ចុះ​វាយតម្លៃ​ ការ​អនុវត្ត​ គម្រោង​រដ្ឋបាល​មូលដ្ឋាន និង​ការ​ប្រែប្រួល​អាកាសធាតុ​ ខេត្ត​បាត់ដំបង

បាត់ដំបង ១៦ ធ្នូ ២០១៤៖ លេខាធិការដ្ឋានគ.ជ.អ.ប និងតំណាងអង្គការ UNCDF ដោយមានកិច្ចសហការ ជាមួយ រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃ១៥-១៩ ខែធ្នូ ឆ្នាំ២០១៤ បានចុះ សិក្សា វាយតម្លៃ ការអនុវត្ត គម្រោង រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាល២ (LGCCII) ក្នុងស្រុក គោលដៅ ទាំងប្រាំ នៃខេត្តបាត់ដំបង រួមមាន ស្រុកសំពៅលូន ស្រុកបវេល ស្រុកថ្មគោល ស្រុកមោងឬស្សី និងស្រុករុក្ខគិរី។

បាត់ដំបង ១៦ ធ្នូ ២០១៤៖ លេខាធិការដ្ឋានគ.ជ.អ.ប និងតំណាងអង្គការ UNCDF ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃ១៥-១៩ ខែធ្នូ ឆ្នាំ២០១៤ បានចុះសិក្សាវាយតម្លៃការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាល២ (LGCCII) ក្នុងស្រុកគោលដៅទាំងប្រាំនៃខេត្តបាត់ដំបង រួមមានស្រុកសំពៅលូន ស្រុកបវេល ស្រុកថ្មគោល ស្រុកមោងឬស្សី និងស្រុករុក្ខគិរី។

 

ការចុះវាយតម្លៃនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពីវឌ្ឍនភាព នៃការអនុវត្តគម្រោងLGCC II  ជាពិសេសវាយតម្លៃលើការអនុវត្តមូលនិធិបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើលទ្ធផលនៃការអនុវត្ត(PBCR) តាមបណ្តាស្រុក និងឃុំគោលដៅទាំងអស់។

 

ក្នុងជំនួបជាមួយក្រុមការងារអនុវត្តគម្រោងLGCC II ថ្នាក់ស្រុក ដែលមានសមាសភាពចូលរួមពីក្រុមប្រឹក្សា គណៈអភិបាលស្រុក តំណាងការិយាល័យចំណុះស្រុក មេឃុំ ស្មៀន និងអ្នកពាក់ព័ន្ធ នៅសាលាស្រុកបវេល កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤  លោក សរ កុសល តំណាងប្រចាំប្រទេសនៃអង្គការUNCDF បានលើកឡើងពីជោគជ័យចំបងៗដែលគម្រោងLGCC អនុវត្តសម្រេចបានក្នុងឆ្នាំកន្លងទៅ ជាពិសេសទទួលបានការកោតសសើរ និងគាំទ្រកាន់តែច្រើនឡើងពីម្ចាស់ជំនួយ និងលេខាធិការដ្ឋាន គ.ជ.អ.ប។ ជាក់ស្តែងគម្រោងLGCC II នឹងបន្តអនុវត្តមួយឆ្នាំទៀតគឺរហូតដល់ឆ្នាំ២០១៥។

 

លោក សរ កុសល បន្តទៀតថា ជារៀងរាល់ឆ្នាំក្រុមការងារថ្នាក់ជាតិ តែងតែចុះសិក្សាវាយតម្លៃលើ សមិទ្ធផល ដែលសម្រេចបានពីការខិតខំចូលរួមអនុវត្តរបស់ថ្នាក់ខេត្ត ស្រុក និងឃុំគោលដៅ ដើម្បីជាភស្តុតាងបង្ហាញពីភាពជោគជ័យ និងអនុវត្តស្របតាមគោលដៅ និងគោលបំណងរួមរបស់គម្រោងក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

 

លោកក៏បានសំណូមពរដល់ក្រុមការងារត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លើយសំនួរ និងបង្ហាញព័ត៌មានជាក់លាក់ពីភាពមិនប្រក្រតី និងបញ្ហាប្រឈមនានា ដែលជាឧបសគ្គរាំងស្ទះ ដើម្បីឲ្យក្រុមការងារមានលទ្ធភាពប្រជុំពិភាក្សាដោះស្រាយជាបន្ទាន់ផងដែរ។

 

បន្ទាប់មក ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងអនុវត្តគម្រោងផ្ទាល់ និងបានជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផលតាមកម្មវិធីដែលបានគ្រោងទុក។

 

គួរបញ្ជាក់ថា គម្រោង LGCCII ត្រូវបានគាំទ្រដោយមូលនិធិបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើលទ្ធផល នៃការអនុវត្ត (PBCR Grant ក្រោមកិច្ចសហការអនុវត្តដោយលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងរដ្ឋបាលខេត្តគោលដៅចំនួនពីរគឺខេត្តតាកែវ និងខេត្តបាត់ដំបង។
 
ចំពោះខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៣ កន្លងទៅ គម្រោងLGCC បានគាំទ្រដល់ស្រុក និងឃុំគោលដៅ លើ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១២គម្រោង និងគម្រោងសេវាកម្មចំនួន ៧គម្រោង។ ឆ្នាំ២០១៤នេះ គម្រោងបានបន្តផ្ដល់ថវិកាបដិភាគគាំទ្រ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធមាន ចំនួន១៩គម្រោង និងគម្រោងសេវាកម្មចំនួន ១៦គម្រោង ដែលសរុបមានចំនួន៣៥គម្រោង៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់