ប្រទេសកម្ពុជាផ្សព្វផ្សាយច្បាប់មូលដ្ឋានទាំងបី ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌

ភ្នំពេញ ១៦ ធ្នូ ២០១៤៖ ច្បាប់ចំនួន៣ គឺមានច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។

ភ្នំពេញ ១៦ ធ្នូ ២០១៤៖ ច្បាប់ចំនួន៣ គឺមានច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។

 

ការផ្សព្វផ្សាយច្បាប់មូលដ្ឋានទាំងបីពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ជាការបង្ហាញ ឱ្យឃើញអំពីសមិទ្ធផលគតិយុត្តិថ្មីៗរបស់រាជរដ្ឋាភិបាល ក្នុងវិស័យច្បាប់ និងយុត្តិធម៌បន្ថែមទៅលើសមិទ្ធផលគតិយុត្តិជាច្រើនទៀត ដែលសម្រេចបានក្នុងនីតិកាលកន្លងមក។

 

នៅក្នុងសន្និសីទជាតិ ដើម្បីផ្សព្វផ្សាយច្បាប់មូលដ្ឋានទាំងបីពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ នៅរាជធានីភ្នំពេញ កាលពីព្រឹកមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ច្បាប់ទាំងបីនេះជាប្រភេទ ច្បាប់រៀបចំអង្គការ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចាត់ទុកជាច្បាប់មូលដ្ឋានដ៏មានសារៈសំខាន់សំដៅ ធានាពង្រឹងឯករាជ្យនៃអំណាចតុលាការ និងធានាឱ្យអំណាចតុលាការ នេះមានដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ សំដៅលើកកម្ពស់ការ ផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍នៃនីតិរដ្ឋ ឆ្លើយតបទៅនឹងបញ្ហាកង្វះខាតនៃការផ្តល់សេវាសាធារណៈ និងសេវាយុត្តិធម៌ដែលនៅក្នុងរយៈពេលកន្លងមកនេះ ដោយសេវានេះនៅមិន ទាន់ទទួលបានជំនឿទុកចិត្តពេញលេញពីសំណាក់មហាជននៅឡើយ ។

 

សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ខ្ញុំមានជំនឿយ៉ាងមុតមាំថា ច្បាប់ មូលដ្ឋានទាំងបីនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងវិស័យតុលាការ សំដៅធ្វើឱ្យការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាជនកាន់តែ មានភាពល្អប្រសើរឡើង និងកាន់តែមានការជឿទុកចិត្តខ្លាំងឡើង។ សម្តេចតេជោមានប្រសាសន៍ថា ជារួមការសម្រេចបាននូវច្បាប់មូលដ្ឋានទាំងបី នៅដើមនីតិកាលទី៥នៃរដ្ឋសភានេះគឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តន៍ការងារកំណែទម្រង់ស៊ីជម្រៅ របស់ខ្លួននៅក្នុងវិស័យយុត្តិធម៌ សំដៅពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ ។

 

សម្តេច ហ៊ុន សែន មានប្រសាសន៍បន្តថាច្បាប់មូលដ្ឋានទាំងបី នេះនឹងបង្កើតឱ្យមានអភិក្រមមួយច្បាស់លាស់ និងរឹងមាំបន្ថែមទៀតដើម្បីពង្រឹងឯករាជ្យភាពនៃអំណាចតុលាការ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអាចធ្វើឱ្យសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តី នៅគ្រប់ជាន់ថ្នាក់អាចមានដំណើរការ ប្រព្រឹត្តទៅបានល្អប្រសើរ ជាពិសេសការលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព និងការបង្កើនជំនឿទុកចិត្តរបស់សាធារ ណជនមកលើការផ្តល់សេវាសាធារណៈក្នុងវិស័យមួយនេះ។

 

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ ក្នុងសន្និសីទដែលរៀបចំដោយក្រសួងយុត្តិធម៌ និងសហការឧបត្ថម្ភដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ថា ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល សូមមេត្តាផ្តល់កិច្ចសហការ និងគាំទ្រដល់ក្រសួងយុត្តិធម៌ក្នុងដំណើរការងារ របស់ខ្លួនឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។ ខ្ញុំក៏សូមអំពាវនាវឱ្យដៃគូរបស់ យើងមេត្តាបន្តផ្តល់ការយកចិត្តទុកដាក់ថែមទៀត នូវការឧបត្ថម្ភគាំទ្រដល់ការងារលើកកម្ពស់សមត្ថភាពស្ថាប័ន និងមន្ត្រីអនុវត្តន៍ច្បាប់សម្រាប់ធានាសម្រេចបានការផ្តល់សេវាសាធារណៈ និងសេវាយុត្តិធម៌មួយពេញលេញ មានសមធម៌ និងជឿទុកចិត្ត បាន៕ ដោយ៖ ជ័យ ភូមិពល

ដកស្រង់ចេញពីគេហទំព័រ AKP

ច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ច្បាប់ស្តីពី ការរៀបចំអង្គការតុលាការ

ច្បាប់ស្តីពី លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់