ក្រសួង​មហាផ្ទៃ រៀបចំ​វេទិកា​គណនេយ្យ​ភាព​សង្គម ឆ្លុះ​បញ្ចាំង​លទ្ធផល​បញ្ចប់​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន (DFGG)

ភ្នំពេញ ៩ កញ្ញា ២០១៤៖ ក្រសួងមហាផ្ទៃ បានរៀបចំវេទិការយៈពេល២ថ្ងៃនៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីគណនេយ្យភាពសង្គម ដើម្បីឆ្លុះបញ្ចាំង លទ្ធផលបញ្ចប់គម្រោង អភិបាលកិច្ចល្អមូលដ្ឋាន (DFGG) ដែលបានអនុវត្ត រយៈពេល៥ឆ្នាំ (២០០៩-២០១៤) ដែលនឹងត្រូវបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ។

ភ្នំពេញ ៩ កញ្ញា ២០១៤៖ ក្រសួងមហាផ្ទៃ បានរៀបចំវេទិការយៈពេល២ថ្ងៃនៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីគណនេយ្យភាពសង្គម ដើម្បីឆ្លុះបញ្ចាំង លទ្ធផលបញ្ចប់គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន (DFGG) ដែលបានអនុវត្តរយៈពេល៥ឆ្នាំ (២០០៩-២០១៤) ដែលនឹងត្រូវបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ។ 

វេទិកានេះធ្វើឡើងនៅសណ្ឋាគារ Inter-continental រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន និងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល តំណាងថ្នាក់ខេត្ត ស្រុក និងឃុំ និងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ៤៣០នាក់។

ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍ក្នុងពិធីបើកវេទិកានេះថា គម្រោងអភិបាលកិច្ចល្អមូលដ្ឋានបានដំណើរការរយៈពេល៥ឆ្នាំ (២០០៩-២០១៤) និងមានគោលបំណងដើម្បីបង្កើនលទ្ធភាពរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវតម្រូវការអភិបាលកិច្ចល្អ លើវិស័យសាធារណៈលើវិស័យសាធារណៈមួយចំនួន តាមរយៈការពង្រឹងស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ ដើម្បីជំរុញឲ្យ ការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការឆ្លើយតប ទៅនឹងតម្រូវការប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែញឹកញាប់ជាងមុន ឲ្យកាន់តែប្រសើរឡើង និងធានាការកាត់បន្ថយអំពីពុករលួយ ឲ្យស្ថិតក្នុងកម្រិតអប្បបរមា ដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងការកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមបន្តថា អភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គមគឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ហើយគឺជាឧបករណ៍ដ៏មានសារសំខាន់ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដោយឈរលើគោលការណ៍មូលដ្ឋានតម្រូវឲ្យមានការចូលរួមយ៉ាងទូលំទូលាយ មានការលើកកម្ពស់ការចែករំលែកព័ត៌មាន មានគណនេយ្យភាព និងតម្លាភាព ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ មានលក្ខណៈស្មើភាព និងការមិនបោះបង់ចោលនូវបុគ្គលណាម្នាក់ ហើយនិងមានការប្រតិបត្តិតាមវិធានការនៃច្បាប់។ គណនេយ្យភាពសង្គមគឺជាមធ្យោបាយទាំងឡាយណាដែលអនុវត្តដោយប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីជួយដល់រដ្ឋាភិបាល ឬអ្នកផ្តល់សេវាសាធារណៈ មានគណនេយ្យភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការរបស់សហគមន៍ ដោយមានការសម្របសម្រួលពីអាជ្ញាធរ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធនានា។

តាមរយៈការអនុវត្តគម្រោងរយៈពេល៥ឆ្នាំកន្លងមក គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន បានសម្រេចនូវលទ្ធផល ដែលរួមមាន៖

  1. ការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ចំនួន៣៦ បានផ្តល់សេវារដ្ឋបាលចំនួន១៩៤ប្រភេទ ដែលសេវាចំនួន៤៣៥.៥៦២ បានទទួលមុខងារប្រតិភូកម្មពីក្រសួង ស្ថាប័នចំនួន១១ ដែលបានចូលរួមធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវផ្នត់គំនិត ឥរិយាបថ អាកប្បកិរិយា និងគុណតម្លៃរបស់មន្ត្រី បុគ្គលិក និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឲ្យក្លាយខ្លួនទៅជាអ្នកផ្ដល់សេវាដ៏មានប្រសិទ្ធភាព។
  2. ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានធ្វើការដោះស្រាយវិវាទការងាររួមដោយផ្នែកលើច្បាប់ និងបទដ្ឋានអន្តរជាតិជាមូលដ្ឋាន។ សំណុំរឿងដែលបានបើកសវនាការក្រោមគម្រោងអភិបាលកិច្ចល្អមូលដ្ឋានមាន១.២៣០។ ក្នុងនោះ ក្រុមប្រឹក្សាបានដោះស្រាយបានជោគជ័យ៧៦% កើនឡើងពី៦៨% នៃពេលចាប់ផ្ដើមគម្រោង។ សំណុំរឿងទាំងអស់នេះមានការពាក់ព័ន្ធនឹងកម្មករនិយោជិតចំនួន៤៧០.០២៧នាក់។
  3. សមាសភាគស្ថាប័នមិនមែនរដ្ឋ មានគោលដៅជំរុញការចូលរួមរបស់ពលរដ្ឋនៅក្នុងវិស័យសាធារណៈ បង្កើនបានការទទួលបាននូវសេវាសាធារណៈ និងពង្រឹងសមត្ថភាពសង្គមស៊ីវិល និងស្ថាប័នមិនមែនរដ្ឋដ៏ទៃទៀត ដើម្បីឲ្យរដ្ឋមានគណនេយ្យភាព។
  4. ការិយាល័យសម្របសម្រួលគម្រោង ដែលមានតួនាទីសម្របសម្រួលគម្រោង និងកសាងសមត្ថភាពស្ថាប័ន (ទាំងមន្ត្រីអនុវត្តគម្រោង និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ) តាមរយៈការអនុវត្តកម្មវិធីសិក្សា និងរៀនសូត្រដោះដូរបទពិសោធន៍ដែលមានលក្ខណៈ និងគ្រប់ជ្រុងជ្រោយ និងតាមបែបផែន។

វេទិកាក៏មានការពិភាក្សាអំពីការអនុវត្តគម្រោងរយៈពេល៥ឆ្នាំកន្លងមក រួមមាន៖ សមិទ្ធផល សកម្មភាពអនុវត្តគម្រោង បញ្ហាប្រឈម ដំណោះស្រាយ និងមេរៀនពិសោធន៍។ វេទិកាក៏បានដាក់តាំងពិព័រណ៍អំពីឯកសារពាក់ព័ន្ធនឹងអភិបាលកិច្ចល្អមូលដ្ឋាន ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វិមជ្ឈការ និងវិសហមជ្ឈការ ពីអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ ដល់អ្នកចូលរួមផងដែរ៕

 

ទាញយកសុន្ទរកថា ឯកឧត្តម ងី ច័ន្ទ្រផល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់