កូរ៉េ​ និង​ក្រសួង​អប់រំ ​រួមគ្នា​អភិវឌ្ឍ​ការអប់រំ​បច្ចេកទេស​នៅ​មធ្យមសិក្សា​ទុតិយភូមិ

ភ្នំពេញ ២៣ មេសា ២០១៥៖ ក្រសួងអប់រំយុវជន និងកីឡា និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានរៀបចំសិក្ខាលើកទី៣ ស្តីពីការអភិវឌ្ឍការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ ដើម្បីផ្ដល់ឲ្យសិស្សបានរៀនសូត្រនូវមុខជំនាញវិជ្ជាជីវៈហើយពេល បញ្ចប់ការសិក្សាពួកគេអាចមានលទ្ធភាពរកការងារ ធ្វើចិញ្ចឹមជីវិតដោយខ្លួនឯងបាន។

 

ភ្នំពេញ ២៣ មេសា ២០១៥៖ ក្រសួងអប់រំយុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានរៀបចំសិក្ខាលើកទី៣ ស្តីពីការអភិវឌ្ឍការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិដើម្បីផ្ដល់ឲ្យសិស្សបានរៀនសូត្រនូវមុខជំនាញវិជ្ជាជីវៈហើយពេលបញ្ចប់ការសិក្សា ពួកគេអាចមានលទ្ធភាពរកការងារធ្វើចិញ្ចឹមជីវិតដោយខ្លួនឯងបាន។

 

សិក្ខាសាលនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណាក្រោមអធិបតីភាពឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងលោកស្រី ប៊ែក ស៊ុកហ៊ី (Baek Sook Hee) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា(កូយកា)។

 

លោកបណ្ឌិត គ្រីស៊ាង ឡុង អនុប្រធាននាយកដ្ឋានទទួលបន្ទុករួមនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈបានមានប្រសាសន៍ថា សិក្ខាសាលានេះប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីការអភិវឌ្ឍការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ។

 

លោកស្រី Baek Sook Hee ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានមានប្រសាសន៍ថា គម្រោងផែនការការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិនេះបានដើរតួរយ៉ាងសំខាន់ ដើម្បីអភិវឌ្ឍកម្លាំងការងារ ក៏ដូចជាបច្ចេកទេស និងជំនាញសម្រាប់បំពេញទីផ្សារការងារនៃប្រទេសកម្ពុជា។

 

លោកស្រី បន្តថា «គម្រោងនេះនិងជួយអភិវឌ្ឍជំនាញ ដែលជួយជំរុញឲ្យយុវជនទទួលបានជំនាញ និងទទួលបានការងារល្អ និងឱកាសផ្សេង»។ លោកស្រីបានបន្ថែមថា ជាងនេះទៅទៀតវានឹងជួយឲ្យសិស្សបានរៀនសូត្របានល្អប្រសើរជាងមុនដោយសារតែគ្រូៗបានទទួលនូវបទពិសោធន៍ល្អៗពីការធ្វើទស្សនកិច្ចនៅកូរ៉េ។

 

ឯកឧត្ដម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា «ជាការពិតណាស់ការអប់រំបច្ចេកទេស ទាមទារនូវការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធនិងគ្រប់ជ្រុងជ្រោយមិនអាចខ្វះនូវធាតុណាមួយបានឡើយ។ បើមិនដូច្នេះទេពិតជាមិនទទួលបាននូវលទ្ធផលល្អស្របតាមគោលបំណងគោលដៅរបស់យើងដែលបានគ្រោងទុកនោះដែរ»។

 

ឯកឧត្ដមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តនូវគម្រោងអភិវឌ្ឍការអប់រំបច្ចេកទេសនៅមធ្យមសិក្សា ទុតិយភូមិទទួលបានជោគជ័យដោយយើងបង្កើតបានជាសៀវភៅគោលនិងកម្មវិធីសិក្សាសម្រាប់ឲ្យសិស្សសិក្សារៀនសូត្រនៅតាមសាលាជាគោលដៅ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ដូចនេះសូមឲ្យនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ត្រូវធ្វើ ការផ្សព្វផ្សាយសៀវភៅគោលនិងកម្មវិធីសិក្សានេះដល់តាមបណ្ដាសាលារៀនឲ្យបានទូលំទូលាយ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័របាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់