រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នឹង​ងាយស្រួល​តាមដាន​ការ​បំពេញ​ការងារ​តាម​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​តាម​អ៊ីនធឺណិត

ស្រុកជើងព្រៃ-កំពង់ចាម ១៦ កញ្ញា ២០១៥៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌ នឹងមានភាពងាយស្រួលក្នុងការតាមដានការអនុវត្តការងាររបស់ខ្លួនតាមរយៈប្រព័ន្ធតាមដាន និងវាយតម្លៃក្រុង ស្រុក ខណ្ឌ ដោយប្រើប្រាស់តាមបណ្ដាញអ៊ីនធឺណិត នៅពេលខាងមុខ។

 

ស្រុកជើងព្រៃ-កំពង់ចាម ១៦ កញ្ញា ២០១៥៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌ នឹងមានភាពងាយស្រួលក្នុងការតាមដានការអនុវត្តការងាររបស់ខ្លួន តាមរយៈប្រព័ន្ធតាមដាន និងវាយតម្លៃក្រុង ស្រុក ខណ្ឌ ដោយប្រើប្រាស់តាមបណ្ដាញអ៊ីនធឺណិត នៅពេលខាងមុខ។

 

លោកស្រី ហេង សិទ្ធា អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថាប្រព័ន្ធថ្មីដែលដាក់ឱ្យអនុវត្តសាកល្បងនៅពេលនេះនឹងរក្សាទុកព័ត៌មាន ឫសូចនាករមួយចំនួន ដូចជាដីកា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា បញ្ជីនិងព័ត៌មានរបស់បុគ្គលិក បញ្ជីទ្រព្យសម្បត្តិ សារពើភណ្ឌ បញ្ជីហិរញ្ញវត្ថុ (ចំណូល ចំណាយ) បញ្ជីលិខិតចេញចូល និងព័ត៌មានអំពីវឌ្ឍនភាពនៃការអនុវត្តដីកា សេចក្ដីសម្រេចចិត្ត ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តផែនការរបស់ក្រុង ស្រុក ខណ្ឌជាដើម។

 

លោកស្រីបានថ្លែងបែបនេះនៅក្នុងវគ្គបណ្ដុះបណ្ដាលការអនុវត្តសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

 

លោកស្រីមានប្រសាសន៍ថា ប្រព័ន្ធនេះនឹងបង្កភាពងាយស្រួលដល់ក្រុមប្រឹក្សា គណៈអភិបាលអាចមានលទ្ធភាពតាមដាននិងពិនិត្យមើលនូវកិច្ចការឬសកម្មភាពដែលបានអនុវត្ត ឬមិនបានអនុវត្ត និងបញ្ហាប្រឈមនានាដែលត្រូវអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលា។

 

ប្រព័ន្ធតាមដាន និងវាយតម្លៃរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺត្រូវបានរៀបចំឡើងស្របតាមផែនការអនុវត្តបីឆ្នាំដំណាក់កាលទីពីរ (ផអ៣ទី២) ២០១៥-២០១៧ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ  និងយោងតាមមាត្រានានានៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត។

 

ក្នុងវគ្គបណ្ដុះបណ្ដាលនោះដែរ លោក ស៊ូ ម៉ៃ ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ បានបង្ហាញការគាំទ្រដល់ការដាក់ឲ្យអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃនេះ។ លោកក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់មន្ត្រីទទួលបន្ទុកប្រមូល និងបញ្ចូលទិន្នន័យត្រូវខិតខំបំពេញភារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់។

 

ប្រព័ន្ធតាមដាន និងវាយតម្លៃនេះរៀបចំឡើងក្នុងគោលបំណងដើម្បី ជួយសមាជិកក្រុមប្រឹក្សា និងគណៈអភិបាល ធ្វើការតាមដាន និងវាយតម្លៃឱ្យបានល្អប្រសើរ ចំពោះការអនុវត្តមុខងារតួនាទីនានារបស់ក្រុង ស្រុក ខណ្ឌ។ ក្រុង ស្រុក ខណ្ឌ នឹងអាចធ្វើការសម្រេចចិត្តដោយបើកចំហ ដោយផ្អែកលើទិន្នន័យព័ត៌មានជាភស្តុតាងជាក់ស្ដែង ជាពិសេសនៅពេលប្រជុំក្រុមប្រឹក្សា ឬគណៈអភិបាល និងការប្រជុំផ្នែកជំនាញពាក់ព័ន្ធនានា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់