ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ផ្ទៃក្នុង​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ជួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យ​ភាព

ភ្នំពេញ ៤ ធ្នូ ២០១៥៖ ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជួយពង្រឹងប្រសិទ្ធភាពដឹកនាំ ការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។ នេះជាកាលើកឡើងរបស់លោក អ៊ូវ ឡៃយ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបបញ្ចេញរបាយការណ៍ពីក្នុងប្រព័ន្ធ ការបកស្រាយ និងវិធីសាស្ត្ររៀបចំរបាយការណ៍ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប នៅសាលាខណ្ឌសែនសុខ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥។

លោកប្រធានក្រុមប្រឹក្សាមានប្រសាសន៍បន្តថា ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងនេះជារបស់រដ្ឋបាលខណ្ឌផ្ទាល់ ដូច្នេះលោកស្នើឱ្យទាំងសមាជិកក្រុមប្រឹក្សា គណៈអភិបាល និងការិយាល័យជំនាញត្រូវយកចិត្តទុកដាក់ជំរុញឱ្យមានការបញ្ជូនទិន្នន័យបានគ្រប់ជ្រុងជ្រោយ និងប្រើប្រាស់ប្រព័ន្ធនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ខណ្ឌសែនសុខ គឺជាខណ្ឌដែលបានអនុវត្តល្អក្នុងចំណោមក្រុង ស្រុក ខណ្ឌ ទាំង១០ដែលបានដាក់ឱ្យដំណើរការប្រព័ន្ធសាកល្បង តែទោះបីជាយ៉ាងនេះក៏ដោយ លោកប្រធានក្រុមប្រឹក្សាបានជំរុញឱ្យមន្ត្រីទទួលបន្ទុកត្រូវបន្តស្វែងយល់ពីទំហំផែនការសកម្មភាពដែលត្រូវបំពេញប្រចាំឆ្នាំ លទ្ធផលដែលសម្រេចបាន និងបញ្ជូនទិន្នន័យជាប្រចាំ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ជាម ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍លើកឡើងពីការចាំបាច់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវមានប្រព័ន្ធកត់ត្រាទិន្នន័យមួយដែលអាចជាគំរូ និងទម្លាប់ ស្រប់ពេលដែលមុខងារ ធនធាន និងប្រព័ន្ធគ្រប់គ្រងកាន់តែច្រើននឹងត្រូវផ្ទេរពីថ្នាក់ជាតិដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅពេលខាងមុខ។

គួរបញ្ជាក់ថា ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធអ៊ីនធឺណិតត្រូវបានរៀបចំឡើងដោយក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប ស្របតាមផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិ។ ប្រព័ន្ធទិន្នន័យថ្មីនេះ នឹងពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ កាន់តែប្រសើរឡើង ដោយសមាជិកក្រុមប្រឹក្សា និងគណៈអភិបាល អាចធ្វើការតាមដាន និងវាយតម្លៃបានល្អប្រសើរចំពោះការអនុវត្តមុខងារ តួនាទីនានារបស់ខ្លួនតាមរយៈប្រព័ន្ធអ៊ីនធឺណិត ទូរស័ព្ទដៃ ហើយអាចធ្វើការសម្រេចចិត្តដោយបើកចំហដោយផ្អែកលើទិន្នន័យព័ត៌មានជាភស្តុតាងជាក់ស្ដែង ជាពិសេសនៅពេលប្រជុំក្រុមប្រឹក្សា ឬគណៈអភិបាល និងការប្រជុំផ្នែកជំនាញពាក់ព័ន្ធនានា៕

ចុចទីនេះដើម្បីចូលទៅកាន់ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់