ខណ្ឌ​រដ្ឋបាល​ជលផល​នៅតែ​បន្ត​ជំនាញ​របស់​ខ្លួន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ដង​ទន្លេមេគង្គ​បន្ត​ទៀត​

ស្ទឹងត្រែង ១ កក្កដា ២០១៤៖ ក្រោយពីកំលាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ទ្រង់ទ្រាយធំ និងបានធ្វើការរឹបអូសសម្ភារៈ រួមនឹងឧបករណ៍បំរើឲ្យការនេសាទខុសច្បាប់ជាច្រើន បំផ្លាញចោលរួចមកនោះខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងលោក ដៀប បូរ៉ា នាយរងខណ្ឌ នៅតែបន្តជំនាញរបស់ខ្លួនចុះបង្ក្រាបការនេសាទខុសច្បាប់ នៅតាមដងទន្លេមេគង្គ និងបានធ្វើការរឹបអូសមងបានជិត៣ពាន់ម៉ែត្របន្ថែមទៀត…

ដោយ: ងិន លីម កម្ពុជាថ្មី ថ្ងៃ ច័ន្ទ ទី30 មិថុនា ឆ្នាំ2014 ម៉ោង15:21

http://www.kampucheathmey.com/local-news/security-social/11027-2014-06-30-08-21-27.html

ស្ទឹងត្រែង ១ កក្កដា ២០១៤៖ ក្រោយពីកំលាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ និងបានធ្វើការរឹបអូសសម្ភារៈ រួមនឹងឧបករណ៍បំរើឲ្យការនេសាទខុសច្បាប់ជាច្រើន បំផ្លាញចោលរួចមកនោះខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងលោក ដៀប បូរ៉ា នាយរងខណ្ឌនៅតែបន្តជំនាញរបស់ខ្លួនចុះបង្ក្រាបការនេសាទខុសច្បាប់នៅតាមដងទន្លេមេគង្គ និងបានធ្វើការរឹបអូសមងបានជិត៣ពាន់ម៉ែត្របន្ថែមទៀត។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ រដ្ឋបាលជលផលបានចេញសេចក្តីប្រកាសនិងបានធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាប្រជានេសាទថា ជាថ្ងៃបិទនេសាទ តែជនខិលខូចមួយចំនួនមិនបានអនុវត្តន៍តាមសេចក្តីប្រកាសនោះទេ បែរជាផ្គើន និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ទើបនៅថ្ងៃទី១៤-១៦-២០ ខែមិថុនានេះកំលាំងចម្រុះបានបើកប្រតិបត្តិការទ្រង់ទ្រាយធំធ្វើការចុះបង្ក្រាបនៅតាមដងទន្លេ និងតាមដៃអូរបែកចេញពីទន្លេមេគង្គ និងបានធ្វើការរឹបអូសឧបករណ៍នេសាទខុសច្បាប់ជាច្រើនករណីបំផ្លាញចោល។ ដោយឡែកនៅយប់ថ្ងៃទី២៩រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ទៀបភ្លឺនេះលោកនាយរងខណ្ឌបានបន្តជំនាញរបស់ខ្លួនចុះបង្ក្រាប និងបានធ្វើការរឹបអូសមងនៅតាមដងទន្លេមេគង្គក្នុងអន្លង់អភិរក្សបានចំនួន២៩០០ម៉ែត្របន្ថែមទៀត។

លោក ដៀប បូរ៉ា នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានឲ្យដឹងថា ការចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅរដូវបិទនេសាទនេះគឺអនុវត្តទៅតាមសេក្តីប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងមានការណែនាំចង្អុលបង្ហាញពីលោក កុល សំអុល អភិបាលខេត្ត ទើបកំលាំងចំរុះបានសហការតាមបណ្តាសហគមន៍នេសាទដែលមានអន្លង់អភិរក្សពូជត្រីចំនួន២០ និងអន្លង់អភិរក្សផ្សោតចំនួន៤នៅតាមដងទន្លេក្នុងខេត្តស្ទឹងត្រែងឈានទៅធ្វើការបង្ក្រាបបានជាបន្តបន្ទាប់។

លោកនាយរងខណ្ឌរដ្ឋបាលជលផលបានបន្តឲ្យដឹងទៀតថា នៅរដូវបិទនេសាទនេះច្បាប់បានអនុញ្ញាតឲ្យប្រជានេសាទធ្វើការនេសាទជាលក្ខណៈគ្រួសារ មងចាប់ពីក្រោមមួយរយម៉ែត្រដែលមានក្រឡាចន្លោះពី១.៥សង់ទីម៉ែត្រដល់១៥សង់ទីម៉ែត្រ អ្នកដែលមិនបានអនុវត្តន៍តាមសេចក្តីប្រកាសខាងលើនឹងត្រូវទទួលទោសស្តីពីច្បាប់ជលផល។

លោកបន្តថា ដោយសាររដូវនេះជារដូវទឹកដំឡើងផ្ទៃទឹកធំល្ហល្ហេវបទល្មើសនេសាទបានកើតឡើងនៅតាមដៃទន្លេ ព្រែក អូរ និងអន្លង់អភិរក្ស ទើបធ្វើឲ្យជនខិលខូចមានឱកាសធ្វើសកម្មភាពប្រើឧបករណ៍នេសាទខុសច្បាប់។ កំលាំងជំនាញនឹងធ្វើការសហការជាស្ថាប័នពាក់ព័ន្ធតាមបណ្តាសហគមន៍នេសាទទប់ស្កាត់រាល់បទល្មើសមិនឲ្យប្រើឧបករណ៍នេសាទនៅតាមអន្លង់អភិរក្ស ទោះជារដូវបើកឬបិទនេសាទក៏ដោយត្រូវហាមដាច់ខាត។ ដើម្បីអភិរក្សពូជត្រីងាយរងគ្រោះឲ្យសំបូរឡើងវិញនៅរដូវត្រីពងកូនកំលាំងជំនាញ និងបន្តចុះបង្ក្រាបជាបន្តបន្ទាប់រហូតដល់រដូវបើកនេសាទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ធ្វើឲ្យធនធានមច្ឆាជាតិសំបូរឡើងវិញ ប្រជានេសាទនឹងទទួលបានទិន្នផលខ្ពស់នៅចុងឆ្នាំនេះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យកាន់តែបានធូរធារបន្ថែមទៀត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់