រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សហការជាមួយក្រសួងមហាផ្ទៃ និងមានការគាំទ្រពីគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(EU-DAR) របស់កិច្ចសហប្រតិបត្តការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តមុខងារជាជម្រើស ឬមុខងារជាអាណត្តិទូទៅរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបានយល់ដឹងអំពីទស្សនទាន និងដំណើរការនៃការអនុវត្តមុខងារជាជម្រើសឬមុខងារជាអាណត្តិទូទៅកាន់តែប្រសើរ។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំចំនួនបីតំបន់ ៖ លើកទី១ នៅខេត្តសៀមរាប (ចាប់ពីថ្ងៃទី២៦ដល់២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ) លើកទី២ខេត្តបាត់ដំបង(ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ) និងលើកទី៣ នៅរាជធានីភ្នំពេញ(ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ) ដែលមានអ្នកចូលរួមប្រមាណ ៦១០រូប មកពីបណ្តាលរាជធានី ខេត្ត ក្រុង ស្រុក ទូទាំងប្រទេស ។ ក្នុងការថ្លែងបើកវគ្គបណ្តុះបណ្តាលចុងក្រោយដែលប្រព្រឹត្តទៅនៅសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់ II លោក មុំ ណារ៉ែន អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានស្វាគមន៍លោក លោកស្រីតំណាងក្រសួងមហាផ្ទៃ តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរតនាគារខេត្ត និងតំណាងរដ្ឋបាលក្រុង ស្រុកទូទាំងប្រទេសសរុបចំនួនប្រមាណ ២០០រូប ដែលជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនាឱកាសនេះ។
តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប លោក មុំ ណារ៉ែន បានលើកឡើងពីសារៈសំខាន់នៃមុខងារជាអាណត្តិទូទៅ និងមុខងារជាជម្រើសដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន នៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយបានមានប្រសាសន៍ឱ្យដឹងថា ការសិក្សារួមគ្នារវាងលេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួងមហាផ្ទៃកាលពីចុងឆ្នាំ ២០១៨ បានបង្ហាញឱ្យឃើញថា ការយល់ដឹងអំពី មុខងារជាជម្រើស ឬមុខងារជាអាណត្តិទូទៅ របស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនៅមានកម្រិតនៅឡើយ ដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិភាគច្រើនបានអនុវត្តមុខងារជាជម្រើសដែលជាគម្រោងមានលក្ខណៈជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយឡែកការអនុវត្តគម្រោងដែលមានលក្ខណៈជាសេវាហេដ្ឋារចនាសម្ព័ន្ធអរូបវន្តមានតិចតួចបំផុត។ លោក មុំ ណារ៉ែនបានមានប្រសាសន៍ថា៖“ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាមិនទាន់បានសមស្របទៅតាមការកំណត់របស់លិខិតបទដ្ឋានគតិយុត្ត និងឯកសារបច្ចេកទេសស្តីពី ការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសនៅឡើយ”។
ឱកាសនេះ លោកបានបញ្ជាក់ថា ដោយបានមើលឃើញបញ្ហាប្រឈមនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះហើយទើបលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការសហការគ្នាជាមួយក្រសួងមហាផ្ទៃ និងមានការគាំទ្រពីគម្រោង EU-DAR របស់ GIZ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបានយល់ដឹងបន្ថែមទៀតអំពី ទស្សនទានទូទៅ អំពី ការអនុវត្តមុខងារជាជម្រើស និងចែករំលែកបទពិសោធន៍រវាងក្រុង ស្រុក ដែលបានអនុវត្តមុខងារជាម្រើសជាមួយក្រុង ស្រុកដែលមិនទាន់បានអនុវត្តសំដៅធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាពក្នុងការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបរាល់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សូមជម្រាបជូន វគ្គបណ្តុះបណ្តាលមានគោលបំណងឱ្យសិក្ខាកាម៖
- យល់ដឹងអំពីទស្សនទាន និងដំណើរការនៃការអនុវត្តមុខងារជាជម្រើស និងមុខងារជាអាណត្តិទូទៅ កាន់តែប្រសើរ
- ទទួលបានបទពិសោធន៍ជាក់ស្តែងនៃការអនុវត្តមុខងារជាជម្រើស និងមុខងារជាអាណត្តិទូទៅ
- កំណត់បានបញ្ហាប្រឈមនានានៃការអនុវត្តមុខងារជាជម្រើស និងមុខងារជាអាណត្តិទូទៅ
- មានគំនិតផ្តួចផ្តើមនិងរៀបចំផែនការសម្រាប់ការអនុវត្តមុខងារជាជម្រើស និងមុខងារជាអាណត្តិទូទៅ
សូមជម្រាបជូនផងដែរថា មុខងារជាជម្រើសឬមុខងារជាអាណត្តិទូទៅ គឺជាមុខងារដែលមិនមានលក្ខណៈជាកាតព្វកិច្ច ហើយរដ្ឋបាលថ្នាក់ក្រោមជាតិអាចជ្រើសរើសអនុវត្ត ឬ មិនអនុវត្ត។ មុខងារជាជម្រើសឬមុខងារជាអាណ្តិទូទៅនៅក្នុងឯកសារបច្ចេកទេសគឺសំដៅលើមុខងារទាំងឡាយណាដែលត្រូវផ្តួចផ្តើមជ្រើសរើសដោយក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិមកអនុវត្ត ហើយមុខងារទាំងនោះចែកចេញជាពីរប្រភេទ ៖ ប្រភេទទី១៖ ជាមុខងារទាំងឡាយណាដែលមិនស្ថិតនៅក្រោមអាណត្តិនៃក្រសួង ស្ថាប័ន្ន មន្ទីរ អង្គភាពណាមួយឡើយ និងប្រភេទី២៖ មុខងារទាំងឡាយណាដែលស្ថិតនៅក្រោមអាណតិ្តរបស់ក្រសួង ស្ថាប័ន្ន មន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាល ប៉ុន្តែក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធមិនទំទាស់ចំពោះក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការជ្រើសរើសយកមកអនុវត្តនូវមុខងារទាំងនោះឡើយ ។ សារៈសំខាន់នៃការអនុវត្តមុខងារជាជម្រើស រួមមាន ពង្រឹងសិទិ្ធអំណាចឆន្ទានុសិទិ្ធរបស់ក្រុមប្រឹក្សា ពង្រឹងគណនេយ្យភាពផ្ទាល់របស់ក្រុមប្រឹក្សា ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងពង្រឹងដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋាន៕