អគារ​សាលា​ក្រុង ស្រុក និង​សាល​ប្រជុំ​ចំនួន​៣៤ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

កំពង់ឆ្នាំង ១ ឧសភា ២០១៧៖ ក្នុងការគាំទ្រដល់ការពង្រឹងសមត្ថភាពជូនរដ្ឋបាលក្រុង ស្រុកដើម្បីធានាអនុវត្តនូវមុខងារ និងចាត់ចែងធនធានឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមថវិកាបដិភាគជាមួយនឹងប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុង គម្រោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការ…

 

កំពង់ឆ្នាំង ១ ឧសភា ២០១៧៖ ក្នុងការគាំទ្រដល់ការពង្រឹងសមត្ថភាពជូនរដ្ឋបាលក្រុង ស្រុកដើម្បីធានាអនុវត្តនូវមុខងារ និងចាត់ចែងធនធានឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមថវិកាបដិភាគជាមួយនឹងប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងគម្រោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការ បានសម្ពោធអគាររដ្ឋបាល អគារសាលប្រជុំ និងបំពាក់សម្ភារសង្ហារិមដល់សាលាក្រុង ស្រុកចំនួន៣៤ ដោយចំណាយថវិកាប្រមាណ១១ លានដុល្លារអាមេរិក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅខេត្តកំពង់ឆ្នាំង។

 

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានប្រសាសន៍ថា  គម្រោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការ (DPSFM) ពិតជាបានគាំទ្រដល់ដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្ដោតសំខាន់លើការពង្រឹងសមត្ថភាព និងការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានលទ្ធភាពក្នុងការចាត់ចែងមូលនិធិក្នុងការផ្ដល់សេវាសាធារណៈទាន់ពេលវេលា និងឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

 

ឯកឧត្ដម Januar Kakim ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា មានមោទនៈភាព និងអបអរសាទរចំពោះរាជរដ្ឋាភិបាលដែលបានសម្រេចសាងសង់អគាររដ្ឋបាលដល់សាលាក្រុង ស្រុកទាំង៣៤ ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុកមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋ។  ឯកឧត្ដម បានមើលឃើញថា គម្រោង DPSFM បានចូលរួមដល់ដំណើរការផ្តល់សេវាអត្រានុកូលដ្ឋានដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពដោយការចុះសំបុត្រកំណើតនៅរដ្ឋបាលក្រុង ស្រុកបានចំនួន៩០% ដែលមានការកើនឡើង៥% មុននឹងក្រោយអនុវត្តគម្រោង។

 

ឯកឧត្ដម Januar Kakim ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុង ស្រុកទាំង៣៤ ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថ្មីឱ្យអស់ពីលទ្ធភាព និងបម្រុងថវិកាដើម្បីគាំទ្រដល់ដំណើរថែទាំផងដែរ។ ឯកឧត្ដម បានបញ្ចប់ដោយបង្ហាញពីការប្ដេជ្ញាចិត្តថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងនៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់តាមបែបប្រជាធិបតេយ្យដើម្បីលើកកម្ពស់គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

 

សម្ដេចក្រឡាហោម ស ខេង បានផ្ដាំផ្ញើដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវលើកកម្ពស់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់មូលនិធិក្រុង ស្រុក ឃុំ សង្កាត់ និងថវិកាគុណប្រយោជន៍ខេត្ត ប្រកបដោយតម្លាភាព គណនេយ្យភាព និងសុចរិតភាពស្របទៅតាមបែបបទ នីតិវិធីដែលបានកំណត់ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

 

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការ ត្រូវបានអនុវត្តនៅឆ្នាំ២០១៣ ក្រោមប្រាក់កម្ចីចំនួន ១៣,៥ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១លានដុល្លារអាមេរិក។ រហូតមកដល់ពេលនេះ មានសាលាក្រុង ស្រុកចំនួន៣៤នៃខេត្តចំនួន១៨ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងគម្រោងនេះផងដែរ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់