សហភាពអឺរ៉ុប​ប្រកាស​ផ្ដល់​ជំនួយ​ថ្មី​មកដល់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​៤១០​ លាន​អឺរ៉ូ​​ សម្រាប់​គាំទ្រ​កំណែ​ទម្រង់​​វិមជ្ឈការ និង​វិសហ​មជ្ឈការ ( គេហទំព័រ​បាយ័ន)

ភ្នំពេញ ៤ មីនា ២០១៥៖ ឯកឧត្តម Jean-Francois Cautain អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់ជំនួយថ្មីបន្ថែមទៀតមកដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៤១០ លានអឺរ៉ូសម្រាប់គាំទ្រការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

ភ្នំពេញ ៤ មីនា ២០១៥៖ ឯកឧត្តម Jean-Francois Cautain អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់ជំនួយថ្មីបន្ថែមទៀតមកដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៤១០ លានអឺរ៉ូសម្រាប់គាំទ្រការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

 

ការថ្លែងរបស់តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានឲ្យដឹងនៅក្នុងឱកាសឯកឧត្ដម Jean-Francois Cautain អញ្ជើញចូលរួមពិភាក្សាការងារជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង។

 

ក្នុងជំនួបនោះត្រូវបានមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ដកស្រង់ប្រសាសន៍ឯកឧត្តម Jean-Francois Cautain ថា ជំនួយនោះនឹងត្រូវផ្តល់ជូនកម្ពុជា ដាច់ឡែក បន្ថែមលើជំនួយសម្រាប់ការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។

 

ឯកឧត្ដម បានបន្តថា ជំនួយប្រមាណ៤១០លានអឺរ៉ូនោះ នឹងត្រូវផ្តល់មកកម្ពុជាដោយផ្ដោតជាសំខាន់ ការបណ្ដុះបណ្ដាល ការអប់រំមន្ត្រីមូលដ្ឋាន និងការអភិវឌ្ឍន៍អភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន។ ជាមួយគ្នានោះដែរ សម្រាប់ជំនួយកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ឯកឧត្តម និងសហការជាមួយតំណាងប្រទេសជប៉ុន ជួយក្នុងផ្នែកបច្ចេកទេសការបោះឆ្នោតពិសេសការរៀបចំបញ្ជីឈ្មោះបោះឆ្នោត។

 

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលជានិច្ចកាលជួយកម្ពុជាស្ទើរគ្រប់ផ្នែកមកដល់កម្ពុជា។ សម្រាប់ជំនួយថ្មីដែលសហភាពអឺរ៉ុបផ្តល់មកកម្ពុជា គឺបានធ្វើឡើងស្របពេលកម្ពុជាកំពុងបានអនុវត្តផែនការអនុវត្តបីឆ្នាំដំណាក់កាលទីពីរ ២០១៥-២០១៧ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយមានការងារស្នូលចំនួន២ដែលត្រូវតែអនុវត្ត គឺ ការផ្ទេរមុខងារ ភារកិច្ចផ្សេងៗ និងថវិកាពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នកអនុវត្តដោយផ្ទាល់។ សម្រាប់ការផ្ទេរមុខនោះ រាជរដ្ឋាភិបាលក៏ត្រូវប្រើប្រាស់ថវិកាជាតិសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីឲ្យគេចេះប្រើអំណាចចំគោលដៅ និងការកាត់បន្ថយភាពក្រីក្រ៕ ដោយ៖ ស៊ុម សុខជា

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់