មូលនិធិក្រុង ស្រុកនឹងកើនឡើងពី ១៩,២លានដុល្លារនៅឆ្នាំ២០១៥ ដល់ ២៤,៥លានដុល្លារ នៅឆ្នាំ២០១៦

ព្រះសីហនុ ១៥ ធ្នូ ២០១៥៖ នៅចុងឆ្នាំ២០១៤ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យ ស្តីពីការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិក្រុង ស្រុក ដោយបង្កើនកម្រិតសមាមាត្រនៃមូលនិធិនេះ ធៀបទៅនឹងចំណូលចរន្តថវិកាជាតិសរុប ពី០,៨០% សម្រាប់ឆ្នាំ២០១៥ ទៅ០,៩០% សម្រាប់ឆ្នាំ២០១៦ និងទៅដល់១% ចាប់ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩

ព្រះសីហនុ ១៥ ធ្នូ ២០១៥៖ នៅចុងឆ្នាំ២០១៤ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យ ស្តីពីការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិក្រុង ស្រុក ដោយបង្កើនកម្រិតសមាមាត្រនៃមូលនិធិនេះ ធៀបទៅនឹងចំណូលចរន្តថវិកាជាតិសរុប ពី០,៨០% សម្រាប់ឆ្នាំ២០១៥ ទៅ០,៩០% សម្រាប់ឆ្នាំ២០១៦ និងទៅដល់១% ចាប់ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩។
 
ផ្អែកតាមស្មារតីនៃអនុក្រឹត្យនេះ មូលនិធិក្រុង ស្រុកនឹងមានចំនួនកើនឡើងពីចំនួន១៩,២លានដុល្លារនៅក្នុងឆ្នាំ២០១៥ ដល់ចំនួន២៤,៥លានដុល្លារ នៅឆ្នាំ២០១៦ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់យ៉ាងជាក់លាក់នូវចំនួនមូលនិធិសម្រាប់សមាសភាគរដ្ឋបាល និងសមាសភាគសម្រាប់គាំទ្រដល់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានថ្លែងក្នុងពិធីបើកសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ របស់ គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០១៥ នៅឯខេត្តព្រះសីហនុ។
 
ទោះជាយ៉ាងនេះក្តី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ទទួលស្គាល់ថា មូលនិធិក្រុង ស្រុកនេះនៅមានចំនួនតិចតួចនៅឡើយ ហើយរដ្ឋបាលក្រុង ស្រុកក៏កំពុងប្រើប្រាស់មូលនិធិទាំងនេះភាគច្រើនសម្រាប់រ៉ាប់រងទៅលើប្រាក់ឧបត្ថម្ភក្រុមប្រឹក្សា ប្រាក់បៀវត្សមន្ត្រី និងកិច្ចការរដ្ឋបាល ដោយមានថវិកាសេសសល់តិចតួចប៉ុណ្ណោះសម្រាប់គាំទ្រដល់ការរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន។
 
ពាក់ព័ន្ធនឹងកិច្ចការនេះ ក្នុងនាម គ.ជ.អ.ប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ស្នើឱ្យក្រុមប្រឹក្សាក្រុង ស្រុកនីមួយៗផ្តោតការយកចិត្តទុកដាក់ក្នុងការធានាថា មូលនិធិក្រុង ស្រុករបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានយ៉ាងមានប្រសិទ្ធភាព និងយ៉ាងត្រឹមត្រូវតាមនីតិវិធីដែលបានកំណត់។ «ខ្ញុំក៏សូមស្នើមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានី ខេត្ត រួមគ្នាបន្តគាំទ្រ និងផ្តល់អន្តរាគមន៍ក្នុងករណីចាំបាច់ដល់រដ្ឋបាលក្រុង ស្រុកលើការអនុវត្តមូលនិធិក្រុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាព»។
 
ការរៀបចំបង្កើត និងការដាក់ឱ្យអនុវត្តនូវមូលនិធិក្រុង ស្រុក និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក គឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនផ្សេងទៀតដែលសម្រេចបាននៅ ក្នុងអំឡុងពេលផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី១ (ផអ៣ទី១ ២០១០-២០១៤) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
 
ការអនុវត្ត ផអ៣ទី១ បានបញ្ចប់នៅចុងឆ្នាំ២០១៤ ដោយបានបង្កើតនូវមូលដ្ឋានគ្រឹះ សំខាន់ៗនៃកំណែទម្រង់ដែលធានាដល់ការលើកកម្ពស់ស្វ័យភាព ការទទួលខុសត្រូវ និរន្តរភាព និងការបង្កើនប្រសិទ្ធភាពការងារជាបណ្តើរៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងដោយមានការចូលរួមកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។ នេះគឺជាសមិទ្ធផលដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាល នៅក្នុងដំណើរការនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២ ២០១៥-២០១៧) នៃកម្មវិធីជាតិនេះ គឺជាដំណាក់កាលដែលត្រូវផ្តោតជាសំខាន់ទៅលើការផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ និងការផ្ទេរធនធានបុគ្គលិកទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ  ជាពិសេសទៅឱ្យរដ្ឋបាលក្រុង ស្រុក ក្នុងគោលបំណងបន្តការអភិវឌ្ឍរដ្ឋបាលទាំងនេះឱ្យក្លាយទៅជារដ្ឋបាលថ្នាក់មូលដ្ឋានដ៏មានសក្ដានុពលយ៉ាងពិតប្រាកដ ពោលគឺជារដ្ឋបាលដែលមានស្វ័យភាពក្នុងការធ្វើសេចក្តីសម្រេចចិត្ត មានលទ្ធភាពទាំងផ្នែកធនធានហិរញ្ញវត្ថុ និងធនធានមនុស្សដែលមានសមត្ថភាពសមស្របក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងនិរន្តរភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់