត់ និងភូមិ កុំអោយចូលរួមដើរប្រមូលប្រាក់សំណងពីប្រជាជនឲ្យទៅគ្រឹះស្ថាននិងអង្គការខាងលើនេះ »៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់