សហភាព​អឺរ៉ុប ចុះ​វាយតម្លៃ​សមិទ្ធផល​សម្រេចបានរបស់​គម្រោង​មួយចំនួននៅ​ខេត្តរតនគិរី​

ភ្នំពេញ ៨ កក្កដា ២០១៤៖ សហភាពអឺរ៉ុបបានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មានមួយ ដែលចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីផ្តល់ដល់អ្នកសារព័ត៌មាននូវឱកាស វាយតម្លៃសមិទ្ធផលសម្រេចបានរ បស់ គម្រោងមួយចំនួន ដែលទទួលជំនួយឥតសំណង ពីសហភាពអឺរ៉ុប នៅក្នុងខេត្តរតនគិរី…

ដោយ៖ កូឡាប CEN (ថ្ងៃទី 8 កក្កដា 2014, ម៉ោង 06:05:AM)

ភ្នំពេញ ៨ កក្កដា ២០១៤៖ សហភាពអឺរ៉ុបបានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មានមួយ ដែលចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីផ្តល់ដល់អ្នកសារព័ត៌មាននូវឱកាសវាយតម្លៃសមិទ្ធផលសម្រេចបានរបស់ គម្រោងមួយចំនួន ដែលទទួលជំនួយឥតសំណង ពីសហភាពអឺរ៉ុប នៅក្នុងខេត្តរតនគិរី។ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Jean-Francois Cautain និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាគណៈអធិបតី ក្នុងដំណើរទស្សនកិច្ច នៅព្រឹកថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៤ ដែលចេញដំណើរពីស្ថានទូតសហភាពអឺរ៉ុប នៅរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តរតនគិរី។

យោងតាមឯកសារសំរាប់អ្នកសារព័ត៌មានរបស់សហភាពអឺរ៉ុប កាលពីព្រឹកថ្ងៃទី៨ខែកក្កដានេះ បានលើកឡើងពី ព័ត៌មានស្តីពី ទីតាំងនៃគម្រោងនីមួយៗ ដែលអ្នកសារព័ត៌មាននឹងទៅធ្វើទស្សនកិច្ច៖

១-តំបន់ទស្សនកិច្ចទី ១
ភូមិតាបូកមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិវិរៈជ័យ ចម្ងាយប្រហែល៧០គីឡូម៉ែត្រភាគខាងជើងនៃ ទីរួមខេត្តរតនគិរី។ មានជនជាតិភាគតិចចំនួន ១១៩ គ្រួសារកំពុងរស់នៅក្នុងភូមិនេះ ដែលស្មើនឹង ចំនួនមនុស្ស ៥៥៩នាក់ ដែលក្នុងនោះ ២៧៤នាក់ គឺជាស្ត្រី។
បញ្ហាប្រឈមចម្បងបំផុតរបស់សហគមន៍គឺការគ្រប់គ្រងព្រៃឈើ។ បន្ទាប់ពីធនាគារពិភពលោកបានបញ្ចប់គម្រោងមួយ សមាជិកតំបន់ការពារធម្មជាតិសហគមន៍ (CPA) ពុំបានបញ្ចប់ដំណើរការផ្លូវច្បាប់ ចាំបាច់ផ្សេងៗឡើយ។ នៅពេលពុំមានផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិសហគមន៍ និងកិច្ចព្រមព្រៀងស្តីពីតំបន់ការពារធម្មជាតិសហគមន៍ សមាជិកពុំមានសមត្ថភាពគ្រប់គ្រាន់លើការគ្រប់គ្រង ធនធានធម្មជាតិ និងមានភាពជាម្ចាស់តិចតួចទៅលើធនធានរបស់ខ្លួន ដែលនាំឲ្យមានការចូលរួមតិចតួចនៅកម្រិតមូលដ្ឋាន។ កិច្ចសហប្រតិបត្តិការរវាងសមាជិក CPA និងប្រជាជនផ្សេងទៀតនៅ ក្នុងឧទ្យានជាតិវិរៈជ័យពុំមានដំណើរការល្អឡើយ។
ការកែលម្អការគ្រប់គ្រងព្រៃឈើគឺជាសមាសធាតុសំខាន់ដើម្បីលើកកម្ពស់ជីវភាពរបស់សហគមន៍ និងមានសារសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅក្នុងតំបន់ទាំងនេះ។

២-តំបន់ទស្សនកិច្ចទី ២
កញ្ញា សន ច្រាម គឺជានារីវ័យក្មេងកំពុងរស់នៅជាមួយឪពុកម្តាយរបស់នាង និងប្អូនៗស្រីប្រុសចំនួន បួននាក់នៅក្នុងភូមិសៀងសៃ ឃុំតាវែងក្រោម ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងជើងក្រុង បានលុង ទីរួមខេត្តរតនៈគិរី ដែលនៅទីនោះ អ្នកភូមិជាច្រើនបានទទួលរងគ្រោះពីការបាត់បង់ដីធ្លីរបស់ខ្លួន និងប្រឈមមុខចំពោះកង្វះខាតស្បៀង និងទឹក។
ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងការគាំទ្របច្ចេកទេសពីអង្គការសង្គ្រោះ ជនងាយរងគ្រោះកម្ពុជា (SVC) បញ្ហាប្រឈមធំៗនៅក្នុងភូមិរបស់នាងកំពុងត្រូវបានដោះស្រាយ។

៣-តំបន់ទស្សនកិច្ចទី ៣
ដោយស្ថិតនៅចម្ងាយប្រហែល ៣៧គីឡូម៉ែត្រ ភាគខាងជើងទីរួមខេត្តរតនគិរី ភូមិក្រែសគឺជាទីកន្លែង រស់នៅរបស់ជនជាតិភាគតិចចំនួន ២២៥គ្រួសារ ដែលបច្ចុប្បន្នបានយល់ដឹងអំពីសិទ្ធិរបស់ខ្លួនក្នុងការ ការពារសហគមន៍របស់ខ្លួនពីផលប៉ះពាល់ដោយសារសម្បទានដីសេដ្ឋកិច្ច និងការដណ្តើមកាន់កាប់ ដីធ្លី។
ដោយសារមានកម្រិតវប្បធម៌ទាប និងអនក្ខរកម្មក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនេះ ជាពិសេសផ្នែកភាសាខ្មែរ ប្រជាជនមិនសូវទទួលបានព័ត៌មាន និងចំណេះដឹងអំពីសិទ្ធិស្របច្បាប់ ពាក់ព័ន្ធនឹងដីធ្លីឡើយ។ អ្នកភូមិត្រូវរងការបំភិតបំភ័យ និងគំរាមកំហែងនៅក្នុងជម្លោះដីធ្លី ដែលក្នុង នោះ ស្ត្រីនៅក្នុងសហគមន៍ជនជាតិដើមភាគតិចទទួលរងផលប៉ះពាល់យ៉ាងខ្លាំងជាងគេ និងកាន់ តែមានការលំបាកក្នុងការទទួលបានដីធ្លី ។
ដោយសារមានជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប បញ្ហាប្រឈមទាំងនេះកំពុងត្រូវបានដោះស្រាយ។ បច្ចុប្បន្ន ប្រជាជននៅក្នុងសហគមន៍នេះអាចឆ្លើយតបចំពោះបញ្ហាផ្សេងៗពាក់ព័ន្ធនឹងជម្លោះដីធ្លី ជនជាតិដើមភាគតិច។ ដោយមានបណ្តាញសហគមន៍រឹងមាំ និងតាមរយៈការយល់ដឹងរបស់ជនជាតិ ដើមភាគតិច និងសិទ្ធិកាន់កាប់ដីធ្លី បច្ចុប្បន្នប្រជាជនទាំងនោះអាចការពារដីរបស់ខ្លួនពីការដណ្តើម កាន់កាប់ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច។ 

៤-តំបន់ទស្សនកិច្ចទី ៤
ភូមិប្រាក់ស្ថិតនៅក្នុងឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ ជនជាតិដើមភាគតិចទំពូនចំនួន ១៦១ គ្រួសារកំពុងរស់នៅក្នុងភូមិនេះ។ មុនពេលគម្រោងចាប់ផ្តើម សន្តិសុខស្បៀង អាហារូបត្ថម្ភ និង អនាម័យគឺជាបញ្ហាប្រឈមខ្ពស់បំផុត។ ជារៀងរាល់ឆ្នាំ កសិករប្រហែលពី ៤០ ទៅ ៨០% នៅក្នុង ភូមិខ្វះខាតស្បៀងរយៈពេលពីមួយទៅប្រាំមួយខែ។

សូមបញ្ជាក់ថា ក្នុងនាមជាដៃគូដ៏ធំបំផុតរបស់ប្រទេសកម្ពុជានៅក្នុងការផ្តល់ជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ ជារៀងរាល់ឆ្នាំ សហភាពអឺរ៉ុប (EU) បានផ្តល់នូវមូលនិធិប្រហែល ៣៥លានអឺរ៉ូ (ប្រហែល៤៨លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់របៀបវារៈនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

ការកាត់បន្ថយភាពក្រីក្រ និងការបំពេញនូវតម្រូវការមូលដ្ឋានរបស់ប្រជាជននៅតែជាអាទិភាពរបស់ សហភាពអឺរ៉ុប ដែលសកម្មភាពជាច្រើនត្រូវបានអនុវត្តដើម្បីសម្រេចឲ្យបាននូវគោលដៅនេះ។ សកម្មភាពទាំងនេះរួមមានគំនិតផ្តួចផ្តើមក្នុង អភិបាលកិច្ចល្អ ការចូលរួមតាមបែបលទ្ធិប្រជាធិបតេយ្យនិងវិមជ្ឈការ សិទ្ធិមនុស្ស នីតិរដ្ឋ សមភាពយេនឌ័រ សិទ្ធិដីធ្លី ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខភាព អនាម័យ អភិវឌ្ឍន៍ជនបទ កសិកម្ម សន្តិសុខស្បៀង បរិស្ថាន និងការឆ្លើយតបចំពោះបម្រែបម្រូលធាតុអាកាស ព្រមទាំងការគាំទ្រចំពោះការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំនួយបច្ចេកទេសពាក់ព័ន្ធនឹងផ្នែក ពាណិជ្ជកម្ម ។ 

ការផ្តល់មូលនិធិដល់ប្រទេសកម្ពុជារបស់សហភាពអឺរ៉ុបធ្វើឡើងតាមរយៈបណ្តាញចំនួនពីរ៖ គឺទីមួយតាម រយៈកិច្ចសហប្រតិបត្តិការទ្វេភាគីដែលគាំទ្រដល់រដ្ឋាភិបាល និងទីពីរតាមរយៈកម្មវិធីពាក់ព័ន្ធដែលគាំទ្រដល់ អង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋាន ។

កិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ជាតិសំខាន់ៗរបស់ រាជរាដ្ឋាភិបាលកម្ពុជា។ វិស័យសំខាន់ៗជាច្រើនត្រូវបានឯកភាពរួមគ្នា និងបញ្ចូលទៅក្នុងឯកសារយុទ្ធសាស្ត្រ ប្រចាំប្រទេសរវាងសហភាពអឺរ៉ុបនិងកម្ពុជា (CSP) សម្រាប់រយៈពេលចាប់ពីឆ្នាំ ២០០៧ ដល់ ២០១៣។

ចំណែកដ៏ធំជាងគេនៃជំនួយឥតសំណងរបស់សហភាពអឺរ៉ុបនៅក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមាន ទឹកប្រាក់ចំនួន ៦៨លានអឺរ៉ូ ត្រូវបានកំណត់គោលដៅសម្រាប់វិស័យអប់រំ បន្ទាប់មកចំនួន ២៦លានអឺរ៉ូ ដើម្បីគាំទ្រដល់អភិបាលកិច្ច សិទ្ធិមនុស្ស (រួមទាំងការគាំទ្រចំពោះការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ និងកំណែទម្រង់វិមជ្ឈការ គាំទ្រចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។

វិស័យកសិកម្ម (រួមទាំងជលផល និងការចិញ្ចឹមសត្វ) ត្រូវបានគាំទ្រជាមួយនឹងទឹកប្រាក់ចំនួន ២០លានអឺរ៉ូ ចំណែកឯកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានទទួលទឹកប្រាក់ជិត ១៩លានអឺរ៉ូ ។ ទឹកប្រាក់ បន្ថែមចំនួន ៤,៦លានអឺរ៉ូ ទៀតត្រូវបានផ្តល់ជូនដើម្បីជួយនៅក្នុងវិស័យពាណិជ្ជកម្ម។ នៅក្នុងរយៈពេល ចន្លោះ ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩ ទឹកប្រាក់ជិត ៦លានអឺរ៉ូ ក៏ត្រូវបានបែងចែកសម្រាប់កម្មវិធីគាំទ្រថវិកាទូទៅផងដែរ ។ ការបែងចែកជំនួយឥតសំណងសរុបសម្រាប់រយៈពេលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣ មានទឹកប្រាក់ចំនួន ១៤៣លានអឺរ៉ូ (ប្រហែល ១៩៦ លានដុល្លារ) ដែលជំនួយឥតចំណងទាំងនេះ គឺជាការផ្តល់ដោយប្រតិភូសហភាពអឺរ៉ុបតែប៉ុណ្ណោះ (មិនរាប់បញ្ចូលនូវការផ្តល់តាមរយៈកិច្ចសហប្រតិ បត្តិការទ្វេភាគីរបស់ប្រទេសនានាដែលជាសមាជិកសហភាពអឺរ៉ុបឡើយ)។

កម្មវិធីពាក់ព័ន្ធត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍របស់អង្គការសង្គមស៊ីវិល និង អាជ្ញាធរ មូលដ្ឋាន។
កម្មវិធីទាំងនេះក៏ចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍជាច្រើនវិស័យផងដែរ ដូចជា ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ បរិស្ថាន ការផ្លាស់ប្តូរធាតុអាកាស កសិកម្ម-រុក្ខាប្រម៉ាញ់-នេសាទ សន្តិសុខស្បៀង សិទ្ធិដីធ្លី សុខភាព អនាម័យ បញ្ហាយេនឌ័រ ការចូលរួមតាមបែបប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សិទ្ធិមនុស្ស និងនីតិរដ្ឋ។ បច្ចុប្បន្នមានគម្រោងចំនួនជាង ៧០ ដែលមានទឹកប្រាក់ជាង ៦២លានអឺរ៉ូ (ប្រហែល៨៥ លានដុល្លារ) កំពុងត្រូវបានអនុវត្តនៅក្នុងខេត្តទាំង ២៣ នៃប្រទេសកម្ពុជា ព្រមទាំងទីក្រុងភ្នំពេញផងដែរ។ មូលនិធិដែលបានបញ្ជូនតាមរយៈកម្មវិធីពាក់ព័ន្ធ ត្រូវបានផ្តល់តាមរយៈការប្រកាសឲ្យដាក់សំណើសុំថវិកា ដែលត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ។

សហភាពអឺរ៉ុបក៏ផ្តល់មូលនិធិដល់គម្រោងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមានសកម្មភាពនៅក្នុងពេលតែមួយ ក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងមួយចំនួនផងដែរ៕L

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់