ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សង្គម​សេដ្ឋកិច្ចជាតិ ការ​យល់ដឹង​ពី​យេនឌ័រ​គឺ​មាន​សុភមង្គល​ក្នុង​គ្រួសារ ​និង​ក្នុង​សង្គមជាតិ​

កំពង់ឆ្នាំង ២២ មករា ២០១៥៖ «ស្ត្រីជាឆ្អឹងខ្នងនៃសង្គមសេដ្ឋកិច្ចជាតិ។ យល់ដឹងពីយេនឌ័រគឺមានសុភមង្គលក្នុងគ្រួសារ និងក្នុងសង្គមជាតិ» នេះជាការលើកឡើងរបស់លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលជាគណៈអធិបតីនៅក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង…

កំពង់ឆ្នាំង ២២ មករា ២០១៥៖ «ស្ត្រីជាឆ្អឹងខ្នងនៃសង្គមសេដ្ឋកិច្ចជាតិ។ យល់ដឹងពីយេនឌ័រគឺមានសុភមង្គលក្នុងគ្រួសារ និងក្នុងសង្គមជាតិ» នេះជាការលើកឡើងរបស់លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលជាគណៈអធិបតីនៅក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ក្នុងសាលប្រជុំសាលាខេត្តដែលមានការចូលរួមពីលោកជំទាវ ដោក សុធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

 

នៅក្នុងពិធីនេះលោកស្រី អ៊ិត នឿន អនុប្រធានមន្ទីរកិច្ចការនារីខេត្តបានរាយការណ៍អំពីលទ្ធផលរយៈពេល៥ឆ្នាំរបស់មន្ទីរកិច្ចការនារីខេត្តបានឲ្យដឹងថា មន្ទីរបានបើកវគ្គបណ្ដុះបណ្ដាលដល់សិស្សស្រីៗ បានចំនួន១.០៤៨នាក់ឲ្យមានជំនាញកាត់ដេរ អ៊ុតសក់ សំអាងការ និងតម្បាញ ដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសារ។

 

បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យស្ត្រីទៅពិនិត្យផ្ទៃពោះ និងសម្រាលកូនក្នុងមណ្ឌលសុខភាពបានចំនួន២០១លើក មានអ្នកចូលរួម៩.៥៦២នាក់ (ស្រី៥.៩០៣នាក់) បានរៀបចំវេទិកាយុទ្ធនាការបុរសល្អដល់ប្រជាពលរដ្ឋ៤ស្រុក ចូលរួម៧២៥នាក់ ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីផ្លាស់ប្ដូរផ្នត់គំនិតផ្នែកយេនឌ័រ។

 

ការរៀបចំវេទិកាសន្ទនាសហគមន៍គឺដើម្បីទប់ស្កាត់អំពើហិង្សាដល់សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ប៉ុស្តិ៍នគរបាល អធិការស្រុក កងរាជអាវុធហត្ថស្រុកបានចំនួន១៣លើក មានអ្នកចូលរួមចំនួន២.៣១៧នាក់។ កិច្ចអន្តរាគមន៍បានផ្តល់ប្រឹក្សាសម្រុះសម្រួល និងជួយសរសេរពាក្យបណ្ដឹងស្ត្រីរងគ្រោះដោយអំពើហិង្សា៦២នាក់ និងស្ត្រីរងគ្រោះដោយការរំលោភសេពសន្ថវៈចំនួន២៦នាក់ដាក់ជូនតុលាការ និងបានរាយការណ៍នូវលទ្ធផលការងារមួយចំនួនទៀតផងដែរ។

 

លោកស្រី ឈុំ ចាន់សុខ ជាអនុប្រធានមន្ទីរដែលត្រូវបានតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្ត បានប្ដេជ្ញាចិត្តថា ដើម្បីជាសក្ខីភាពនៃការផ្តល់នូវទំនុកចិត្តរបស់លោកជំទាវ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្នុងនាមលោកស្រីដែលបានឡើងជាប្រធានមន្ទីរនៅពេលនេះ សូមធ្វើការប្ដេជ្ញាចិត្តនឹងគោរព ហើយអនុវត្តយ៉ាងម៉ឺងម៉ាត់អំពីច្បាប់ព្រះរាជក្រឹត្យ សារាចរ និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។ ខិតខំពង្រឹងសមត្ថភាព រៀនសូត្រនូវបទពិសោធន៍ល្អៗពីរៀមច្បង ជាទុនអភិវឌ្ឍន៍សមត្ថភាពជំនាញ ក្នុងការបំពេញការងារឲ្យមានប្រសិទ្ធភាពនិងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យមានភាពល្អប្រសើរ។

 

លោកជំទាវ ដោក សុធា ប្រធានក្រុមប្រឹក្សាខេត្តមានបានផ្តាំផ្ញើដល់លោស្រីប្រធានមន្ទីរកិច្ចការនារីថ្មីថា ត្រូវគោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងអនុវត្តកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ មន្ត្រីត្រូវអនុវត្តការងារតាមឋានានុក្រម គោរពច្បាប់លិខិតបទដ្ឋានគតិយុត្តិវិធានានា គោរពវិន័យការងារ និងបទបញ្ជាផ្ទៃក្នុងមានរបបការងារត្រឹមត្រូវ របបប្រជុំ របបរាយការណ៍រក្សាឲ្យបានសាមគ្គីភាពល្អ ដឹងសុខទុក្ខគ្នាទៅវិញទៅមក។

 

នៅក្នុងឱកាសនេះដែរ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានធ្វើការលើកឡើងថា ស្ត្រីជាឆ្អឹងខ្នងនៃសង្គមសេដ្ឋកិច្ចជាតិ ការយល់ដឹងពីយេនឌ័រគឺមានសុភមង្គលនៅក្នុងគ្រួសារ និងក្នុងសង្គមជាតិ។ ទស្សនៈសង្គមពីដើមថាស្ត្រីជាអ្នកទន់ខ្សោយ ជាជនងាយរងគ្រោះ ចំណែកបុរសមានដើមទ្រូង៥ហត្ថជាមាសទឹកដប់ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ទស្សនៈសង្គមនៅលើពិភពលោកគឺស្ត្រីបានទាមទារសិទ្ធិស្មើនឹងបុរសដែរ។

 

ដោយឡែកនៅក្នុងប្រទេសកម្ពុជាវិញ គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលក៏បានគាំទ្រឲ្យស្ត្រីមានតួនាទីដឹកនាំដូចបុរសដែរ ព្រោះថាអ្វីដែលបុរសធ្វើបានស្ត្រីក៏ធ្វើបានដូចគ្នាដែរ។ កន្លងមកមានស្ត្រីមួយចំនួនបានកាន់តួនាទីធំៗក្នុងរាជរដ្ឋាភិបាលមានដូចជា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក និងមេឃុំផងដែរ។ ជាក់ស្តែងនៅក្នុងខេត្តកំពង់ឆ្នាំងពេលនេះ ប្រធានក្រុមប្រឹក្សាខេត្តក៏ជាស្ត្រី ហើយប្រធានមន្ទីរ២នាក់ក៏ជាស្ត្រីក្នុងចំណោមមន្ទីរ២៨។ ប៉ុន្តែបញ្ហានេះក៏នៅមានវិសមភាពស្ត្រីនៅឡើយដែលសាមីមន្ទីរក្រសួងគួរតែបញ្ជ្រាបយេនឌ័រក្នុងការដឹកនាំឲ្យមានសមភាពជាមួយបុរស៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់