ការ​ពិនិត្យ និង​ពិភាក្សា​លើ​កិច្ច​ដំណើរ​ការ​ផ្ទេរ​មុខងារ និង​ធនធាន​ឲ្យ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ៩ មិថុនា ២០១៤៖ ដើម្បីពិនិត្យមើលទៅលើវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនានានៃកិច្ចដំណើរការផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការជ្រើសរើស…

ភ្នំពេញ ៩ មិថុនា ២០១៤៖ ដើម្បីពិនិត្យមើលទៅលើវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនានានៃកិច្ចដំណើរការផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយរដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួង ស្ថាប័នពាក់ព័ន្ធនានាចំនួន១៣ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានអ្នកចូលរួមសរុបប្រមាណ៣០នាក់។ 

 

កិច្ចប្រជុំនេះដឹកនាំ និងសម្របសម្រួលដោយឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប។ 

 

ដើម្បីជំរុញកិច្ចដំណើរការផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមស្មារតីនៃអនុក្រឹត្យលេខ៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ ស្តីពីដំណើរការទូទៅនៃការផ្ទេរមុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ គ.ជ.អ.ប បានដាក់ចេញនូវសេចក្តីណែនាំចំនួនពីរសម្រាប់ណែនាំដល់ក្រសួង ស្ថាប័នក្នុងការរៀបចំបញ្ជីវិភាគមុខងារ និងការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស្ថាប័ន។ 

 

ផ្អែកលើសេចក្តីណែនាំនេះ ក្រសួង ស្ថាប័នអាទិភាពចំនួន៥បានបញ្ចប់ការរៀបចំបញ្ជីវិភាគមុខងារ និងបានកំពុងបន្តរៀបចំកិច្ចដំណើរការពិនិត្យមើលមុខងារឡើងវិញដើម្បីឈានទៅដល់ការកំណត់នូវមុខងារ និងធនធានដែលត្រូវផ្ទេរឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍ថា មានសមាសភាពសំខាន់ៗ៣នៅក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺការផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក។ គ.ជ.អ.ប ត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំយន្តការផ្ទេរហិរញ្ញវត្ថុដោយមានភ្ជាប់ល័ក្ខខ័ណ្ឌ ដើម្បីធានាការផ្ទេរមុខងារប្រកបដោយប្រសិទ្ធភាព និងដំណើរការបានល្អ។ ចំពោះការគ្រប់គ្រងធនធានមនុស្សគឺត្រូវផ្ទេរមុខងារ និងធនធានមនុស្សពីក្រសួង ស្ថាប័ន ឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយរៀបចំលិខិតបទដ្ឋានគតិយុត្តដែលត្រូវមានការលើកទឹកចិត្ត ការគិតគូរពីឋានន្តរសក្ដិ ហិរញ្ញវត្ថុ និងធនធានសម្ភារៈនានា ដល់បុគ្គលិកដែលត្រូវផ្ទេរទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ គឺជាការដាក់ពង្រាយមន្ត្រីរាជការពីក្រសួង ស្ថាប័ន ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍បន្តថា ការផ្ទេរមុខងារឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាកិច្ចការ និងឆន្ទៈរបស់ក្រសួងនីមួយៗ ដោយផ្អែកលើច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។ «គួរចាត់ទុកកិច្ចការនេះជាសកម្មភាពស្នូលរបស់ក្រសួង ស្ថាប័ននីមួយៗ»។ 

 

ទន្ទឹមនឹងនេះ ដើម្បីជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានគំនិតផ្ដួចផ្ដើមក្នុងការជ្រើសរើស និងអនុវត្តនូវមុខងារជាជម្រើសដែលបានអនុញ្ញាតឲ្យដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លេខាធិការដ្ឋាន គ.ជ.អ.ប ក៏បានរៀបចំនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ កិច្ចប្រជុំនេះបានពិភាក្សា និងផ្តល់យោបល់ទៅលើសេចក្តីព្រាងអនុក្រឹត្យនេះ ដែលស្ថិតនៅក្នុងការពិភាក្សាកម្រិតបច្ចេកទេសនៅឡើយ។ 

 

គោលបំណងនៃសេចក្តីព្រាងអនុក្រឹត្យនេះគឺដើម្បីធានា និងលើកទឹកចិត្តឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់នូវសិទ្ធិអំណាចក្នុងការអនុវត្តមុខងារជាជម្រើសដែលខ្លួនជ្រើសរើស ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព សមធម៌ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់