ការ​ផ្ទេរ​មុខងារ​ និង​ការអ​​ភិវឌ្ឍ​សមត្ថភាព​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ជា​ការ​ផ្តោត​របស់​ផែន​ការអ​នុវត្ត​រយៈ​ពេល​៣​ឆ្នាំ​ ដំណាក់កាលទី២ (២០១៥-២០១៧)

ភ្នំពេញ ០៤ ធ្នូ ២០១៤៖ ការផ្ទេរមុខងារក្នុងវិស័យជាអាទិភាព និងធនធានជាបណ្តើរៗទៅអោយ រដ្ឋបាលក្រុង ស្រុក និងការ ពង្រឹងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអោយ រដ្ឋបាលថ្នាក់ក្រោមជាតិអាចផ្តល់សេវា និងការអភិវឌ្ឍ…

ភ្នំពេញ ០៤ ធ្នូ ២០១៤៖ ការផ្ទេរមុខងារក្នុងវិស័យជាអាទិភាព និងធនធានជាបណ្តើរៗទៅអោយរដ្ឋបាលក្រុង ស្រុក និងការ ពង្រឹងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិអាចផ្តល់សេវា និងការអភិវឌ្ឍ មូលដ្ឋានអោយបានកាន់តែច្រើន កាន់តែល្អប្រសើរ កាន់តែមានការឆ្លើយតបចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជា គោលបំណងចម្បងនៃផែនការអនុវត្តរយៈពេល៣ឆ្នាំ ដំណាក់កាលទី២ (ផអ៣ទី២) (២០១៥-២០១៧)។ នេះជាការលើក ឡើងរបស់ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាននៃគណៈ កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងផអ៣ទី២ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តម ង៉ាន់ ចំរើន ក៏បានបញ្ជាក់ផងដែរថា ដើម្បីសម្រេចបាននូវគោលបំណងដ៏ធំរបស់ផអ៣ទី២នេះ មានទិដ្ឋភាព សំខាន់ៗដែលក្នុងផអ៣ទី២ ត្រូវយកចិត្តទុកដាក់គឺ ការធ្វើវិម្ឈការមុខងារផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានចាំបាច់នានា ការបង្កើនធនធាន និងការលើកកម្ពស់គណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ផអ៣ទី២ ក៏បានរៀបចំឡើងដើម្បីដោះស្រាយបញ្ហានៅផអ៣ទី១ គឺ ពង្រឹងការគ្រប់គ្រងអោយបានកាន់តែល្អប្រសើរនូវ កម្មវិធីកំណែទម្រង់ដែលមានលក្ខណៈស្មុគស្មាញ វិធីសាស្រ្តថ្មីក្នុងការអភិវឌ្ឍសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ការលើកកម្ពស់ការចូលរួមរបស់អង្គការសង្គមមស៊ីវិល និងអ្នកពាក់ព័ន្ធនានាអោយកាន់តែប្រសើរឡើង ផ្តោតការយកចិត្តទុកដាក់លើការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ។

ឯកឧត្តម ក៏បានលើកឡើងពីលក្ខណៈពិសេសនៃផអ៣ទី២ ដែលមានភាពខុសគ្នានឹងផអ៣ទី១ គឺ ការពង្រឹងការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ (ដោយពង្រឹងភាពជាម្ចាស់របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ) ការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានប្រើប្រាស់វិធីសាស្រ្តថ្មី (ដោយផ្តល់អន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាពផែ្នកតាមតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ) និងការលើកកម្ពស់ការចូលរួមរបស់អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាអោយកាន់តែល្អប្រសើរ ព្រមទាំងមានការផ្តោតការយកចិត្តទុកដាក់លើការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានផងដែរ។

គួរបញ្ជាក់ផងដែរថា ផអ៣ទី២ មានសមិទ្ធផលធំៗចំនួន៥ គឺ ការគ្រប់គ្រងការងារកំណែទម្រង់ គណនេយ្យភាពបែបប្រជាធិបតេយ្យ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរមុខងារ និងធនធានក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និងវិមជ្ឈការហិរញ្ញវត្ថុ។

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំធ្វើឡើងមានរយៈពេលមួយថ្ងៃ គឺថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានជាតិ គ.ជ.អ.ប និងមានសមាសភាពចូលរួមដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាព នៃក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិសសរុបប្រមាណ ១៩០នាក់។

សម្គាល់៖ កម្មវិធីបិទអង្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅវេលាម៉ោង ៤៖៣០ នាទីល្ងាច នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ នៅភោជនីយដ្ឋាន ទន្លេបាសាក់២។

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់