ការពង្រឹងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ ៣០ កញ្ញា ២០១៥៖ សមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងធនធានក្នុងការផ្តល់សេវា និងអភិវឌ្ឍឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលត្រូវសម្រេចឲ្យបានក្នុងផែនការអនុវត្តរយៈពេល៣ឆ្នំាដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១ឆ្នាំ គឺរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការទទូលបាននូវសេវា និងការអភិវឌ្ឍមូលដ្ឋានហើយការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានសំខាន់ៗនានានឹងត្រូវបានអនុវត្តដោយរដ្ឋបាលដែលមានលក្ខណៈសមស្រប និងកៀកប្រជាពលរដ្ឋ…

ភ្នំពេញ ៣០ កញ្ញា ២០១៥៖ សមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងធនធានក្នុងការផ្តល់សេវា និងអភិវឌ្ឍឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលត្រូវសម្រេចឲ្យបានក្នុងផែនការអនុវត្តរយៈពេល៣ឆ្នំាដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ គឺរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការទទូលបាននូវសេវា និងការអភិវឌ្ឍមូលដ្ឋានហើយការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានសំខាន់ៗនានានឹងត្រូវបានអនុវត្តដោយរដ្ឋបាលដែលមានលក្ខណៈសមស្រប និងកៀកប្រជាពលរដ្ឋ។

 

ដើម្បីធានាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពក្នុងការបំពេញមុខងារដែលបានផ្ទេរទៅឲ្យ ចាំបាច់ត្រូវរៀបចំឲ្យមានប្រភពធនធានហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធានាដល់ការផ្តល់សិទ្ធិអំណាចសមស្របដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានទាំងនោះប្រកបដោយភាពបត់បែន ប្រសិទ្ធភាព តម្លាភាព និងភាពស័ក្តិសិទ្ធិ ព្រមទាំងមានការលើកទឹកចិត្តដល់មន្រ្តី បុគ្គលិកឲ្យទៅបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

 

ក្នុងន័យនេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំ និងបន្តសម្របសម្រួល គាំទ្រដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីជំរុញដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលក្រុង ស្រុក ឲ្យបានឆាប់រហ័ស ដោយធ្វើការវិភាគច្បាស់លាស់ និងផ្តោតសំខាន់លើមុខងារដែលកំពុងអនុវត្តដោយការិយាល័យជំនាញកំពុងអនុវត្តនៅថ្នាក់ក្រុង ស្រុក ខណ្ឌរបស់ក្រសួង ស្ថាប័ននានា ដោយឆ្លងកាត់ការពិភាក្សា សិក្ខាសាលា កិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានាជាច្រើន។

 

ក្នុងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានដលរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានបែងចែកជា២ ជំហានគឺ ជំហានទី១ តម្រូវឲ្យក្រសួង ស្ថាប័នរៀបចំបញ្ជីវិភាគមុខងារ និងជំហានទី២គឺ តម្រូវឲ្យក្រសួង ស្ថាប័នធ្វើការពិនិត្យមើលឡើងវិញនូវមុខងារដែលបានកំណត់នៅក្នុងបញ្ជីវិភាគមុខងារ ដើម្បីសម្រេចជ្រើសរើសយកមុខងារសមស្រប និងចាំបាច់នានាសម្រាប់ផ្ទេរឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

ចាប់ពីឆ្នាំ២០១២ មកដល់ពេលនេះមានក្រសួង៤ ដែលបានអនុវត្តបញ្ចប់ជំហានទាំង២ គឺក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងបរិស្ថាន។ ក្នុងនោះដែរមានក្រសួងចំនួន២ ដែលបានបញ្ចប់ជំហានទី១ គឺក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល។ ដោយឡែកក្នុងឆ្នាំ២០១៥នេះ មានក្រសួងចំនួន៨ផ្សេងទៀត បានចាប់ផ្តើមអនុវត្តជំហានទី១ គឺការរៀបចំបញ្ជីវិភាគមុខងារ ដែលរួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម។

 

ក្នុងឆ្នាំ២០១៥នេះដែរ មានក្រសួងចំនួន២ បានសាកល្បងផ្ទេរមុខងារចំនួន៣ ដល់រដ្ឋបាលក្រុង ស្រុកគោលដៅ។ ក្រសួងអភិវឌ្ឍន៍ជនបទបានសាកល្បងផ្ទេរមុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គងទឹកស្អាតជនបទដល់រដ្ឋបាលស្រុកឈូក ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាចនៃខេត្តកំពត និងស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មានៃខេត្តត្បូងឃ្មុំ។ ក្នុងនោះដែរក្រសួងក៏បានសាកល្បងផ្ទេរមុខងារសេវាអនាម័យជនបទដល់រដ្ឋបាលស្រុកបរសេដ្ឋ ស្រុកគងពិសី ស្រុកឱរ៉ាល់ ស្រុកថ្ពង ស្រុកឧត្តុង្គ នៃខេត្តកំពង់ស្ពឺ និងស្រុកតំបែរ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកអូររាំងឪ និងស្រុកពញាក្រែកនៃខេត្តត្បូងឃ្មុំ។ 

 

ក្នុងឆ្នាំ២០១៤ ក្រសួងសុខាភិបាលក៏បានសាកល្បងផ្ទេរមុខងារវិស័យសុខាភិបាលនៅមណ្ឌលសុខភាពដល់រដ្ឋបាលស្រុកម៉ោងឬស្សី ស្រុករុក្ខគិរី ស្រុកគាស់ក្រឡនៃខេត្តបាត់ដំបង និងស្រុកកណ្តៀង ស្រុកបាកាននៃខេត្តពោធិ៍សាត់៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់