កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ និង​លើក​ទិសដៅ​ អនុវត្ត​បន្ត​របស់​ក្រុមការងារ​ថ្នាក់ខេត្ត​ចុះ​ជួយ​មូលដ្ឋាន​ក្រុង ស្រុក​

កំពត ២៨ តុលា ២០១៤៖ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកំពុងជួប ប្រទះ ព្រមទាំងដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ ខេត្តចុះជួយមូលដ្ឋានក្រុងស្រុកក្នុងការត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា…

កំពត ២៨ តុលា ២០១៤៖ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ព្រមទាំងដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានក្រុងស្រុកក្នុងការត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា សាលាខេត្តកំពតបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤។

 

កិច្ចប្រជុំនេះអញ្ជើញជាអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅសាលាខេត្តកំពត។

 

ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានបានរាយការណ៍ឱ្យដឹងថា សម្រាប់ខេត្ត កំពតរយៈពេល១០ខែនៃការអនុវត្តភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលគ្រប់ថ្នាក់ និអ្នកងជំនាញពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែង អនុវត្តការងារយ៉ាងសកម្ម ព្រមទាំងទទួលបានជោគជ័យគួរឱ្យមោទនៈ។ 

 

ក្នុងការបង្កើតនូវក្រុមការងារជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ខេត្តបានសម្រេចការងារជាច្រើនដូចជា ការបង្កើតក្រុមការងារជាតិចុះជួយស្រុក ក្រុង ការបង្កើតវេទិកាសាធារណៈដែលមាននៅឃុំថ្មី ការចុះដោះស្រាយពាក្យបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ការបន្តចុះក្តាប់ព័ត៌មាន និងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ផលលំបាករបស់ប្រជាពលរដ្ឋដែលនឹងលើកឡើងពេលមានកម្មវិធីវេទិកាសាធារណៈ។ 

 

ជាពិសេស រយៈពេល៣ខែកន្លមកនេះ ខេត្តបានចុះបើកវេទិកាសាធារណៈនៅតាមឃុំសង្កាត់ទាំង ៩៣ក្នុង ៨ស្រុក ក្រុង ដែលជាផែនការបានដាក់ ចុះដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្រោមការចុះដឹកនាំ ផ្ទាល់ពីសំណាក់ឯកឧត្តម លោកជំទាវជាប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រុង រួមជាមួយថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីជំនាញមកពីគ្រប់មន្ទីរ ស្រុក ក្រុងក្នុងទូទាំងខេត្ត។

 

ផ្តាំផ្ញើក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបទពិសោធន៍ដែលបានទទួលកន្លងមក សង្ឃឹមថាឯកឧត្ត លោកជំទាវ និងលោក លោកស្រីទាំងអស់នឹងយកទៅអនុវត្តបន្តទៀត។ ក្នុងនោះដែរដើម្បីប្រសិទ្ធភាព និងកាន់តែទទួលបាននូវភាពជោគជ័យ មុនបើកវេទិកាសាធារណៈនៅមូលដ្ឋាននានាត្រូវគិតគូរអំពីពេលវេលា ទីកន្លែង និងការប្រើប្រាស់ពេលវេលាកុំយូរអង្វែងពេក ជាពិសេសត្រូវប្រើពាក្យសម្តី កាយវិកាទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ទោះបីសំណួរខ្លះមានលក្ខណៈមិនគប្បីក្តី៕

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកំពត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់