កិច្ចពិភាក្សា​លើ​សេចក្ដី​ព្រាង​ក្របខ័ណ្ឌ​កម្មវិធី​សម្រាប់​រៀបចំ​ផែនការ​អនុវត្ត​កម្មវិធី​ជាតិ​ដំណាក់​កាលទី២ (២០១៥-២០១៧)

ភ្នំពេញ ៨ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា លើសេចក្ដីព្រាងក្របខ័ណ្ឌកម្មវិធី សម្រាប់រៀបចំតាក់តែង ផែនការអនុវត្តរយៈពេលបីឆ្នាំ (ផអ៣) ដំណាក់កាលទី២ (២០១៥-២០១៧) ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។


ភ្នំពេញ ៨ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើ សេចក្ដីព្រាងក្របខ័ណ្ឌកម្មវិធីសម្រាប់រៀបចំតាក់តែងផែនការអនុវត្តរយៈពេលបីឆ្នាំ (ផអ៣) ដំណាក់កាល២ (២០១៥-២០១៧) ក្រោមអធិបតីភាពឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។

កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរង នាយករដ្ឋបាល និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់រាជធានី ខេត្ត មកពីរាជធានី ខេត្តចំនួន៩ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងមន្ត្រី ទីប្រឹក្សានៃលេខាធិការដ្ឋានគ.ជ.អ.ប ចំនួនប្រមាណ៦០ រូប (ស្ត្រី១០រូប)។

ការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០១៩) ត្រូវបាន បែងចែក ជាបីដំណាក់កាល។ នៅក្នុងឆ្នាំ២០១៤ គឺជាការបញ្ចប់ផែនការអនុវត្តបីឆ្នាំ (ផអ៣) ដំណាក់កាលទី១ នៃកម្មវិធីជាតិ។ ផអ៣ដំណាក់កាលទី២ នឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧។ លេខាធិការដ្ឋាន គ.ជ.អ.ប នឹងរៀបចំឯកសារគោល សម្រាប់ការអនុវត្តផអ៣ដំណាក់កាលទី២នេះ។

កិច្ចប្រជុំនាពេលនេះ គឺជាការបង្ហាញទស្សនសំខាន់ៗ ពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ ដើម្បីឲ្យមានការឯកភាពគ្នាទៅលើឯកសារសេចក្ដីព្រាងក្របខ័ណ្ឌកម្មវិធីនៃផអ៣ដំណាក់កាលទី២ ដែលបានកែសម្រួលនេះ មុននឹងឈានទៅរៀបចំសេចក្ដីព្រាងឯកសារយុទ្ធសាស្ត្រនៅក្នុងជំហានបន្ទាប់ (ជំហានទី២)។ មានន័យថានេះគឺជាការពិភាក្សា ពិគ្រោះយោបល់នៅក្នុងជំហានទី១ ដើម្បីស្វែងរកការស្រុះស្រួលគ្នាទៅលើសេចក្ដីព្រាងឯកសារនេះ។

ដំណាក់កាលទី១នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ គឺផែនការអនុវត្តបីឆ្នាំដំបូង (ផអ៣ ២០១១-២០១៣) ដែលត្រូវបានពន្យារពេល រហូតដល់ឆ្នាំ២០១៤។ ផអ៣ ដំណាក់កាលទី១នេះ ផ្តោតលើការអភិវឌ្ឍគោលនយោបាយ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងនីតិវិធីនានានៅក្នុងការអនុវត្តការងារ ការបង្កើតឡើងនូវប្រព័ន្ធកសាងផែនការ ប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ប្រព័ន្ធផ្ទេរមូលនិធិសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងវិធានការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្តោតទៅលើរដ្ឋបាលថ្នាក់ក្រុង ស្រុក។

ដំណាក់កាលទី២នៃផអ៣ផ្តោតទៅលើការពង្រឹង និងការគាំទ្រទៅដល់ការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកតាមប្រព័ន្ធនិងនីតិវិធីដែលបានរៀបចំបង្កើតឡើងនៅក្នុងដំណាក់កាលទី១ ជាពិសេសផ្តោតទៅលើ ការផ្ទេរមុខងារ និងធនធានជាជំហានៗ ទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅធានាបានការទទួលខុសត្រូវ ប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាននានា។

ដំណាក់កាលទី៣នៃផអ៣គឺផ្តោតទៅលើការបន្តជំរុញ  និងលើកកម្ពស់ការទទួលខុសត្រូវ និងស្វ័យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅលើការគ្រប់គ្រងកិច្ចអភិវឌ្ឍ និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ដោយផ្អែកទៅលើមេរៀន បទពិសោធន៍ដែលបានអនុវត្ត នៅក្នុងដំណាក់ទី២ ព្រមទាំងធ្វើការពិនិត្យ និងវាយតម្លៃ ដើម្បីធានាថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនេះឆ្លើយតប និងឆ្លុះបញ្ចាំងទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្ដម សក់ សេដ្ឋា មានប្រសាសន៍ថា  ការរៀបចំផអ៣ដំណាក់កាលទី២ នេះគឺត្រូវមានការឯកភាព ពីដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធ។ លេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការ ជាមួយទីប្រឹក្សាជាតិ និងអន្តរជាតិ ដើម្បីជួយគាំទ្រ សម្របសម្រួល ដល់ការ ប្រមូលធាតុចូល និងផ្នែក បច្ចេកទេស ដោយផ្អែក ទៅលើ បទពិសោធន៍ ដែលបានរៀបចំ ផអ៣ កាលពីមុនកន្លង មកនេះ ដើម្បីពង្រឹងភាពជាម្ចាស់ របស់ រាជរដ្ឋាភិបាល នៅក្នុង កិច្ចដំណើរការ តាក់តែង ផអ៣ ដំណាក់កាលទី២នេះ ដែលត្រូវកំណត់ ជាបីជំហាន សំខាន់ៗ  ហើយនៅក្នុងជំហាន នីមួយៗ តម្រូវឲ្យមានការចូលរួមពិនិត្យ និងផ្តល់យោបល់ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់។ ជំហានសំខាន់ៗបី ដែលត្រូវកំណត់ក្នុងផអ៣ដំណាក់កាលទី២នេះ រួមមាន៖

  1. ការរៀបចំបង្កើតនូវក្របខ័ណ្ឌកម្មវិធី ដែលកំណត់នូវគោលបំណង និងចំណុចដៅជាអាទិភាព ដែលត្រូវសម្រេចឲ្យបាននៅចុងឆ្នាំនៃផអ៣ដំណាក់កាលទី២
  2. ការកំណត់យុទ្ធសាស្ត្រចាំបាច់ដើម្បីសម្រេចបាននូវចំណុចដៅដែលបានកំណត់នៅក្នុងចំណុចទី១ខាងលើ
  3. ការរៀបចំឯកសារលម្អិត និងពេញលេញនូវផអ៣ដំណាក់កាលទី២ ដោយរួមបញ្ចូលនូវការគិតគូរនូវធនធានថវិកា និងក្របខ័ណ្ឌពេលវេលា

ឯកឧត្តម សក់ សេដ្ឋា ថ្លែងថា សេចក្ដីព្រាងឯកសារនេះគឺជាឯកសារគោលមួយដែលមានសារសំខាន់ ដែលកំណត់ពីសមិទ្ធផល គោលបំណង និងចំណុចដៅ ដែលក្រុមការងារសម្របសម្រួល ហើយនឹងត្រូវសម្រេចឲ្យបានក្នុងរយៈពេល៣ឆ្នាំបន្ទាប់ (២០១៥-២០១៧)។ «ប្រសិនបើយើងកំណត់បានសមិទ្ធផល គោលបំណង និងចំណុចដៅ ឲ្យបានច្បាស់លាស់ និងមានលក្ខណៈ គ្រប់ជ្រុងជ្រោយ និងមានការឯកភាពជាមួយក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកព័ន្ធទាំងអស់នោះ យើងនឹងមានលទ្ធភាព អាចរៀបចំឯកសារលម្អិតសម្រាប់ផអ៣ដំណាក់កាលទី២នេះ ដែលមានលក្ខណៈពេញលេញ និងសមស្រប ហើយអាចឆ្លើយតប ទៅនឹងគោលបំណងដើមរបស់យើង គឺគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដែលបានកំណត់នៅក្នុងច្បាប់រៀបចំអង្គការ»។

ឯកឧត្ដម ថ្លែងបន្តថា សេចក្ដីព្រាងឯកសារនេះ ត្រូវបានរៀបចំដោយឆ្លុះបញ្ចាំង ទៅនឹងសមាសភាពទាំងប្រាំ ដែលបានកំណត់ នៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលសមាសភាពទាំងនោះរួមមាន៖

  1. ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ
  2. ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៃរដ្ឋបាលថ្នាក់ក្រោមជាតិ
  3. ការផ្ទេរមុខងារនិងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
  4. ការរៀបចំប្រព័ន្ធហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  5. ស្ថាប័នគាំទ្រនៃកិច្ចដំណើរការកំណែទម្រង់

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់