សហភាពអឺរ៉ុបគ្រោងផ្តល់មូលនិធិ៤០លានអឺរ៉ូបន្ថែមទៀតដល់ប្រទេសកម្ពុជា

ភ្នំពេញ ០៧ មេសា ២០១៥៖ ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ កូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៥ សហភាពអឺរ៉ុបគ្រោងនឹងផ្តល់ប្រាក់ចំនួន៤០លានអឺរ៉ូ បន្ថែមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជានោះ…

ភ្នំពេញ ០៧ មេសា ២០១៥៖ ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ កូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៥ សហភាពអឺរ៉ុបគ្រោងនឹងផ្តល់ប្រាក់ចំនួន៤០លានអឺរ៉ូ បន្ថែមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជានោះ។

 

ឯកឧត្តមបានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៤ សហភាពអឺរ៉ុបបានផ្តល់មូលនិធិប្រមាណ៤០,៣០លានអឺរ៉ូ (ប្រហែលជាង៥០លានដុល្លារអាម៉េរិក) ដែលជាជំនួយឥតសំណងដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់របៀបវារៈនៃ ការអភិវឌ្ឍប្រទេសកម្ពុជា។

 

ការផ្តល់ជំនួយឥតសំណងរបស់សហភាពអឺរ៉ុប ធ្វើឡើងតាមរយៈបណ្ដាញពីរសំខាន់ៗ គឺកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីជំនួយតាមវិស័យដែលគាំទ្រអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា។

 

ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា សហភាពអឺរ៉ុបបានសម្រេចបែងចែកជំនួយឥតសំណងរបស់ខ្លួន ដែលមានទឹកប្រាក់ចំនួន៤១០លានអឺរ៉ូ (ប្រហែល៥១០លានដុល្លារអាម៉េរិក) ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយប្រទេសកម្ពុជាសម្រាប់រយៈពេលចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ ដែលជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងវិស័យកសិកម្ម និងគ្រប់គ្រងធនធានធម្មជាតិ ផ្តល់ការអប់រំឱ្យកាន់តែមានគុណភាពព្រមទាំងអនុវត្តកំណែទម្រង់អភិបាលកិច្ច និងរដ្ឋបាលដូចជាការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វិមជ្ឈការ និងកំណែទម្រង់ការបោះឆ្នោតជាដើម។

 

សហភាពអឺរ៉ុបផ្តល់មូលនិធិដល់កម្មវិធីជំនួយតាមវិស័យដែលគាំទ្រដល់អង្គការសង្គមស៊ីវិល ដែលរូមមានការកសាងសមត្ថភាពសម្រាប់សង្គមស៊ីវិល សិទ្ធិមនុស្ស អភិបាលកិច្ចមូលដ្ឋាន បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងយេនឌ័រ តាមរយៈការប្រកាសបើកទទួលសំណើប្រកួតដោយភាពប្រកួតប្រជែង។

 

បច្ចុប្បន្ន សហភាពអឺរ៉ុបកំពុងផ្តល់មូលនិធិដល់គម្រោងចំនួនជាង៧០ ដែលមានទឹកប្រាក់សរុបជាង៦០លានអឺរ៉ូ នៅក្នុងបណ្តាខេត្តចំនួន២៣ ទូទាំងប្រទេសកម្ពុជា ដែលគម្រោងទាំងនោះផ្តោតសំខាន់លើការពង្រឹងវិស័យកសិកម្ម គ្រប់គ្រងធនធានធម្មជាតិ និងផ្តល់ការអប់រំ ៕                           ដោយលោកស្រី៖ ទេស ច័ន្ទសុធារី

ដកស្រង់ចេញពីគេហទំព័រAKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់