ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ផ្ទៃក្នុង​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ អាច​មើល​ពី​របាយការណ៍​តាម​រយៈ​ទូរស័ព្ទ​ដៃ

កណ្ដាល ១០ វិច្ឆិកា ២០១៥៖ លោកនាយករដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់ថាប្រសិនបើប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានដំណើរការបានល្អ រាល់របាយការណ៍ និងទិន្នន័យព័ត៌មានផ្សេងៗរបស់ស្រុក គឺអាចពិនិត្យមើលបានតាមរយៈទូរស័ព្ទដោយភ្ជាប់អ៊ីនធឺណិត។

កណ្ដាល ១០ វិច្ឆិកា ២០១៥៖ លោកនាយករដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់ថាប្រសិនបើប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានដំណើរការបានល្អ រាល់របាយការណ៍ និងទិន្នន័យព័ត៌មានផ្សេងៗរបស់ស្រុក គឺអាចពិនិត្យមើលបានតាមរយៈទូរស័ព្ទដោយភ្ជាប់អ៊ីនធឺណិត។ លោកបានប្រាប់យ៉ាងដូចនេះ ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបបញ្ចេញរបាយការណ៍ពីក្នុងប្រព័ន្ធ ការបកស្រាយ និងវិធីសាស្ត្ររៀបចំរបាយការណ៍ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

 

ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោកចាន់ តារា នាយករដ្ឋបាលស្រុកខ្សាច់កណ្ដាលជាមួយក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ពីចំណាប់អារម្មណ៍ និងការយល់ឃើញរបស់លោក ចំពោះប្រព័ន្ធថ្មីដែលអាចជួយសម្រួលការងារដល់រដ្ឋបាលស្រុកក្នុងការធ្វើរបាយការណ៍ជូនក្រុមប្រឹក្សា គណៈអភិបាលធ្វើសេចក្ដីសម្រេចចិត្ត។

 

សំណួរទី១៖ តើលោកយល់ឃើញយ៉ាងដូចម្ដេចលើប្រព័ន្ធដែលលេខាធិការដ្ឋាន បានដាក់ឲ្យអនុវត្តនាពេលនេះ?

ចម្លើយទី១៖ ដោយសារនាពេលបច្ចុប្បន្ននេះជាសម័យដែលគេប្រើប្រព័ន្ធអ៊ីនធឺណិត ខ្ញុំយល់ឃើញថាប្រព័ន្ធនេះជួយសម្រួលការងារបានច្រើន ហើយចំណេញពេលវេលា ងាយស្រួលប្រើប្រាស់ ដែលយើងអាចពិនិត្យមើលរបាយការណ៍ ឬព័ត៌មានផ្សេងៗតាមរយៈទូរស័ព្ទដៃក៏បានឲ្យតែមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត។ ម្យ៉ាងយើងមិនចាំបាច់ត្រូវរក្សាឯកសារនៅកន្លែងណាមួយ ហើយមិនចាំបាច់ត្រូវយកឯកសារច្រើនតាមខ្លួនឡើយ។

 

សំណួរទី២៖ តើប្រព័ន្ធថ្មីនេះនឹងជួយសម្រួលការងារដល់រដ្ឋបាលយ៉ាងម៉េចខ្លះ?
ចម្លើយទី២៖ ប្រព័ន្ធនេះ អាចឲ្យរដ្ឋបាលងាយស្រួលក្នុងការបញ្ចូលព័ត៌មានជាច្រើន ហើយជាបន្តបន្ទាប់តាមលំដាប់បាន ដោយមិនចាំបាច់ត្រូវការមនុស្សច្រើន ឬពេលវេលាច្រើន។ ឧទាហរណ៍៖ ប្រសិនបើជាមន្ត្រីចូលប្រជុំជាមួយថ្នាក់ដឹកនាំ ហើយថ្នាក់ដឹកនាំត្រូវការពិនិត្យមើលព័ត៌មាន ឬរបាយការណ៍ដែលទាក់ទងនឹងរដ្ឋបាលស្រុករបស់ខ្លួន គឺមិនចាំបាច់ទូរស័ព្ទសួរគ្នា ហើយផ្ញើតាមគ្នាឡើយ គឺយើងអាចពិនិត្យបានតាមរយៈអ៊ីនធឺណិត ហើយទិន្នន័យគឺមានបច្ចុប្បន្នភាពផងដែរ។

 

សំណួរទី៣៖ តើរដ្ឋបាលស្រុកជួបប្រទះផលលំបាកអ្វីខ្លះក្នុងការធ្វើរបាយការណ៍ប្រមូលព័ត៌មានរាល់ថ្ងៃ?

ចម្លើយទី៣៖ ដោយសាររចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកមានការផ្លាស់ប្ដូរ ការធ្វើរបាយការណ៍ និងការប្រមូលព័ត៌មានទិន្នន័យផ្សេងៗគឺមានភាពស្មុគស្មាញ ទម្រង់របាយការណ៍មានការផ្លាស់ប្ដូរញឹកញាប់ខុសគ្នាច្រើន។ ប៉ុន្តែបើពេលមានប្រព័ន្ធមួយជាក់លាក់បែបនេះ[ប្រព័ន្ធត្រួតពិនិត្យ វាយតម្លៃក្រុង ស្រុក] គឺមានទម្រង់របាយការណ៍មួយជាក់លាក់ ច្បាស់លាស់ហើយត្រឹមត្រូវ។ ពីមុនត្រូវប្រមូលទិន្នន័យ បន្ទាប់មកត្រូវបញ្ចូលក្នុងកុំព្យូទ័រ និងត្រូវពិនិត្យមើលច្រើនគ្នាដែលបង្កភាពស្មុគស្មាញ តែពេលនេះគឺចាំបាច់ត្រូវមានតែមន្ត្រីជំនាញប្រព័ន្ធនេះក្នុងចំនួនជាក់លាក់ជាអ្នកទទួលខុសត្រូវក្នុងការបញ្ចូល និងបញ្ចេញព័ត៌មានគឺជាការស្រេច។

 

សំណួរទី៤៖ តើរដ្ឋបាលស្រុកមានការគាំទ្រ យ៉ាងណាក្នុងអនុវត្តប្រព័ន្ធនេះឲ្យជោគជ័យ?
ចម្លើយទី៤៖ ក្នុងនាមថ្នាក់ដឹកនាំស្រុក ក៍ដូចជាខ្ញុំផ្ទាល់ បានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតថ្មីសម្រាប់បង្កលក្ខណៈងាយស្រួលដល់មន្ត្រីក្នុងការបញ្ចូលព័ត៌មាន ទិន្នន័យ និងបញ្ចេញរបាយការណ៍ឲ្យទាន់ពេលវេលា ហើយបានលើកទឹកចិត្តដល់មន្ត្រីដែលទទួលបន្ទុកត្រូវខិតខំរៀនសូត្រពីប្រព័ន្ធនេះឲ្យបានច្បាស់។ ទន្ទឹមនឹងការលើកទឹកចិត្តនោះ ខ្ញុំសូមឲ្យមន្ត្រីខ្លួនឯងត្រូវខិតខំរៀនសូត្របន្ថែមដោយខ្លួនឯងដើម្បីបានយល់ដឹងព័ត៌មានឲ្យបានទូលំទូលាយទាំងចាស់ទាំងថ្មី។

 

សំណួរទី៥៖ ជាចុងក្រោយតើលោកមានសំណូមពរយ៉ាងណាដែរ?
ចម្លើយទី៥៖ ខ្ញុំសូមសំណូមពរដល់ថ្នាក់ជាតិ ធ្វើយ៉ាងណាឲ្យប្រព័ន្ធថ្មីនេះដំណើរការបានស្រួលរលូន ហើយសូមឲ្យមន្ត្រីរដ្ឋបាលទាំងចាស់ ទាំងថ្មី ខិតខំប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធនេះទាំងអស់គ្នាឲ្យបានដូចការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម [Facebook]ផ្សេងៗជាដើម។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់