អភិបាលខណ្ឌ​ទួលគោក​ដឹកនាំ​មន្ត្រី​​ចុះ​ប្រមូល​សំរាម​ នៅ​មាត់​ប្រឡាយ​ នៅ​តំបន់​បឹង​សាឡាង​

ភ្នំពេញ ៧ កក្កដា ២០១៤៖ អភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា បានដឹកនាំមន្ត្រីក្រោមឱវាទ របស់ខ្លួនរាប់សិបនាក់ចុះប្រមូលសំរាម នៅក្នុង និងមាត់ប្រឡាយបឹងសាឡាង ដើម្បីអោយចរន្តទឹកហូរបានស្រួលក្រោយពីមេឃ បានបង្អួលភ្លៀងមួយមេដ៏ធំ…

ដោយ៖ ស្រីរ័ត្ន កម្ពុជាថ្មី ថ្ងៃច័ន្ទ ទី07 កក្កដា ឆ្នាំ2014 ម៉ោង11:22  

http://www.kampucheathmey.com/local-news/security-social/11350-2014-07-07-04-22-15.html

ភ្នំពេញ ៧ កក្កដា ២០១៤៖ អភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា បានដឹកនាំមន្ត្រីក្រោមឱវាទ របស់ខ្លួនរាប់សិបនាក់ចុះប្រមូលសំរាមនៅក្នុង និងមាត់ប្រឡាយបឹងសាឡាង ដើម្បីអោយចរន្តទឹកហូរបានស្រួលក្រោយពីមេឃ បានបង្អួលភ្លៀងមួយមេដ៏ធំនៅរាជធានីភ្នំពេញ ធ្វើអោយមានការលិចលង់តំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ។

ស្របពេលជាមួយគ្នានោះលោកឯក ឃុនដឿន ក៏បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងមាត់ប្រឡាយនេះ អោយចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ពោលគឺកុំបោះសំរាមចោលក្នុងប្រឡាយ ដោយត្រូវវេចខ្ចប់អោយបានត្រឹមត្រូវ ជៀសវាងការ កកស្ទះចរន្តទឹកហូរនៅពេលមានភ្លៀងខ្លាំងម្តងៗ។

អ្វីដែលជាការកត់សំគាល់ក្នុងយុទ្ធនាការដើររើសសំរាមនេះ គឺនៅតាមមាត់ប្រឡាយបឹងសាឡាង និងក្នុងប្រឡាយមួយចំនួន ត្រូវបានប្រជាពលរដ្ឋដែលមានចំណេះដឹងនៅមានកម្រិតនៅឡើយ ដោយបានបោះចោលសំរាមពាសវាលពាសកាល ហាក់មិនបានចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានឡើយ។

ទន្ទឹមនឹងការមិនចូលរួមចំណែកនេះផងដែរ លោកឯក ឃុនដឿន ក៏បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋអោយចូលរួមថែរក្សា បរិស្ថានទាំងអស់គ្នា។ បើប្រជាពលរដ្ឋមិនមានការចូលរួមទេ តំបន់នេះនឹងតំបន់ផ្សេងៗទៀតដែលត្រូវទឹកហូរមកចាក់ អាចប្រឈមនឹងការលិចលង់មិនខាន។

គួរកត់សំគាល់ថា កាលពីប៉ុន្មានថ្ងៃមុននេះភ្លៀងដ៏ធំមួយមេបានបង្អួលឡើងយ៉ាងយូរ ក្នុងនោះបានធ្វើអោយមានការលិចលង់តំបន់ខ្លះ នៅក្នុងរាជធានីភ្នំពេញ ។ ដោយមើលឃើញពីការលិចលង់នេះ ទោះបីនៅក្នុងអាណាចក្រខណ្ឌទួលគោកមិនមានការលិចលង់ធ្ងន់ធ្ងរ ក៏ដោយក៏ត្រូវតែធ្វើកិច្ចការងារនេះជាបន្ទាន់ សំដៅធ្វើយ៉ាងណាកុំអោយមានការលិចលង់នៅពេលមានភ្លៀងធ្លាក់លើកក្រោយៗទៀត ហើយនេះក៏បានចំណុចមួយក្នុងផែនការអតិភាពរបស់សាលារាជធានីភ្នំពេញ ក្រោមរូបមន្តផ្តុំ៣ ផ្តាច់២ ផ្តើម១។

ផ្គុំ៣មានន័យថា កាត់បន្ថយអោយបាននៅការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដោយបានចាត់ជា វិធានការណ៍ទប់ស្កាត់រថយន្តដឹកទំនិញធំៗមិនអោយមានចូលរាជធានីភ្នំពេញ ការរុញរោងចក្រសហគ្រាស អោយទៅនៅក្រៅក្រុង ការកែសម្រួលប្រព័ន្ធដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ដើម្បីធ្វើកិច្ចការងារនេះអោយមានប្រសិទ្ធភាពខ្ពស់កាត់បន្ថយអោយបាន នូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ការស្ថាបនាប្រឡាយ លូនិងផ្លូវនៅក្នុងក្រុងបញ្ចៀសអោយបាននៅការលិចលង់ដោយជំនន់ទឹកភ្លៀង ដែលធ្លាប់តែមានកន្លងមក។

ផ្គុំ២មានន័យថា ការជម្រុញការអភិវឌ្ឍន៍សហគមន៍ក្រីក្រនៅក្នុងក្រុង ពិសេសជំរុញការដោះស្រាយ សហគមន៍បូរីកីឡា និងសហគមន៍ បឹងកក់អោយលឿនជៀសវាង អោយបាននូវបញ្ហាប្រឈមនានា។ចំណែកផ្តើម១ គឺសាលារាជធានីចង់ជំរុញអោយមានការកែទម្រង់ អោយបានស៊ីជម្រៅធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈ អោយនៅកៀកគិតជាមួយប្រជាពលរដ្ឋ រួមនឹងការកែទម្រង់មន្ត្រីមិនល្អ និងមិនមានសមត្ថភាពផងដែរ ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់