កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកំណែទម្រង់ក្នុងវិស័យអភិបាលកិច្ចដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការរៀបចំឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិដោយឈរលើគោលការណ៍នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។កំណែទម្រង់នេះបានលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ និង រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។
ដើម្បីឱ្យកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការទទួលបានជោគជ័យ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរនេះ គឺជាធាតុផ្សំមួយយ៉ាងសំខាន់មិនអាចខ្វះបាន។ ការចូលរួមពីប្រជាពលរដ្ឋប្រៀបបានដូចជាត្រីវិស័យមួយសម្រាប់ចង្អុលបង្ហាញផ្លូវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ អាចធ្វើសេចក្តីសម្រេចចិត្តបានគ្រប់ជ្រុងជ្រោយ ឈានទៅអភិវឌ្ឍមូលដ្ឋានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម តូច ពលពន្លក ទីប្រឹក្សាក្រសួងមហាផ្ទៃមានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឫការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិមានសារៈសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឍមូលដ្ឋាន ព្រោះបានបង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកៀកជិតប្រជាពលរដ្ឋ បង្កើនការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ លោកបន្ថែមថា ការចូលរួមពីពលរដ្ឋក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាមធ្យោបាយមួយយ៉ាងសំខាន់សម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បីអាចទទួលបានព័ត៌មាននានាអំពីតម្រូវការ បញ្ហាប្រឈម បំណងប្រាថ្នា បទពិសោធន៍ គំនិតយោបល់ពីប្រជាពលរដ្ឋ ឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។
លោកបានបន្ថែមទៀតថា បច្ចុប្បន្នលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កំពុងសហការជាមួយនឹងកំណែទម្រង់ពីរផ្សេងទៀត គឺកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីរៀបចំកែសម្រួលនូវរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ស្រុក ដោយធ្វើសមាហរណកម្មការិល័យជំនាញនានារបស់ក្រសួងនៅថ្នាក់ស្រុកចូលទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ក្នុងគោលបំណងប្រែក្លាយរដ្ឋបាលក្រុង ស្រុកឱ្យទៅជារដ្ឋបាលមូលដ្ឋានច្បាស់លាស់មួយដែលមានសក្តានុពល ដែលអាចប្រមូលផ្តុំទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកាន់តែមានប្រសិទ្ធភាព»។
ជាផ្នែកមួយនៃការបង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព កាន់តែកៀកប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចអនុម័តអនុក្រឹត្យលេខ២៨៥ ស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការប្រើប្រាស់នូវសិទ្ធិអំណាចសម្រាប់អនុវត្តមុខងារជាជម្រើសរបស់ខ្លួន សំដៅលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងសមធម៌ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ដោយឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដៅវិស័យជាអាទិភាពសំខាន់ៗមួយចំនួន ដើម្បីការអភិវឌ្ឍមូលដ្ឋានក្នុងដំណើរការកែទម្រង់ប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការ។ វិស័យទាំងនោះ រួមមាន វិស័យកសិកម្ម អប់រំ បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ធារាសាស្ត្រ សង្គមកិច្ច និងសេដ្ឋកិច្ចជាដើម។
ដើម្បីចូលរួមចំណែក ក្នុងដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់នៃខេត្តពោធិ៍សាត់ បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ លើវិស័យជាអាទិភាពនៅមូលដ្ឋានរបស់ខ្លួន ដូចជា វិស័យសង្គមកិច្ចនៅមូលដ្ឋាន ក្រុមប្រឹក្សាក្រុងបានបង្កើតគណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ដើម្បីជួយដោះស្រាយបញ្ហាស្រ្តី និងកុមារតាមមូលដ្ឋាន។
លោក ប៊ុង តាំងឡាយ អភិបាលរងក្រុងពោធិ៍សាត់មានប្រសាសន៍ថា៖ «ស្ត្រីក្រីក្រដែលខ្វះលទ្ធភាពគឺយើងជួយឧបត្ថម្ភគាត់ ដូចជា ការមកសម្រាលកូននៅមណ្ឌលសុខភាព។ មួយវិញទៀតយើងមានកម្មវិធីរបស់រដ្ឋាភិបាល គឺការប្រើប្រាស់ប័ណ្ណសមធម៌ ប័ណ្ណនេះគឺមានផលប្រយោជន៍ច្រើន ជាពិសេសទាក់ទងនឹងសុខភាព ពេលគាត់មានបញ្ហាសុខភាព គាត់ទៅទទួលសេវាតាមពេទ្យរដ្ឋ គឺមិនមានការបង់ប្រាក់ឡើយ។ មួយវិញទៀតប័ណ្ណសមធម៌នេះ ក៏អាចប្រើសម្រាប់ការអនុគ្រោះ ឬក៏ការលើកលែងថ្លៃសេវារដ្ឋបាលផ្សេងទៀតនៅតាមសង្កាត់ និងក្រុង»។
ចំពោះ ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្នុងក្រុងពោធិ៍សាត់វិញ សង្កាត់ទាំង៧ សុទ្ធតែបានទទួលកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសកសិកម្មធន់នឹងអាកាសធាតុ ដែលកម្មវិធីនេះគាំទ្រដោយរាជរដ្ឋាភិបាល។ លោក ប៊ុង តាំងឡាយ បន្ថែមថា ការតបណ្តាញអគ្គិសនី និងទឹកស្អាតក្នុងក្រុងពោធិ៍សាត់បានពង្រីកទៅដល់ទីប្រជុំជន ដើម្បីបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋនៅទីនោះ។
តាមរយៈការអភិវឌ្ឍលើវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច លោកអភិបាលរងក្រុងពោធិ៍សាត់បង្ហាញការតាំងចិត្តយ៉ាងដូច្នេះថា៖ «ជាផែនការទៅថ្ងៃអនាគត គឺការលើកកម្ពស់វិស័យសង្គមកិច្ចយើងនៅតែបន្តធ្វើ និងធ្វើឱ្យបានកាន់តែប្រសើរ តាមរយៈការពង្រឹងគុណភាពសេវាជូនប្រជាពលរដ្ឋ ដោយសារតួនាទីរបស់យើងគឺយើងអនុវត្តតាម តួនាទីភារកិច្ច។ អីចឹង! រាជរដ្ឋាភិបាលបច្ចុប្បន្នកំពុងតែសម្លឹងមើលក្នុងការផ្ទេរមុខងារ គឺយើងផ្ទេរមុខងារដែលបច្ចុប្បន្នមានក្រសួងអប់រំ និងក្រសួងសុខាភិបាលដែលបានចេញអនុក្រឹត្យស្តីពីការផ្ទេរមុខងារហ្នឹង ហើយក្រសួងអប់រំមានការផ្ទេរមុខងារអប់រំកុមារតូចមកដល់រដ្ឋបាលក្រុង។ ចំណែកក្រសួងសុខាភិបាលក៏បានផ្ទេរមុខងារការគ្រប់គ្រងមណ្ឌលសុខភាពមកឱ្យថ្នាក់មូលដ្ឋាន ដែលកិច្ចការនេះសុទ្ធតែជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាក៏ដូចជា ការលើកកម្ពស់គុណភាពសេវាដល់ប្រជាពលនៅមូលដ្ឋានផងដែរ»។
ជាក់ស្តែង ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅឆ្នាំ២០១៨ រួមមានផ្លូវលំចំនួនពីរខ្សែ មួយខ្សែជាផ្លូវក្រាលគ្រួសក្រហមប្រវែង១.៨០០ម៉ែត និងមួយខ្សែទៀតក្រាលដីសប្រវែង១.៣០០ម៉ែត ព្រមទាំងបានជីកស្រះតាមសហគមន៍បានចំនួន១៤ស្រះ។ ទាំងនេះ គឺជាសមិទ្ធផលដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាឃុំមេទឹក ដោយបានសិក្សាពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងភូមិ។ នេះបើតាមការគូសបញ្ជាក់ពីលោក ឈាវ គុច ដែលជាមេឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក ឈាវ គុច ៖«គម្រោងផ្លូវដែលយើងត្រូវធ្វើហ្នឹង យើងបានប្រមូលប្រជាពលរដ្ឋមកប្រជុំសិក្សាផលប៉ះពាល់ដីធ្លី ផលដំណាំគាត់ ដូច្នេះពេលគាត់ឯកភាពយើងចាប់ផ្តើមសិក្សាតែម្តង។ ភាគច្រើនពេលប្រជុំតែងតែលើកយកបញ្ហាហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ ជីកស្រះ ស្តារប្រឡាយ ដែលគាត់លើកផុលផុសច្រើន។ សព្វថ្ងៃប្រជាពលរដ្ឋចង់បានច្រើន តែថវិការបស់យើងមានតិចតួចមិនអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការទាំងអស់បាននោះឡើយ»។
ជាកសិករមួយរូបរស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ លោក កែវ ខេង និយាយថា បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិមានការអភិវឌ្ឍល្អប្រសើរជាងមុន បន្ទាប់ពីអាជ្ញាធរឃុំបានយកចិត្តទុកដាក់ដោះស្រាយរាល់សំណើ និងសេចក្តីត្រូវការរបស់ពលរដ្ឋ។ លើសពីនេះ លោក កែវ ខេង ចង់ឱ្យក្រុមប្រឹក្សាឃុំមេទឹក ជួយស្តារ ប្រឡាយ និងជុសជុលផ្លូវលំដែលមានស្រាប់ ដើម្បីបម្រើសេចក្តីត្រូវការនៃការងារកសិកម្ម និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
កំពុងធ្វើដំណើរលើផ្លូវគ្រួសក្រហមមួយខ្សែសំដៅទៅស្រែរបស់ខ្លួន អ្នកស្រី ម៉ៅ គង់ ប្រជាពលរដ្ឋរស់នៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ និយាយថា អ្នកស្រីតែងតែចូលរួមប្រជុំពីការអភិវឌ្ឍភូមិឃុំតាមការកោះអញ្ជើញរបស់មេឃុំ។ អ្នកស្រី ម៉ៅ គង់៖ «បើអត់បានចូលរួមប្រជុំ ខ្ញុំអត់បានលើកពីបញ្ហាក្នុងភូមិខ្លួនឯងទេ ដូចថាយើងត្រូវការអី អីចឹង! តែបើខ្ញុំចូលរួមប្រជុំទៅ យើងលើកជាបញ្ហាទៅ គាត់អាចផ្តល់វិញថាការយើងសំណូមពរធ្វើនេះ ធ្វើនោះ ឥឡូវវាអាចបាននៅឆ្នាំណាៗវិញ»។
ជុំវិញសារៈសំខាន់នៃការកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ ឯកឧត្តម តូច ពលពន្លក ទីប្រឹក្សាក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដល់រដ្ឋបាលថ្នាក់ក្រោមជាតិថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋជាប្រចាំ ដើម្បីឱ្យបានដឹងពីការសម្រេចចិត្ត និងសកម្មភាពនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកបន្តថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរៀបវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម ដើម្បីឈានទៅរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ មួយវិញទៀតរដ្ឋបាលថ្នាក់ក្រោមជាតិ គប្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមផ្ទះ ជាពិសេសក្រុមគ្រួសារក្រីក្រី ដើម្បីបង្កើនទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងត្រូវចេះទទួលយកយោបល់ដោយមិនរើសអើងបក្សពួក។ ជាចុងក្រោយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កើតទំនាក់ទំនងល្អជាមួយអង្គការសង្គមស៊ីវិល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕