ពិធីប្រកាសផ្ទេរភារកិច្ច និង​តែង​តាំងមុខ​តំណែង​​អភិបាលរង និង​នាយក​រដ្ឋបាល​ខេត្ត​កំពត

កំពត ៥ មិថុនា ២០១៤៖ រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្ត មានរៀបចំពិធីផ្ទេរ និងតែងតាំងមុខតំណែងអភិបាលរងនៃគណៈអភិបាល និងនាយករដ្ឋបាល…

កំពត ៥ មិថុនា ២០១៤៖ រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្ត មានរៀបចំពិធីផ្ទេរ និងតែងតាំងមុខតំណែងអភិបាលរងនៃគណៈអភិបាល និងនាយករដ្ឋបាលខេត្តកំពត ក្រោមអធិបតីភាពរបស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

ក្នុងឳកាសនោះ ឯកឧត្តម អង មង្គល អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន និងជាប្រធាននាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល តែងតាំងលោក ស៊ុក សារ៉ាដ ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពត ជំនួសលោក អ៊ឹង ម៉េងហួរ ដែលត្រូវទៅបំពេញភារកិច្ចនៅក្រសួងមហាផ្ទៃ លោកស្រី យូ សុគន្ធ ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពត ជំនួសលោកស្រី កង សៅរ៍ធន ដែលត្រូវចូលនិវត្តន៍ និងបានអានប្រកាសរបស់ក្រសួងមហាផ្ទៃតែងតាំងលោក ស៊ឹម វុទ្ធា ជានាយករដ្ឋបាលសាលាខេត្តកំពត ជំនួសលោក ស៊ុក សារ៉ាដ ផងដែរ។

 

មានប្រសាសន៍ក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ និងលើកឡើងនូវចំណុចសំខាន់ៗ ដូចជាការធ្វើកំណែទម្រង់លើគ្រប់វិស័យស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះយើងត្រូវរួមគ្នាសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រចំនួនបីគឺ ១-ខិតខំរួមគ្នាដើម្បីធានាដល់ប្រក្រតីភាពនៃស្ថាប័នជាតិ រដ្ឋបាលសាធារណៈ និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា ២-ត្រូវខិតខំរួមគ្នាដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងជម្រុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងគោលនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និង៣-ត្រូវខិតខំរួមគ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់អតិផរណា ខិតខំបង្កើនការប្រមូលចំណូល ត្បិតត្បៀតការចំណាយ ដោយខិតខំប្រើប្រាស់ចំណាយឱ្យចំគោលដៅជាអាទិភាពនានា និងជម្រុញផលិតកម្មលើគ្រប់ផ្នែក គ្រប់វិស័យ។ 

 

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើផងដែរថា ដើម្បីសម្រេចបាននូវ

កិច្ចការខាងលើចាំបាច់ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង

ឱ្យបានល្អនៅក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ

និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋាន

សហការ លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរព

គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការងារ ដើម្បីលើក

កម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីក្នុងការបំពេញ

តួនាទីភារកិច្ចរបស់ខ្លួន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់