ស្រប​ពេល​នឹង​ការ​ផ្ទេរ​មុខងារ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ បរិយា​ប័ន្ន និង​សមធម៌​សង្គម​កាន់​តែ​ត្រូវ​យកចិត្ត​ទុកដាក់​

ភ្នំពេញ ២៧ មេសា ២០១៦៖ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា ឆ្នាំ២០១៦នេះ គឺជាឆ្នាំដែលមានក្រសួងកាន់តែច្រើនត្រូវផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលក្រុង ស្រុក ដើម្បីលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ដូចនេះរដ្ឋបាលក្រុង ស្រុកចាំបាច់ត្រូវពិនិត្យលើបរិយាប័ន្ន និងសមធម៌សង្គមដោយត្រូវប្រាកដថារាល់សេវា ឬផែនការអភិវឌ្ឍន៍ដែលលើកឡើងក្នុងមូលដ្ឋានគឺផ្តល់ប្រយោជន៍ដល់ក្រុមជនងាយរងគ្រោះ ជនជាតិដើមភាគតិច ពិសេសស្ត្រី និងកុមារ…

ភ្នំពេញ ២៧ មេសា ២០១៦៖ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា ឆ្នាំ២០១៦នេះ គឺជាឆ្នាំដែលមានក្រសួងកាន់តែច្រើនត្រូវផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលក្រុង ស្រុក ដើម្បីលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ដូចនេះរដ្ឋបាលក្រុង ស្រុកចាំបាច់ត្រូវពិនិត្យលើបរិយាប័ន្ន និងសមធម៌សង្គមដោយត្រូវប្រាកដថារាល់សេវា ឬផែនការអភិវឌ្ឍន៍ដែលលើកឡើងក្នុងមូលដ្ឋានគឺផ្តល់ប្រយោជន៍ដល់ក្រុមជនងាយរងគ្រោះ ជនជាតិដើមភាគតិច ពិសេសស្ត្រី និងកុមារ។

 

ឯកឧត្តម បានលើកឡើងដូចនេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើឯកសារបច្ចេកទេសស្តីពីការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការចូលរួមពីតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងក្រសួងកិច្ចការនារី សរុបប្រមាណជា៧០រូប នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

 

ឯកឧត្តម ង៉ាន់ ចំរើន បានបញ្ជាក់ក្នុងសិក្ខាសាលាថា នៅពេលដែលមុខងារ និងធនធានត្រូវបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្រើននោះ ប្រជាពលរដ្ឋគឺកាន់តែមានភាពងាយស្រួលក្នុងការទទួលសេវាបានកាន់តែច្រើន ប្រសិនបើបរិយាប័ន្ន និងសមធម៌សង្គមមិនត្រូវបានយកចិត្តទុកដាក់នោះនឹងនាំឲ្យមានគំលាតកាន់តែធំចំពោះជនងាយរងគ្រោះ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើរតួសំខាន់ក្នុងការធានាឲ្យបានថាប្រជាពលរដ្ឋគ្រប់ៗ ទាំងជនងាយរងគ្រោះ ស្រ្តី កុមារ ជនជាតិដើមភាគតិច ចាស់ជរា ជនពិការ មានភាពស្មើគ្នាក្នុងការទទួលយកសេវាសាធារណៈពីរដ្ឋបាលរបស់ខ្លួន។

 

ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវធានាឲ្យបាននូវរាល់ការកាត់បន្ថយភាពក្រីក្រ សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចដល់ស្រ្តី កិច្ចការពារសិទ្ធិស្រ្តី កុមារ ជនពិការ ចាស់ជរា និងជនជាតិដើមភាគតិច។

 

គួរបញ្ជាក់ផងដែរថា អង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋានគ.ជ.អ.ប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ឯកសារបច្ចេកទេសស្តីពីការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គមនៅថ្នាក់ក្រោមជាតិដើម្បីជាធាតុចូលក្នុងការអភិវឌ្ឍឯកសារបច្ចេកទេសនេះសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៦ នៅក្រសួងមហាផ្ទៃ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់