ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ បាននិងកំពុងយកចិត្ដទុកដាក់ រួមទាំងអាជ្ញាធរខេត្ដក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាការរៀបចំតំបន់ ទេសចរណ៍មួយចំនួនឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍តាមបែបធម្មជាតិនោះ ជាពិសេសនាពេលអនាគត សម្រាប់ខេត្ដកំពង់ស្ពឺ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយប្រកប ដោយសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យមកកម្សាន្ដ កាន់តែច្រើនថែមទៀត។
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពង់ស្ពឺ បានប្រាប់ទីភ្នាក់ងារសារព័ត៌ មានកម្ពុជា AKP ឱ្យដឹងថា បច្ចុប្បន្ននេះ ខេត្ដកំពង់ស្ពឺមានរមណីយដ្ឋានទេសចរណ៍សរុបចំនួន ១៦កន្លែង រួមទាំងសហគមន៍ទេសចរណ៍ផងដែរ បន្ទាប់ពីមានការអភិវឌ្ឍ រីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ដ ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខេត្ដកំពង់ស្ពឺពីរាជធានីភ្នំពេញ ទៅកាន់ខេត្ដព្រះសីហនុ តែងតែឆ្លៀតពេលចូលកម្សាន្ដនៅតាមរមណីយដ្ឋានមួយចំនួនដែល នៅជិតផ្លូវជាតិលេខ៤ ជាពិសេសសេវាកម្មផ្នែកម្ហូបអាហារ ដែលមានរសជាតិឆ្ងាញ់ ក្នុងការ ទាក់ទាញខុសប្លែកពីមុខម្ហូបរបស់ខេត្ដផ្សេងទៀត។
លោកបានបន្ដថា តំបន់ទេសចរណ៍ក្នុងខេត្ដ មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរខុសៗគ្នា ជាក់ស្ដែងដូចជាតំបន់រមណីយដ្ឋានឧទ្យានជាតិគិរីរម្យ ដែលមានរមណីយដ្ឋានចំនួន៤ ក្នុងនោះមានសហគមន៍ទឹកធ្លាក់ចំបក់ រមណីយដ្ឋានអូរសំចត មជ្ឈមណ្ឌលសាសនា និងរមណីយដ្ឋានអេស អេ ថោន ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្ដរជាតិឱ្យមកកម្សាន្ដបានកាន់តែច្រើន។ លោកបានបន្ថែមថា “រមណីយដ្ឋានឧទ្យានជាតិគិរីរម្យនេះ គឺជាកន្លែងដែលមានអាកាសធាតុត្រជាក់ និងមានព្រៃស្រល់ បើប្រៀបធៀបនឹងខេត្ដផ្សេងគឺមិនមានដើមស្រល់នោះទេ គឺមានដុះតែនៅលើឧទ្យានជាតិគិរីរម្យតែមួយគត់ និងមានផ្ទៃដីលាតសន្ធឹងធំល្វឹងល្វើយ ដែលធ្វើឱ្យអ្នកទេសចរចង់មកលេងកម្សាន្ដ”។
ក្រៅពីវិស័យទេសចរណ៍ ខេត្ដក៏មានរោងចក្រមកដាក់ទីតាំងនៅក្នុងខេត្ដដែលមានប្រមាណជាង២០០រោងចក្រ និងមានកម្មករ និយោជិតជាង១០ម៉ឺននាក់ ដែលផ្ដល់ឱកាសការងារច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ដកំពង់ស្ពឺ។ ទន្ទឹមនេះ វិស័យទេសចរណ៍នៅក្នុងខេត្ដក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ក្នុងខេត្ដ បានជាង៣.០០០នាក់។ លោកបានបន្ដទៀតថា ក្រៅពីអាកាសធាតុត្រជាក់ និងទេសភាពដើមស្រល់នៅរមណីយដ្ឋានឧទ្យានជាតិគិរីរម្យ ក៏មានទឹកជ្រោះធ្លាក់ពីលើភ្នំដែលមានចម្ងាយវែងជាងគេនៅតំបន់រមណីយដ្ឋានជ្រាវ។ លោកប្រធានមន្ទីរបានលើកឡើងថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្ដបានកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវថ្នល់ទៅដល់តំបន់ទេសចរណ៍ទាំងអស់នោះ ដើម្បីងាយស្រួលដល់ភ្ញៀវក្នុងការធ្វើដំណើរទៅកម្សាន្ដសប្បាយ។ លើសពីនេះទៀត អាជ្ញាធរខេត្ដ ក៏បានរៀបចំព្រឹត្ដិការណ៍ជាច្រើន និងបង្ហាញនូវសេវាកម្មថ្មីៗ នៅតាមរមណីយដ្ឋានទេសចរណ៍ដើម្បី ទាក់ទាញភ្ញៀវទេសចរ ក្នុងនោះក៏ត្រូវគិតគូរអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការ ពង្រឹងគុណភាពម្ហូបអាហារ សេវាកម្មស្នាក់នៅ ការធ្វើបដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរទៅកម្សាន្ដនៅតាមរមណីយដ្ឋានទាំងនោះ។
លោកបានគូសបញ្ជាក់បន្ថែមទៀតថា “ការលក់ផលិតផលទេសចរណ៍ ការផ្ដល់សេវាកម្មបានល្អ នឹងធ្វើឱ្យសហគមន៍ទទួលបាននូវចំណូលពីភ្ញៀវទេសចរដែលទៅទស្សនានៅ តំបន់ទាំងនេះ”។ លោកបានរំពឹងទុកថា តាមរយៈការរៀបចំតំបន់រមណីយដ្ឋានទេសចរណ៍ ការកសាង ហេដ្ឋារចនាសម្ព័ន្ធបានរឹងមាំល្អ ការពង្រឹងគុណភាពម្ហូបអាហារ និងសេវាស្នាក់នៅបានល្អ ព្រមទាំងការធ្វើដំណើរបានងាយស្រួល ភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្ដកំពង់ស្ពឺ នឹង មានកំណើនកើនឡើងបន្ថែមទៀត។លោកប្រធានមន្ទីរបានបន្ថែមថា “យុទ្ធសាស្រ្ដក្នុងការ ជំរុញឱ្យអ្នកទេសចរក្នុងស្រុកចេញដើរកម្សាន្ដ ដើម្បីគាំទ្រដល់សម្បទានទេសចរណ៍នៅតាម រមណីយដ្ឋាននានាឡើងវិញ ខណៈពេលទេសចរធ្លាក់ចុះក្នុងរដូវភ្លៀងធ្លាក់នេះ”។
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពង់ស្ពឺ ក៏បានអំពាវនាវដល់អ្នកទេសចរក្នុងស្រុកដែលធ្វើដំណើរកម្សាន្ដឆ្លងកាត់តាមខេត្ដកំពង់ស្ពឺកុំភ្លេចចូលមកលេងកម្សាន្ដនៅតាមរមណីយដ្ឋាននានា និងតំបន់សហគមន៍ទេសចរណ៍ដែលទើបបង្កើតថ្មីជាច្រើនកន្លែង ដើម្បីចូលមកលេងកម្សាន្ដផង និងភ្លក់រសជាតិម្ជូបអាហារ ផលិតផលពីបងប្អូនសហគមន៍ នៅតាមតំបន់ទេសចរណ៍ដែលមានរសជាតិឆ្ងាញ់ និងចេញពីធម្មជាតិពិតៗ ជាពិសេសជួយចូលរួមគាំទ្រដល់ផលិតផលរបស់ខ្មែរ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនក្នុងសហគមន៍ថែមទៀត។
ជាមួយនឹងការរៀបចំតំបន់ទេសចរណ៍ និងការជំរុញកំណើនភ្ញៀវទេសចរនេះដែរ ដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក សម្រាប់ផ្គត់ផ្គង់ដល់ភ្ញៀវទេសចរដែលបានមកលេងកម្សាន្ដនៅក្នុងរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានាក្នុងខេត្ដ ជាពិសេសទេសចរណ៍ តាមសហគមន៍ដែលត្រូវការបន្លែធម្មជាតិ ឬផលិតផលទេសចរណ៍នោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ស្ពឺ ក៏បានផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដល់ប្រជាសហគមន៍នៅក្នុងក្រុងច្បារមន និងនៅតាមបណ្ដាសហគមន៍ផ្សេងទៀតអំពីវិធីដាំដុះ និងការពង្រឹងគុណភាពផលិតផលនៅតាមសហគមន៍។
លោក អ៊ុំ សម្បត្ដិ ប្រធានការិយាល័យកសិកម្មក្រុងច្បារមន នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ស្ពឺបានឱ្យដឹងថា ការជំរុញឱ្យសហគមន៍ដាំបន្លែត្រកួត និងផលិតផលផ្សេងៗនៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនេះ គឺក្នុងគោលដៅជួយគាំទ្រ និងលើកកម្ពស់ដល់វិស័យទេសចរណ៍ ជាពិសេសផលិតផលបន្លែធម្មជាតិ សម្រាប់ឱ្យភ្ញៀវទទួលទានបន្លែស្រស់ ធម្មជាតិ ខណៈមកដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានា ឬតាមសហគមន៍ទេសចរណ៍នៅក្នុងខេត្ដ។ លោកបានបន្ដថា ប្រជាពលរដ្ឋដែលដាំបន្លែត្រួកួននៅ ក្នុងក្រុងច្បារមននេះគឺបង្កើតជាសហគមន៍មួយដែលមានចំនួន១២០គ្រួសារ ភាគច្រើនបានដាំដុះស្ទើរគ្រប់ផ្ទះទាំងអស់ ហើយការដាំដុះនេះគឺមានរយៈពេល៣អាទិត្យ នឹងទទួលបានផល។ លោកបានបន្ថែមថា “ឥឡូវនេះ ងាយស្រួលណាស់ ដល់ពេលប្រមូលផល ឬក៏ដល់ពេលដកត្រកួតលក់ មានម៉ូយស្រាប់មកទទួលយកដល់កន្លែង ដើម្បីយកទៅផ្គត់ផ្គង់តាមហាង ឬភោជនីយដ្ឋាននានាក្នុងខេត្ដ ឬយកមកលក់បន្ដនៅភ្នំពេញ ដែលអាចទទួលបានប្រាក់កម្រៃបន្ថែម ក្រៅពីការងារធ្វើស្រែចម្ការ របស់បងប្អូនរស់នៅក្នុងសហគមន៍នេះ”។ លោកប្រធានការិយាល័យកសិកម្មបានបន្ថែមទៀតថា ការដាំដំណាំបន្លែត្រកួតនេះ នឹងបានចូលរួមចំណែកច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យងាកមកគាំទ្រផលិតផលរបស់សហគមន៍ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក៏ដូចជាសហគមន៍ទាំងមូល។
ទាក់ទងនឹងការដើរកម្សាន្ដតាមតំបន់ទេសចរណ៍ និងសហគមន៍នានានៅក្នុងខេត្ដ កំពង់ស្ពឺនេះដែរ លោក សុខ សំណាង ជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ដែលបានមកលេង កម្សាន្ដនៅរមណីយដ្ឋានគិរីរម្យបានបញ្ជាក់ថា ការមកកម្សាន្ដនៅតំបន់គិរីរម្យនេះ ដោយឃើញថាវាមានខ្យល់អាកាសល្អ មានដើមឈើតូចធំដុះនៅជុំវិញផ្លូវ និងនៅលើភ្នំដែលអាចមើល ឃើញទេសភាពទឹកធ្លាក់ និងព្រៃស្រល់នៅទីនោះ។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា “កន្លែងកម្សាន្ដ និងទេសភាពនៅលើភ្នំគិរីរម្យបានធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបាននូវខ្យល់ត្រជាក់គ្រប់រដូវកាល និងការងូតទឹកលេងកម្សាន្ដ ការទស្សនាតាមសហគមន៍ទេសចរណ៍នៅតាមជើងភ្នំ”។
ចំណែកកញ្ញា Yokoshida ជាជនជាតិជប៉ុន ក្នុងនាមកញ្ញាជាអ្នកទេសចរណ៍ ដែលបានមកលេងនៅរមណីយដ្ឋានគិរីរម្យ បាននិយាយថា ការដើរកម្សាន្ដនៅទីនេះ ដោយសារតែទីកន្លែងនេះ មានខ្យល់អាកាសល្អ មានទេសភាពល្អ និងអាចធ្វើដំណើរដោយការផ្សងព្រេង ដោយភាពអស្ចារ្យ។ កញ្ញាបានកត់សម្គាល់ថា “តំបន់គិរីរម្យនេះ មានព្រៃឈើច្រើនប្រភេទ ជាពិសេសដើមស្រល់ ដែលដុះយ៉ាងស្រស់ស្អាតនៅតាមដងផ្លូវ ធ្វើឱ្យត្រជាក់ និងទាក់ទាញ ហើយខ្ញុំចង់មកលេងនៅកន្លែងនេះ”។ កញ្ញាបន្ដទៀតថា ការជ្រើសរើសយកកន្លែងកម្សាន្ដនៅតំបន់គិរីរម្យនេះ ព្រោះវាមានព្រៃឈើធម្មជាតិដុះច្រើន ក្នុងការទាក់ទាញឱ្យកញ្ញាចង់មកលំហែកម្សាន្ដនៅទីនេះ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ។
សូមបញ្ជាក់ថា ខេត្ដកំពង់ស្ពឺ មានរមណីយដ្ឋានចំនួន១៦កន្លែង ក្នុងនោះ ទីតាំងទេស ចរណ៍ប្រវត្តិសាស្ត្រ០១កន្លែង, ទេសចរណ៍ធម្មជាតិ០១កន្លែង, វប្បធម៌០២ កន្លែង និងរមណីយ ដ្ឋាន កែច្នៃ ០៣ កន្លែង, កីឡាទេសចរណ៍០១កន្លែង, វត្តទេសចរណ៍គំរូ ០១ កន្លែង, សហគមន៍ ០៣កន្លែង និងតំបន់គោលដៅទេសចរណ៍ថ្មីចំនួន ០៤ កន្លែង។ ចំណែកសណ្ឋាគារ មានចំនួន ០៦ កន្លែង មាន២០៦ បន្ទប់ ផ្ទះសំណាក់មានចំនួន២៨កន្លែង ព្រមទាំងភោជនីយដ្ឋាន-អាហារ ដ្ឋានចំនួន៤៤កន្លែង។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្ដកំពង់ស្ពឺបានឱ្យ ដឹងថា ចំនួនភ្ញៀវទេសចរជាតិ អន្ដរជាតិ ដែលមកកម្សាន្ដ នៅខេត្ដ កំពង់ស្ពឺក្នុងឱកាសពិធី បុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងមកនេះ គឺមានចំនួន១.៣៩៧០នាក់ ក្នុងនោះភ្ញៀវអន្ដរជាតិចំនួន១០៣០នាក់។
ប្រភពពីទីភ្នាក់សារព័ត៌មានកម្ពុជា៕