កិច្ចពិភាក្សាស្តីពីការងារគ្រប់គ្រងសំរាម និងទឹកលូក្នុងរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៣០ ឧសភា ២០១៤៖ ដើម្បីធានាបាននូវការផ្តល់យោបល់ពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាតួអង្គប្រតិបត្តិផ្ទាល់ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ បានរៀបចំកិច្ចពិភាក្សាជាមួយតំណាងសាលារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌមួយចំនួនស្តីពី

ភ្នំពេញ ៣០ ឧសភា ២០១៤៖ ដើម្បីធានាបាននូវការផ្តល់យោបល់ពីរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាតួអង្គប្រតិបត្តិផ្ទាល់ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ បានរៀបចំកិច្ចពិភាក្សាជាមួយតំណាងសាលារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌមួយចំនួន ស្តីពីការងារគ្រប់គ្រងសំរាម និងទឹកលូក្នុងរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។ 

 

កិច្ចពិភាក្សានេះដឹកនាំដោយឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការចូលរួមពីតំណាងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មកពីរាជធានីភ្នំពេញ ខេត្តកំពត កំពង់ចាម និងកណ្តាល មន្ត្រីក្រសួងមហាផ្ទៃ មន្រ្តីលេខាធិការដ្ឋាន គ.ជ.អ.ប និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិមកពីរាជធានី ខេត្តទាំង៤ សរុបចំនួន២៦ នាក់។ 

 

លេខាធិការដ្ឋាន គ.ជ.អ.ប កំពុងសហការជាមួយក្រសួងបរិស្ថាន ដើម្បីរៀបចំលិខិតបទដ្ឋានក្នុងការកំណត់ឲ្យមានការចូលរួម និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងមុខងារស្តីពីការគ្រប់គ្រងកាកសំណល់រឹង និងរាវ។ 

 

ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន បានរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងសំរាម និងទឹកលូរាជធានី ខេត្ត ដែលនឹងជំរុញការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តការគ្រប់គ្រងសំរាម និងទឹកលូ ទីប្រជុំជនរាជធានី ខេត្ត ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពបរិស្ថាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

 

កិច្ចពិភាក្សានេះបានផ្តោតលើការពិភាក្សា និងការផ្តល់យោបល់ទៅលើសេចក្តីព្រាងប្រកាសអន្តរក្រសួងនេះ ឲ្យបែងចែកតួនាទី ភារកិច្ច ការទទួលខុសត្រូវឲ្យបានច្បាស់លាស់នៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗទាក់ទងនឹងការគ្រប់គ្រងសំរាម និងទឹកលូ។

 

កិច្ចពិភាក្សាបានប្រមូលគំនិតល្អៗជាច្រើន និងមានការផ្តល់យោបល់យ៉ាងផុលផុសពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម ទឹកលូ ជាពិសេសមានការផ្តល់ជាបទពិសោធន៍ពីតំណាងរាជធានីភ្នំពេញ និងតំណាងក្រុងកំពតដែលមានបទពិសោធន៍ក្នុងការគ្រប់គ្រងសំរាម និងទឹកលូកន្លងមក។ 

 

បន្ទាប់ពីកិច្ចពិភាក្សាផ្តល់យោបល់នេះ លេខាធិការដ្ឋាន គ.ជ.អ.ប នឹងធ្វើការពិភាក្សា និងផ្តល់យោបល់បន្តទៀតជាមួយក្រសួងបរិស្ថានស្តីពីប្រកាសអន្តរក្រសួងនេះ៕ 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់