ក្រសួង​កិច្ចការ​នារី៖ «ធ្វើ​ការងារ​ជួយ​ដល់​ស្ត្រី គឺ​ជួយ​គ្រួសារ​ និង​សង្គមជាតិ​ទាំងមូល»

ភ្នំពេញ ២៨ តុលា ២០១៦៖ «បើនិយាយពីការជួយស្ត្រី គឺការជួយដល់ក្រុមមនុស្សទាំងអស់មិនមែនតែស្ត្រីតែមួយក្រុមទេ។ ធ្វើការងារជួយស្ត្រី គឺជួយគ្រួសារ និងសង្គមជាតិទាំងមូល។ ដោយសារគាត់ជាសមាជិកម្នាក់ក្នុងសង្គម ដែលត្រូវទទួលបានតួនាទី ឋានៈសមរម្យ និងឱកាសសម្រាប់ការអភិវឌ្ឍសមត្ថភាពដើម្បីឈានដល់ការបំពេញការងារដែលប្រកបដោយសមត្ថភាព ឆន្ទៈ និងអាចជាគំរូដល់អ្នកជំនាន់ក្រោយ។»

នេះជាការលើកឡើងរបស់លោកជំទាវ គឹម ស៊ីផាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារយុទ្ធសាស្ត្រស្ដីពីការបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្ដីសម្រេចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

លោកជំទាវអគ្គនាយកមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នឹងក្លាយជាធាតុចូលដើម្បីបង្កើនចំនួនស្ត្រីដែលជាអ្នកដឹកនាំក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាផលប្រយោជន៍សម្រាប់ស្ត្រី ទាំងអស់ទូទាំងប្រទេស។ ក្នុងនាមជាថ្នាក់ដឹកនាំត្រូវតែគិតគូរ យកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅដល់ក្រុមមនុស្សទាំងអស់មិនថាភេទស្រី ភេទប្រុស និងក្រុមជនងាយរងគ្រោះនោះទេ។

ដោយឡែក លោកសុខ សុទ្ធី ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ក្នុងកិច្ចប្រជុំថា រាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងមុតមាំក្នុងការបង្កើនចំនួនស្ត្រីក្នុងតួនាទីជាអ្នកសម្រេចចិត្តនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) បានកំណត់ចំណុចដៅដែលយ៉ាងហោចណាស់មានស្ត្រី២០% ជានាយករដ្ឋបាល និងនាយកទីចាត់ការរាជធានី ខេត្ត គិតឆ្នាំ២០១៨។ ហើយបានកំណត់ផងដែរថា យ៉ាងហោចណាស់មានស្ត្រី២៥% ជានាយករដ្ឋបាល និងប្រធានការិយាល័យនៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ គិតឆ្នាំ២០១៨៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់