ការ​លុប​បំបាត់​ល្បែង​ស៊ីសង​​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈ​អភិបាល​ខេត្ត​កណ្ដាល

កណ្ដាល ១០ មីនា ២០១៥៖ កិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាលប្រចាំខែកុម្ភៈ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្ត…

 

កណ្ដាល ១០ មីនា ២០១៥៖ កិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាលប្រចាំខែកុម្ភៈ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្ត។

 

ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានក្រើនរំលឹក និងផ្ដល់អនុសាសន៍ដល់លោក អភិបាលស្រុក-ក្រុង ត្រូវតែទប់ស្កាត់ និងបង្ក្រាបឲ្យអស់នូវល្បែងស៊ីសង ពិសេសល្បែងកន្ទុយលេខ។ ឯកឧត្តម មានប្រសាសន៍ត្រង់ៗសំដៅទៅលើលោក អៀម សម័យ អភិបាលក្រុងតាខ្មៅ ដែលពុំទាន់បានធ្វើការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងនេះឲ្យបានល្អនៅឡើយ ព្រោះមានប្រជាពលរដ្ឋបានផ្ញើសារតាមរយៈ facebook ប្រាប់ឯកឧត្តម អភិបាលខេត្តជុំវិញបញ្ហានេះ។ 

 

ឯកឧត្តម ម៉ៅ ភិរុណ បានបន្តទៀតថានៅក្នុងក្រុងតាខ្មៅមានមេកន្ទុយលេខចំនួន ៧០នាក់ ដូច្នេះលោកអភិបាលក្រុងត្រូវធ្វើការកោះហៅមេកន្ទុយលេខមកប្រជុំផ្សព្វផ្សាយ និងអប់រំឲ្យបញ្ឈប់ជាបន្ទាន់នូវល្បែងប្រភេទនេះ និងធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់បើនៅតែបន្តមុខរបរខុសច្បាប់ប្រភេទនេះទៀត ត្រូវមានវិធានការតាមផ្លូវច្បាប់។

បញ្ហានេះត្រូវធ្វើឲ្យជាប់ជាប្រចាំមិនធ្វើតែ១រយៈពេល រួចស្ងាត់នោះទេ។ 

 

ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងតាខ្មៅ ឯកឧត្តម អភិបាលខេត្ត បានផ្តល់អានុសាសន៍ឲ្យរដ្ឋបាលក្រុងយកចិត្តទុកដាក់នៅតាមមាត់ច្រាំងសួនច្បារទន្លេបាសាក់ ហើយសាលាក្រុងតាខ្មៅត្រូវធ្វើឲ្យអស់ស្មៅត្រែង និងរៀបចំឲ្យទៅជាសួនបន្លែដែលមានប្រយោជន៍ និងមានសោភ័ណភាពផង។ រីឯផ្ទាំងផ្សព្វផ្សាយសញ្ញាធ្វើអាជីវកម្មរបស់ក្រុមហ៊ុននានានៅតាមបង្គោលភ្លើងពិសេសនៅសួនច្បារត្រូវដកចេញឲ្យអស់ដើម្បីឲ្យមានសោភ័ណភាពបញ្ហាសំរាមនៅតាមទីសាធារណៈក៏ត្រូវពង្រឹងសំដៅឆ្លើយតបទៅនឹងជយលាភីដែលក្រុងទើបទទួលបានរំដួល ២ទង ក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាតឆ្នាំ២០១៤ ។

 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យមន្ទីរទេសចរណ៍ខេត្តយកចិត្តទុកដាក់តំបន់រមណីដ្ឋានក្នុងខេត្ត ត្រូវមានវិធានការផែនការចុះពិនិត្យ និងតាមដានការធ្វើអាជីវកម្មរបស់អាជីវករតាមមណ្ឌលកំសាន្ត អោយត្រឹមត្រូវតាមការណែនាំរបស់មន្ទីរ ពិសេស នៅវត្តវិហាសួគ៌ ក្នុងស្រុកខ្សាច់កណ្តាលដែលមានចំណូលតែពុំមានការអភិវឌ្ឍន៍ និងពុំស័ក្តសមជាតំបន់ទេសចរណ៍ឡើយ។ ឯកឧត្តមបានបន្តទៀតថាដើម្បីឲ្យខេត្តកណ្តាល មានការផ្លាស់ប្តូរមុខមាត់ បណ្តាស្រុក និងក្រុងត្រូវរៀបចំផែនការប្រលងប្រណាំងស្រុក-ក្រុង ស្អាតចាប់ពីពេលនេះតទៅ ពិសេសត្រូវសង្កត់ធ្ងន់លើ៤ចំនុចក្នុងចំនុចទាំង៩ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺល្បែង ស៊ីសង គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់