មន្ទីរ​កិច្ចការ​នារី​រាជធានីភ្នំពេញ​ ផ្សព្វផ្សាយ​វេទិកា​​សាធារណៈ​ស្តីពី​ការ​លើក​កម្ពស់សមភាព​យ៉េនឌ័រ​

ភ្នំពេញ ១៩ វិច្ឆិកា ២០១៤៖ ស្ត្រីមានតួនាទីសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម  និងកសាង សហគមន៍រួមទាំងការចូលរួមក្នុងដំណើរ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ភ្នំពេញ ១៩ វិច្ឆិកា ២០១៤៖ ស្ត្រីមានតួនាទីសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម  និងកសាងសហគមន៍រួមទាំងការចូលរួមក្នុងដំណើរ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ នេះជាការលើកឡើងរបស់លោកស្រី កែ ចន្ទដួង ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ក្នុងវេទិកាសាធារណៈស្តីពី ការលើកកម្ពស់សមភាពយ៉េនឌ័រ នៅសាលាខណ្ឌ៧មករា កាលពីថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៤។

វេទិកាផ្សព្វផ្សាយសាធារណៈ ស្តីពីការលើកកំពស់សមភាពយ៉េនឌ័រ មានការអញ្ជើញជាអធិបតីភាពដោយ លោក ស្រី កែ ចន្ទដួង ប្រធានមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ និងលោកស្រី សក់ ចិន្តារី អភិបាលរងខណ្ឌ ៧មករា និងមានអ្នកចូលរួមប្រមាណ១០០នាក់ រួមមាន ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រធានភូមិ អនុប្រធានភូមិ រួមទាំងជនបង្គោលស្ត្រីទាំង ៨ សង្កាត់ ក្នុងខណ្ឌ ៧មករា។
         
លោកស្រី ប្រធានមន្ទីរកិច្ចការនារី បានលើកឡើងថា ភាពចាំបាច់ដែលស្ត្រី និងបុរសទាំងអស់មានតំណាងរបស់ខ្លួនក្នុងការចូលរួមក្នុងដំណើរការអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ក៏ដូចជា ការអនុវត្តផែនការនិងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន។ បុរសពុំអាចធ្វើជាតំណាងពេញលេញឲ្យស្ត្រីបានទេ ពីព្រោះស្ត្រីមានបទពិសោធន៍ និងមានការយល់ដឹងពីសហគមន៍ និងយល់ដឹងពីស្ត្រីដូចគ្នា ហើយស្ត្រីជាឆ្អឹងខ្នងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យមានការរីកចំរើនបានឆាប់រហ័ស។
         
លោកស្រី សក់ ចិន្តារី អភិបាលរងខណ្ឌ៧មករា បានមានប្រសាសន៍បញ្ជាក់ថា វេទិកានៅថ្ងៃនេះ គឺជាការបញ្ជ្រាបសមភាពយ៉េនឌ័រ ដល់ស្ត្រី និងទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ។ ស្ត្រី និងបុរស មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងរាល់ការងារក្នុងសង្គមប៉ុន្តែបុរសពុំអាចពពោះ បង្កើតកូនបានដូចស្ត្រីទេ ដូច្នេះបរុសត្រូវតែលើកកំពស់ស្ត្រី។

សូមបញ្ជាក់ថា មន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានធ្វើវេទិកាផ្សព្វផ្សាយសាធារណៈ ស្តីពី ការលើកកំពស់សមភាពយ៉េនឌ័រ ដោយជ្រើសរើសយកចំនួន ៤ ខណ្ឌ ក្នុងចំណោមខណ្ឌទាំង ១២ នៃរាជធានីភ្នំពេញ ដូចជា ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់