ភ្នំពេញ ១ កក្កដា ២០១៦៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យស្ថាប័នពាក់ព័ន្ធជំរុញការកែទម្រង់ព្រៃឈើ ឱ្យទៅជាចលនាជាតិមួយទទួលបានជោគជ័យ។
ភ្នំពេញ ១ កក្កដា ២០១៦៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យស្ថាប័នពាក់ព័ន្ធជំរុញការកែទម្រង់ព្រៃឈើ ឱ្យទៅជាចលនាជាតិមួយទទួលបានជោគជ័យ។
ក្នុងទិវាមច្ឆជាតិ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពិធីលែងកូនត្រី នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពងខេត្តកំពង់ស្ពឺ សម្ដេចតេជោមានប្រសាសន៍ថា កន្លងទៅនេះយើងបានធ្វើកិច្ចការងារ មួយចំនួន ហើយនៅក្នុងកំណែទម្រង់ដីធ្លី កំណែទម្រង់ព្រៃឈើ កំណែទម្រង់ឡូត៍នេសាទ ប៉ុន្តែអ្វីក៏ដោយយើងមិនអាចជោគជ័យដោយខ្វះការចូលរួមនោះទេ។
កិច្ចការពារធនធានធម្មជាតិរបស់យើងត្រូវធ្វើឱ្យបានខ្លាំងជាងមុន ប្រសិទ្ធភាពជាងមុន និងមានការចូលរួមទាំងអស់គ្នាទើបគង់វង្សបាន។ ខ្ញុំសូមអំពាវនាវឱ្យទាំងផ្នែករដ្ឋ សង្គមស៊ីវិល និងប្រជាពលរដ្ឋក៏ដូចជាដៃគូអភិវឌ្ឍចូលរួមនៅក្នុងការធ្វើការអភិរក្សធនធានធម្មជាតិរបស់យើង។
សម្ដេចតេជោថ្លែងថា មុននេះវាហាក់ដូចជានៅម្ខាងម្នាក់រវាងសង្គមស៊ីវិល ឬក៏សកម្មជនដែលការពារព្រៃឈើ ជាមួយម្ខាងគឺផ្នែករដ្ឋដែលមើលមុខគ្នាមិនត្រង់ទៅវិញ នេះជាកំហុសមួយដែលយើងត្រូវកែប្រែឥរិយាបថ ហើយអ្នកដែលត្រូវកែប្រែឥរិយាបថគឺផ្ដើមចេញពីខាងផ្នែករាជរដ្ឋាភិបាលហ្នឹងតែម្ដង។
ខ្ញុំទទួលស្គាល់ថាមានកន្លែងខ្លះក៏សហប្រតិបត្តិការបានល្អ ដូចជាអង្គការអភិរក្សសត្វព្រៃជាមួយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការផ្សេងទៀតជាមួយនិងផ្នែករដ្ឋ ប៉ុន្តែក៏នៅ សេសសល់មានផ្នែកខ្លះដូចជា សមាគម ឬសហគមន៍ការពារព្រៃឡង់ ជាមួយ និងមន្ត្រីរដ្ឋបាលព្រៃឈើហាក់ដូចជាមិនត្រូវគ្នា។ យើងមិនត្រឹមការពារព្រៃដែលកំពុងមាននោះទេ ត្រូវដាំថែមទៀត ដូច្នេះប្រើគ្រប់ចលនាទាំងអស់ដើម្បីចូលរួមនៅក្នុងការការពារព្រៃឈើ។
ពិតហើយគាត់មិនអាចក្លាយខ្លួនជាស្វ័យប្រវត្តិទៅជាមន្ត្រីរដ្ឋបាលព្រៃឈើ ទៅជាមន្ត្រីអនុរក្ស បរិស្ថានខាងព្រៃឈើនោះទេ ហើយគាត់ក៏មិនអាចក្លាយខ្លួនទៅជានគរបាលយុត្តិធម៌បានដែរ ប៉ុន្តែគាត់ជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើកិច្ចការពារធនធានធម្មជាតិទាំងលើដី ក្រោមដី និងក្រោមទឹក ដូច្នេះត្រូវរៀបចំជាចលនាជាតិទាំងផ្នែករដ្ឋ និងការចូលរួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល។
បញ្ហានេះទាមទារឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រៀបចំលិខិតបទដ្ឋានខ្លះ ឬគោលនយោបាយខ្លះដើម្បីដាក់ចេញឱ្យមានការចូលរួមភារកិច្ចរបស់ពួក គាត់ត្រឹមកម្រិតណាដោយប្រើអស់សក្ដានុពលនិងឱ្យក្លាយទៅជាចលនាជាតិចូលរួមទាំងអស់គ្នា ហើយមើលគ្នាជាជនជាតិខ្មែរដែលរួមគ្នាការពារទឹកដី ការពារធនធានធម្មជាតិរបស់ប្រទេសយើង មិនត្រូវនៅម្ខាងម្នាក់ហើយរហូតទៅដល់មានជម្លោះជាមួយគ្នានោះទេ។ សង្ឃឹមថាពីពេលនេះតទៅ នឹងមានកម្លាំងជាតិមួយដើម្បីរួមគ្នាការពារ។
ក្នុងពិធីលែងកូនត្រីនៅអាងទឹកអន្លង់ជ្រៃនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានសំណូមពរ៧ចំណុច ដូចជា៖
- សូមកុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងការនេសាទ ជាពិសេសឧបករណ៍ឆក់ត្រីដែលនាំទៅដល់ការបំផ្លាញពូជមច្ឆជាតិ
- កុំចាប់ត្រីក្នុងរដូវហាមឃាត់គឺក្នុងរដូវត្រីពង
- កុំកាប់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន
- ត្រូវចូលរួមដាំព្រៃលិចទឹកឡើងវិញទាំងនៅតំបន់ទឹកសាប និងតំបន់ទឹកប្រៃ
- ជួយការពារតំបន់អភិរក្សរាប់ទាំងការជួយផ្ដល់ព័ត៌មានអំពីជនខិលខូច ឬមន្ត្រីខិលខូច ដែលចូលទៅបំផ្លាញក្នុងតំបន់អភិរក្ស
- កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅនេសាទដូចជាយកទៅដាំឈូក និងចាក់ដីលុប ឬសាងសង់ជាដើម
- កុំឱ្យមានទំនាស់ រវាងប្រជាពលរដ្ឋ អ្នកនេសាទ និងអ្នកធ្វើស្រែប្រាំង ឬទំនាស់ រវាងប្រជាពលរដ្ឋ អ្នកនេសាទនិងអ្នក នេសាទជាដើម។
ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នេះគឺជាលើកទី១៤ហើយ ដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញលែងកូនត្រីនៅអាងទឹកអន្លង់ជ្រៃ ភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺនេះ។
ឯកឧត្ដមបញ្ជាក់ថា អាងទឹកនេះ អាចរក្សាទឹកបានដោយទំនប់ធារាសាស្ត្រក្រាំងពន្លៃ ដែលកសាង នៅឆ្នាំ២០០៩ តាមរយៈការផ្តល់ហិរញ្ញប្បទានឥណទានសម្បទានរបស់សាធារណរដ្ឋកូរ៉េដែលមាន ទំហំ ៨៣,៨០០ហិកតា ជម្រៅមធ្យម៥ម៉ែត្រ និងរដូវប្រាំង១ម៉ែត្រ ដែលអាចស្តុកទឹកបានប្រមាណ ២៧លានម៉ែត្រគីបនៅរដូវវស្សា និងមានលទ្ធភាពស្រោចស្រពបានប្រមាណ១,៥០០ហិកតា។
ឯកឧត្ដមបន្តទៀតថា ក្នុងទិវាមច្ឆជាតិលើកទី១៤នេះ បានរៀបចំពិធីលែងកូនត្រីចម្រុះចំនួន១លានក្បាល ក្នុងនោះមានកូនបង្កង១សែនក្បាល និងមេត្រីពូជមានមួយចំនួនដូចជា ៖ ត្រីគល់រាំង ត្រីប្រា ត្រីឆ្ពិន ត្រីកាហែ ត្រីព្រលូង ត្រីអណ្ដែង ត្រីក្រាញ់ ត្រីផ្ទក់ អន្ទង់ កង្កែប និងអណ្ដើកជាដើម ដើម្បីឱ្យអាងទឹកនេះសម្បូរទៅដោយមច្ឆាជាតិ ដើម្បីបំពេញតម្រូវការឱ្យប្រជាពលរដ្ឋនៅតំបន់នេះ។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យរដ្ឋបាលជលផលចូលរួមប្រឹងប្រែងជំរុញការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជាប្រចាំដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ស្របតាមច្បាប់ស្ដីពីការគ្របគ្រង់រាជធានី ខេត្ត ក្រុង ខណ្ឌ។ ជាក់ស្ដែងបទល្មើសជលផល ចំនួន៣,៩៧៤ករណី ត្រូវបានបង្ក្រាបក្នុងនោះបានពិន័យអន្តរកាលចំនួន ៤១៨ករណី បញ្ជូនទៅតុលាការចំនួន១៨១ករណីដាក់ពន្ធនាគារចំនួន៨៥នាក់៕
អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)