ការ​​បណ្តុះ​​បណ្តាល​​ បសុពេទ្យ​​ភូមិ​​ដំបូង​​នៅ​កម្ពុជាអភិរក្ស​​សត្វ​សេះ

ភ្នំពេញ ១៨ មីនា ២០១៦ ៖ ដោយផ្អែកលើហេតុផលចង់ពង្រីកការយល់ដឹងពីសារសំខាន់ ឬក្តីស្រលាញ់ដើម្បីអភិរក្សសត្វសេះឲ្យមានចំនួននៅថេរ ឬកើនឡើងវិញនោះ អង្គការថែរក្សា និងសង្គ្រោះសត្វសេះនៅកម្ពុជា (CPWO) សហការនឹងអង្គការ LPWF មានមូលដ្ឋាននៅថៃបើកសិក្ខាសាលាបណ្តុះបណ្តាលបសុពេទ្យភូមិលើកទី ១ នៅឯមជ្ឈមណ្ឌលកីឡា និងសណ្ឋាគារស៊ីស៊ីស៊ី (CCC)…

ភ្នំពេញ ១៨ មីនា ២០១៦ ៖ ដោយផ្អែកលើហេតុផលចង់ពង្រីកការយល់ដឹងពីសារសំខាន់ ឬក្តីស្រលាញ់ដើម្បីអភិរក្សសត្វសេះឲ្យមានចំនួននៅថេរ ឬកើនឡើងវិញនោះ អង្គការថែរក្សា និងសង្គ្រោះសត្វសេះនៅកម្ពុជា (CPWO) សហការនឹងអង្គការ LPWF មានមូលដ្ឋាននៅថៃបើកសិក្ខាសាលាបណ្តុះបណ្តាលបសុពេទ្យភូមិលើកទី ១ នៅឯមជ្ឈមណ្ឌលកីឡា និងសណ្ឋាគារស៊ីស៊ីស៊ី (CCC) នាថ្ងៃទី ១២ ដល់ទី ១៦ ខែមីនា ឆ្នាំ ២០១៦ កន្លងមកគឺជាគម្រោងឧបត្ថម្ភថិវកាអង្គការសុខុមាលភាពសត្វសេះពិភពលោក ហៅកាត់ថា WHW។

  

លោក ណុប រិនដា ប្រធានគម្រោង និងប្រធានបសុពេទ្យនៅអង្គការ CPWO ឲ្យដឹងពីគោលបំណងនេះថា៖ «សិក្ខាសាលាបណ្តុះបណ្តាលបសុពេទ្យភូមិលើកទី ១ បង្កើតឡើងដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានទៅលើសត្វសេះនេះដូចជារបៀបសង្កេតតាមដានអាការៈជំងឺសត្វសេះ ការប្រើថ្នាំទម្លាក់សត្វល្អិតឬព្រូន និងការចាក់ថ្នាំលើសាចដុំ ឬសរសៃឈាម។ យើងមានសិក្ខាកាម ១៤ រូបដែលមកពីខេត្តកំពង់ចាម តាកែវ ព្រៃវែង កំពង់ធំ សៀមរាប និងភ្នំពេញ ដែលពួកគាត់ធ្លាប់តែមានបទពិសោធជាគ្រូពេទ្យសត្វផ្នែកសត្វគោ ជ្រូក ឆ្កែ និងបក្សី ។ការបណ្តុះបណ្តាលនេះបង្ហាញដោយអ្នកស្រី ស៊ីរ៉ាយ៉ា ជន់កាំរ៉ៃ ជាស្ថាបនិកអង្គការ LPWF និងវេជ្ជបណ្ឌិតបសុពេទ្យនៃអង្គការ WHW ផ្ទាល់»។

 

លោក ស៊ន សំណាង ដែលជាបសុពេទ្យគោ និងជ្រូក មកពីភូមិដើមចាន់ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ វ័យ ៤៨ ឆ្នាំនិយាយថា៖ «សប្បាយចិត្តណាស់សម្រាប់ឱកាសបានចូលរួមក្នុងការបណ្តុះបណ្តាលបសុពេទ្យភូមិនេះ ព្រោះថារូបខ្ញុំធ្លាប់តែជាពេទ្យសត្វគោ និងជ្រូក មិនធ្លាប់បានយល់ដឹងពីសត្វសេះនោះឡើយ»។

 

ក្តីរំពឹងពេលអនាគតអង្គការ CPWO គឺចង់បើកនូវវគ្គបណ្តុះបណ្តាលនានាឲ្យបានច្រើនដើម្បីពង្រីកចំណេះដឹង និងបង្កើតក្តីស្រឡាញ់លើសត្វសេះ ខណៈបច្ចុប្បន្នកំពុងតែថយចំនួនជាលំដាប់ដោយសារខ្វះក្តីស្រឡាញ់ និងគ្មានក្រុមបសុពេទ្យភូមិព្យាបាលតែម្តង។

 

លោក ណុប រិនដា បញ្ជាក់ថា៖ «យើងមានគម្រោងបណ្តុះបណ្តាលជាច្រើនវគ្គទៀត ឲ្យបានពីបីទៅប្រាំដងក្នុងមួយឆ្នាំដើម្បីធានាការយល់ដឹងពីសេះកាន់តែស៊ីជម្រៅ និងឆ្លងកាត់ពីវគ្គបណ្តុះបណ្តាលទៅក្លាយជាពេទ្យសេះដ៏ជំនាញ និងអាចព្យាបាលថែទាំសេះគ្រប់តំបន់នៃសហគមន៍សត្វសេះទាំង ៩ ខេត្តក្រុងនៅចំនួន ៤៥ ភូមិ»។

 

លោក ស៊ន សំណាង សន្យាថា៖ «បន្ទាប់ពីបានសិក្សារៀនសូត្រវគ្គមូលដ្ឋាននៃបុសពេទ្យភូមិផ្នែកសត្វសេះនេះ ខ្ញុំសូមសន្យាថានឹងយកទៅបម្រើជាប្រយោជន៍ជាមុខរបរបសុពេទ្យនៅតាមតំបន់នៃសហគមន៍ភូមិឋានរបស់ខ្ញុំឲ្យបានល្អនិងត្រឹមត្រូវតាមក្បួនខ្នាត»៕

ដកស្រង់ចេញពី គេហទំព័រភ្នំពេញប៉ុស្តិ៍

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់