រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញបើកសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ស្តីពី ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងការដាក់ចេញដីការបស់ក្រុមប្រឹក្សា ក្នុងគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU DAR) ក្នុងភោជនីយដ្ឋានទន្លេបាសាក់២។
សិក្ខាសាលានេះរៀបចំឡើងរយៈពេលពីរថ្ងៃគឺនៅថ្ងៃព្រហស្បតិ៍៥កើត និងថ្ងៃសុក្រ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០១៨ ដោយមានសមាសភាពចូលរួមប្រមាណ ៨០រូបមកពីតំណាងលេខាធិការដ្ឋានគ.ជ.អ.ប ក្រសួងមុខងារសាធារណៈ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តកណ្តាល ព្រមទាំងតំណាងភាគីផ្តល់ជំនួយ BMZ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តំណាង GIZ ដែលជាភ្នាក់ងារអនុវត្តកម្មវិធី EU-DAR និងតំណាងសហភាពអឺរ៉ុបដែលជាសហភាគីផ្តល់មូលនិធិដល់កម្មវិធី EU-DAR ដើម្បីជជែកពិភាក្សាលើប្រធានបទចំនួនពីរ គឺការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងការដាក់ចេញដីការបស់ក្រុមប្រឹក្សា។
ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ស្វាគមន៍សិក្ខាកាមទាំងអស់ ដោយឯកឧត្តមចាត់ទុកថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ ពីព្រោះសិក្ខាសាលានេះបើកឱកាសដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងគម្រោង EU-DAR បានចែករំលែក ពិភាក្សា និងផ្តល់យោបល់អំពីចំណុចខ្លាំង និងចំណុចខ្សោយក្នុងការអនុវត្តការងារនៅមូលដ្ឋានជាក់ស្តែង ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបានបន្តមានប្រសាសន៍ជាថ្មីថា ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានគោលដៅបង្ខិតការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋបាលសាធារណៈ ទៅកៀកជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ “បើយើងពុំមានព័ត៌មានច្បាស់លាស់គ្រប់គ្រាន់ យើងមិនអាចធ្វើសេចក្តីសម្រេចដាក់ចេញនូវគោលនយោបាយត្រឹមត្រូវនោះទេ”។
ឯកឧត្តមបានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ដូចយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ដោយហ៊ានបង្ហាញព័ត៌មានដល់ប្រជាពលរដ្ឋ តាមបែបសាមញ្ញ និងងាយយល់។ ជាចុងបញ្ចប់ ឯកឧត្តមបានជំរុញសិក្ខាកាមទាំងអស់ឱ្យជជែក ពិភាក្សា និងផ្តល់យោបល់ដោយបើកចំហរ ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា កម្មវិធីEU-DAR មានលទ្ធផលរំពឹងទុកសំខាន់ៗចំនួន៤ រួមមាន៖ ១) ផ្តោតជាសំខាន់លើការអនុវត្តឧបករណ៍គ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ដែលជាប្រធានបទមួយដ៏សំខាន់នៅក្នុងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ ២) ផ្តោតលើការអនុវត្តយន្តការផ្តល់សេវាសាធារណៈ ៣) ផ្តោតលើការអនុវត្តការផ្ទេរមុខងារជាពិសេសក្នុងវិស័យអប់រំនិងសុខាភិបាល និង ៤) ផ្តោតជាសំខាន់លើការអនុវត្តសាកល្បងគោលនយោបាយនានា (Policy Experimentation) ចែករំលែកបទពិសោធន៍ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដូចគ្នាសម្រាប់យកទៅអនុវត្ត និងការចែករំលែកបទពិសោធន៍ជាមួយថ្នាក់ជាតិ ដើម្បីប្រមូលធាតុចូលសម្រាប់កែសម្រួល និងរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗបន្ថែមទៀត ហើយក៏ជាមេរៀនបទពិសោធន៍សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រីកវិសាលភាពអនុវត្តទៅរដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងៗទៀតផងដែរ៕